អ៊ីរ៉ង់​និយាយថា ខ្លួន​ត្រូវ​តែ​ស្ថាបនា​កាំជ្រួច​សំរាប់​ការពារ​ខ្លួន​និង​ចោទប្រកាន់​អាម៉រិក​ថា​ធ្វើ​«​ភេរវកម្ម​សេដ្ឋកិច្ច​»

495
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា បាន​និយាយថា​ប្រទេស​របស់​លោក​មិន​មាន​ជំរើស​ណា​ក្រៅតែពី​ផលិត​កាំជ្រួច​សំរាប់​គោលបំណង​ការពារ​ខ្លួន ។​

​លោក​ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​NBC News​ថា បើ​សហរដ្ឋ​អាម៉េរិក​ចង់​ធ្វើ​ការពិភាក្សា​អំពី​កាំជ្រួច​របស់​អ៊ីរ៉ង់ «​គេ​ត្រូវតែ​​បញ្ឈប់​លក់​សព្វាវុធ​ទាំងនេះ​ជាមុន​» រួម​ទាំង​កាំជ្រួច​មកកាន់​តំបន់​របស់​យើង​។​

​សូមបញ្ជាក់​ថា អ៊ីរ៉ង់​តែងតែបាន​ច្រាន​ចោល​ការចរចា​អំពី​កម្មវិធី​កាំជ្រួច​ផ្លោង​របស់ខ្លួន ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដែល​ស្តាប់​តែ​បញ្ជា​របស់​​ប្រមុខ​ជាន់ខ្ពស់ អាយ៉ា​តុឡា អា​លី ខា​មេ​នី​។​

​នៅ​ក្រុងតេអេ​រ៉ង់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​សរសេរ​បង្ហោះ​ថា សម្តី​របស់​លោក​ហ្សារី​ហ្វ​មានន័យប​បួលរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អោយ​ធ្វើ​តាម​ការទាមទារ​របស់​អ៊ីរ៉ង់​បើ​​ខ្លួន​ចង់​ចរចា និង​«​បាល់​ត្រូវបាន​បោះ​ចូល​ទី​អាម៉េរិក​»​ហើយ​ឥឡូវ​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក​ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ​ឡើងថ្លែង​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​១៧​កក្កដា​ពេល​លោក​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍​ដោយ​​ចីរភាព​

​ក្នុងអំឡុងពេល​ឡើង​ថ្លែង​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ លោក​ហ្សារី​ហ្វ ក៏​បាន​ធ្វើ​ការចោទប្រកាន់​អាម៉រិក​ជា​ថ្មី​ថា បង្ក​«​ភេរវកម្ម​សេដ្ឋកិច្ច​» ។​លោក​ថា ប្រជា​​ជន​អ៊ីរ៉ង់​រងគ្រោះ​ពី​«​ភេរវកម្ម​សេដ្ឋកិច្ច​ដ៏​ព្រៃផ្សៃ​បំផុត ដែល​ផ្តោត​លើ​ជន​ស៊ីវិល​ស្លូតត្រង់​ដើម្បី​តែ​សំរេច​កម្មវត្ថុ​នយោបាយ​ខុស​ច្បាប់​។​ទណ្ឌកម្ម​ខុស​ច្បាប់​មក​ពី​ក្រៅប្រទេស តំណាង​​ការ​គំរាម​ខ្លាំង​បំផុត​ចំពោះ​សមិទ្ធផល​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អ៊ីរ៉ង់​និង​ប្រទេសជិតខាង​ជាច្រើន​របស់​យើង​»​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​វ៉ាស៊ីតោន​បានកើនឡើង​ខ្លាំងចាប់​តាំងពី ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ឆ្នាំមុន​បាន​ដក​អាម៉េរិក​ជា​ឯ​តោ​ភាគី​​ចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​និង​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​។​

​អាម៉េរិក​ក៏​បាន​បញ្ជូន​ទាហាន​បន្ថែ​ម​រាប់ពាន់នាក់ នាវា​ផ្ទុក​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់​B-52 និង​យន្តហោះ​ទំនើប​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ចំ​ពេល​មាន​ការ​គំរាម​ពី​អ៊ីរ៉ង់​៕​ដោយ​៖​វាសនា​