អ៊ីរ៉ង់​និយាយថា គ្មាន​ផែនការ​សម្រាប់​ជំនួប​រវាង​ប្រធានាធិបតី​អ៊ីរ៉ង់​និង​អាម៉េរិក​នៅក្រៅ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​ទេ​

203
ចែករម្លែក

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែកញ្ញា​នេះ ថា​អ៊ីរ៉ង់​មិនមាន​ផែនការ​ណា​មួយ​សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រ៉ូ​ហានី (Hassan Rouhani )​ជួប​សម​ភាគី​អាម៉េរិក​របស់លោក គឺ លោក ដូ​ណា​ល់ ត្រាំ​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាពេល​ខាងមុខ​នេះ​ទេ​។​

​លោក អាប់​បាស់ ម៉ូ​សា​វី អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា “​យើង​មិន​មាន​ផែនការ​សម្រាប់​ជំនួប​នេះ​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​គិតថា​រឿង​បែប​នេះ​នឹង​កើត​ឡើង​ផងដែរ​នៅ​ទីក្រុង​ញូវយ៉ក​ដែរ​” ។​

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក ដូ​ណា​ល់ ត្រាំ នៅតែ​អាច​ជួប លោក ហាសាន់ រ៉ូ​ហានី នៅ​ឯ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក នៅ​សប្តាហ៍​ក្រោយ​​ទោះបីជា​មាន​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​យន្ត​ហោះ​ឌ្រូ​ន​ទៅលើ​រោងចក្រ​ផលិត​ប្រេង​អា​រ៉ាប៊ី​សាអូ​​ឌី​ត ក៏ដោយ​។​

​លោក អាប់​បាស់ ម៉ូ​សា​វី បាន​បន្ថែមថា​”​ដូចដែល​យើង​បានបញ្ជាក់​រួចមកហើយ​ថា ប្រសិនបើ​អាម៉េរិក​ត្រឡប់​ទៅ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​(JCPOA)​ហើយ​បញ្ឈប់​អំពើ​ភេរវកម្ម​​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​នោះ អាម៉េរិក​អាច​វិលត្រឡប់​ទៅរក​គណៈកម្មការ​នុយក្លេអ៊ែ​រួម​នេះ និង​ធ្វើ​ជំនួប​ចរចា​វិញ​”​។​

​លោក​បាន​និយាយ​ដូចនេះ​ដោយ​សំដៅ​ទៅលើ​គណៈកម្មការ​មួយ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​(JCPOA)​ឆ្នាំ ២០១៥​ដែល​សន្យា​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​ថ្នូរ​​នឹង​ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ​បាន​ដក​សហរដ្ឋ​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ជា​ឯកតោ​ភាគី​ កាលពី​ខែ​ឧសភា​ឆ្នាំមុន ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើង​វិញ​ទៅ​លើ​អ៊ីរ៉ង់​៕​ប្រែ​សម្រួល​៖​សុខា​

លោក ដូ​ណា​ល់ ត្រាំ ថា​អាច​មាន​ជំនួប​ជាមួយ លោក ហាសាន់ រ៉ូ​ហានី នៅ​ឯ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក