អ៊ីរ៉ង់​និយាយថា វត្តមាន​កង​នាវា​អឺរ៉ុប​នៅ​ឈូង​សមុទ្រ​ពែ​ក្ស នឹង​ក្លាយជា “​ការបង្ក​រឿង​”

392
ចែករម្លែក

​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា​បាន​រិះគន់​សំណើ “​ដ៏​បង្ករឿង​” របស់​អង់គ្លេស​សម្រាប់​បេសកកម្ម​កងទ័ពជើងទឹក​ដឹកនាំ​ដោយ​អឺរ៉ុប​ដើម្បី​អមដំណើរ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ចំពេល​ភាព​តានតឹង​កើនឡើង​ជុំវិញ​ការចាប់​នាវា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​លី រ៉ា​ប៊ី បាន​និយាយថា “​យើង​បាន​ឮថា ពួកគេ​មានបំណង​បញ្ជូន​កង​នាវា​អឺរ៉ុប​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស ដែល​ធម្មតា​ជាការ​នាំសារ​អរិភាព​នោះ គឺជា​ការ​បង្ករឿង ហើយនឹង​បង្កើន​ភាព​តានតឹង​”​។​

​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា​ខ្លួន​មាន​ផែនការ​បង្កើត​កងកម្លាំង​មួយ​ដឹកនាំ​ដោយ​អឺរ៉ុប​ដើម្បី​អមដំណើរ​នាវា​ដឹក​ប្រេង​ឆ្លងកាត់​ផ្លូវទឹក​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​នៅលើ​ពិភពលោក​គឺ​ច្រក​សមុទ្រ​ហ័​រ​មូស ដើម្បី​ឆ្លើយតប​នឹង​ការ​រឹបអូស​យក​នាវា​ដោត​ទង់ជាតិ​អង់គ្លេស​ពី​សំណាក់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី ១៩ កក្កដា​។​

​ការចាប់​នាវា Stena Impero បានកើត​ឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​អាជ្ញាធរ​អង់គ្លេស​បាន​ចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​ឈ្មោះ Grace I នៅក្នុង​ដែនដី​ក្រៅប្រទេស​របស់ខ្លួន គឺ ជី​ល​ប្រា​ល់តា (Gibraltar) ជុំវិញ​ការចោទប្រកាន់ថា វា​បាន​រំលោភ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​ប្រទេស​ស៊ី​រី​។​

​នៅក្នុង​ការអធិប្បាយរ​ប​ស់លោក​កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បាន​និយាយថា​អ៊ីរ៉ង់​ជឿថា​សន្តិសុខ​នៃ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​សម្បូរ​ប្រេង​ត្រូវតែ​ថែរក្សា​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​ទីភ្នាក់ងារសារព័ត៌មាន ISNA បាន​ដកស្រង់​សម្តី​លោក​រ៉ា​ប៊ី​ដោយ​និយាយថា “​យើង​គឺជា​ភ្នាក់ងារ​ធំ​បំផុត​នៃ​សន្តិសុខ​ដែនសមុទ្រ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​”​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី​បាន​និយាយថា កងកម្លាំង​ដូចដែល​បានស្នើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស នឹង​រឹតតែ​ធ្វើឱ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ប៉ុណ្ណោះ​។​

​លោក​រូ​ហា​នី​បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ជាមួយ​រដ្ឋមន្ត្រី​អូ​ម៉​ង់​ទទួលបន្ទុក​កិច្ចការបរទេស​លោ​កយូស៊ូ​ហ្វ ប៊ី​ន​អា​ឡា​វី យ៉ាង​ដូច្នេះ​ថា “​វត្តមាន​របស់​កម្លាំង​បរទេស​នឹងមិន​ជួយ​ដល់​សន្តិសុខ​ក្នុង​តំបន់ ហើយនឹង​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៃ​ភាព​តានតឹង​”​។​

​លោក​អា​ឡា​វី​បាន​និយាយថា ប្រទេស​អូ​ម៉​ង់ ដែល​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​និង​អង់គ្លេស មិន​បានមក​ធ្វើជា​អ្នកសម្របសម្រួល​លើ​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​និយាយថា អូ​ម៉​ង់​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​និង​កំពុង​ទាក់ទង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ Oman TV បន្ទាប់ពី​ជួប​ជាមួយ​លោក​រូ​ហា​នីថា “​រាល់​កំហុស​ឬ​ចំណាត់​ការខុស​ណាមួយ​អាច​រារាំង​ការធ្វើ​នាវាចរណ៍​ក្នុង​ដែនទឹក​អន្តរជាតិ​និង​បង្ក​អន្តរាយ​ដល់​មនុស្ស​គ្រប់គ្នា​”​។​

​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​បញ្ជា​កងទ័ពជើងទឹក​របស់ខ្លួន​អមដំណើរ​នាវា​ដោត​ទង់ជាតិ​អង់គ្លេស​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស កន្លែង​ដែល​នាវា Stena Impero ត្រូវបាន​ចាប់​ដោយ​កង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

នាវា​ដោត​ទង់ជាតិ​អង់គ្លេស Stena Impero ត្រូវ​អ៊ីរ៉ង់​ចាប់យក​កាលពី​ថ្ងៃទី ១៩ កក្កដា