អ៊ីរ៉ង់​និយាយថា អាម៉េរិក​ទំនងជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ឌ្រូ​ន​របស់ខ្លួន​ឯងដោយ​ភាន់ច្រឡំ​

1021
ចែករម្លែក

​ការលើកឡើង​ដោយ​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បែប​ន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អះអាង​ថា​នាវា​​អាម៉េរិក​មួយ បាន​បំផ្លាញ​យន្តហោះ​ឌ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​របស់​អ៊ីរ៉ង់​នៅ​ច្រក​សមុទ្រហ័​រមូស​នៃ​ឈូងសមុទ្រ​ពែ​ក្ស ដែល​មិន​អើពើ​ការព្រមាន​របស់​ខ្លួន​។

​នៅពេល​ជាមួយគ្នា​នោះ​ដែរ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​អ៊ីរ៉ង់ មិន​មាន​ព័ត៌មាន​អំពី​ការបាត់​យន្តហោះ​ណាមួយ​នោះទេ​។​

​ដោយនិយាយ​សំដៅលើ​ហេតុការណ៍​ថ្មីៗ​នេះ លោក អាប់​បាស់ អា​រ៉ាក់​ឈី អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​នេះ បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា ” យើង​មិន​​បាត់បង់​យន្តហោះ​ឌ្រូ​នណា​មួយ​នៅ​ច្រក​សមុទ្រហ័​រមូសឬក៏​នៅ​កន្លែង​ណា​ផ្សេង​ទៀត​នោះទេ​។ ខ្ញុំ​ព្រួយបារម្ភ​ថា នាវាចម្បាំង​USS Boxer របស់​អាម៉េរិក​នេះ​បាន​បាញ់​យន្ត​​ហោះ​ឌ្រូ​ន​UAS របស់​ពួកគេ​ដោយ​ការភាន់ច្រឡុំ​”​។​

​ជាមួយគ្នានេះដែរ កងទ័ព​អ៊ីរ៉ង់ បានប្រកាសថា​យន្តហោះ​ឌ្រូ​ន​ទាំងអស់​របស់​ខ្លួន​បាន​ត្រឡប់​មក​មូលដ្ឋាន​វិញ​ដោយ​សុវត្ថិភាព​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Tasnim ។​

​ប្រធានាធិបតី អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​ថា នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​របស់​អ៊ីរ៉ង់​មួយ​នៅ​ច្រក​សមុទ្រហ័​រមូស ក្រោយ​ពី​យន្តហោះ​នេះ​មិន​ស្តាប់​ការព្រមាន​អោយ​ចុះ​។​

​ត្រាំ​បានចាត់ទុក​អំពើ​របស់ដ្រូន​អ៊ីរ៉ង់​នេះថា ជាការ​បង្ករឿង​មក​លើ​នាវា​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ដោយ​បាន​បន្ថែម​ថា​សហ​រដ្ឋ​អាម៉រិក​មាន​សិទ្ធិ​ការពារ​ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ដ្រូ​ន​របស់​អ៊ីរ៉ង់​មួយ​បាន​ចូល​មក​ដល់​ក្នុង​«​រង្វង់​គំរាមកំហែង​»​នៃ​នាវាចម្បាំង​អាម៉េរិក​នៅក្នុង​ច្រក​សមុទ្រហ័​រមូស មុន​ពេល​វា​ត្រូវ​បាន​បំផ្លាញចោល​ដោយ​កងកម្លាំង​អាម៉េរិក ជាការ​ការការពារ​ខ្លួន​។​

​សូមបញ្ជាក់​ថា សភាពការណ៍​នៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​តំបន់​ជុំវិញ​កាន់តែ​អាក្រក់​ទៅ​នៅ​ប៉ុន្មាន​ខែ​មកនេះ នៅពេល​នាវា​ដឹក​ប្រេង​ជា​ច្រើន​រង​ការវាយប្រហារ​ដោយ​គ្រឿងផ្ទុះ​ពី​ប្រភព​មិន​ស្គាល់​។​តែ​អាម៉េរិក និង​សម្ពន្ធមិត្ត​បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ឧបទ្ទវហេតុ​ទាំងនេះ​។​យោធា​អ៊ីរ៉ង់​បន្ទាប់មក​បាន​បាញ់​ទម្លាក់ដ្រូន​អាម៉េរិកមួយ​គ្រឿង​ដោយ​អះអាង​ថា​វា​រំលោភ​ដែន​អាកាស​របស់ខ្លួន​។​

​ចំពោះ​ឧបទ្ទវហេតុ​នេះ អាម៉េរិក​ប៊ិះ​ចាត់វិធានការ​យោធា​សងសឹក​លើ​អ៊ីរ៉ង់ តែ​លោក​ត្រាំ បាន​ដក​បញ្ជា​វាយប្រហារ​វិញ​នៅ​ប៉ុន្មាន​នាទី​មុន​ការវាយប្រហារ​ចាប់ផ្តើម​៕​ដោយ​៖​វាសនា​/សុខា

នាវាចម្បាំង​USS Boxer របស់​អាម៉េរិក​ ដែលត្រាំអះអាងថាបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់