អ៊ីរ៉ង់​បង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ផលិត​ក្នុងស្រុក​

309
ចែករម្លែក

​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា​បានបង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​បាញ់​ពី​ដី​ទៅ​អាកាស​ផលិត​ក្នុងស្រុក និង​បានប្រកាសថា “​ការចរចា​ឥតប្រយោជន៍​”​។

​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​លោក​ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី​ចូលរួម​ពិធី​បង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល Bavar-373 ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ចាត់ទុកថា​ជា​គូប្រជែង​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​របស់​រុស្ស៊ី S-300​។​

​នៅឯ​ការបង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​នេះ លោក​រូ​ហា​នី​និយាយថា “​ការចរចា​គឺ​ឥតប្រយោជន៍​” ខណៈ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​កាន់តែ​រលេះ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​បន្ទាប់ពី​សាធារណ​រដ្ឋ​អ៊ីស្លាម​បាន​បាញ់​ទម្លាក់​ដ្រូ​ន​យកការណ៍​របស់​យោធា​អាម៉េរិក​ពីរ​គ្រឿង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ជាមួយនឹង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​របស់ខ្លួន​កាលពី​ខែមិថុនា​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ៊ីរ៉ង់​នឹងមិន​ចាប់ផ្តើម​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ទេ ប៉ុន្តែ​នឹង​ការពារ​ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​មី​ស៊ី​ល Bavar-373 ផលិត​ក្នុងប្រទេស​អ៊ីរ៉ង់
#