អ៊ីរ៉ង់​បង្ហាញ​មី​ស៊ី​ល​បញ្ជា​ទិស​ថ្មី​៣​ប្រភេទ និង​ព្រមាន​អំពី “​ម៉ែ​សង្គ្រាម​” ប្រសិនបើ​អាម៉េរិក​វាយប្រហារ​

837
ចែករម្លែក

​ប្រទេស​អ៊ីរ៉ង់​បានបង្ហាញ​នូវ​អ្វីដែល​ខ្លួន​បាន​ពណ៌នា​ថា​ជា​មី​ស៊ី​លប​ញ្ជា​ទិស​បាញ់​ច្បាស់​ដូច​ថ្ងៃ ​ស៊េរី​ថ្មី​ចំនួន ៣ កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា ខណៈដែល​លោក​ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី បាន​ព្រមាន​អំពី “​ម៉ែ​សង្គ្រាម​” ប្រសិនបើ​អាម៉េរិក​វាយប្រហារ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អា​មៀរ ហា​តា​មី បាន​និយាយថា វាស​បញ្ជាក់ថា​អ៊ីរ៉ង់​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ការពារ​ខ្លួន​នោះឡើយ ខណៈដែល​គាត់​បង្ហាញ​អាវុធ​នេះ​នៅ​ពីមុខ​កាមេរ៉ា​ទូរទស្សន៍​។​

​ការបង្ហាញ​មី​ស៊ី​ល​នេះ​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហាស​សាន់ រូ​ហា​នី​បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក​អំពី “​ម៉ែ​សង្គ្រាម​” ប្រសិនបើ​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កំពប់​ហៀរ​ទៅជា​ជម្លោះ​។​

​ខណៈ​សង្កត់ធ្ងន់ថា​រដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​មាន​ឆន្ទៈ​ក្នុង​ការចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន លោក​រូ​ហា​នី​បាន​និយាយថា ​អាម៉េរិក​ត្រូវតែ​ទម្លាក់​ចុះ​ទណ្ឌកម្ម​ទាំងអស់ មុន​ពេលដែល​ប្រទេស​នេះ​ចរចា​។​

​លោក​បាន​បន្ថែមថា ខណៈដែល​សន្តិភាព​ជាមួយ​អ៊ីរ៉ង់​នឹង​ក្លាយជា “​ម៉ែ​សន្តិភាព​” សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នឹង​ក្លាយជា “​ម៉ែ​សង្គ្រាម​”​។​

​ក្នុងចំណោម​អាវុធ​ថ្មី​ដែល​បង្ហាញ​ដោយ​អ៊ីរ៉ង់​គឺ​មី​ស៊ី​លប​ញ្ជា​ទិស​ហៅថា Yasin ដែលមាន​ស្លាប​បត់​បាន ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​បាញ់​ចេញពី​ដ្រូ​ន​។​

​អាវុធ​ដែល​ទើបនឹង​បង្កើត​ថ្មី​មួយទៀត​គឺ​មី​ស៊ី​ល Balaban ដែល​អ៊ីរ៉ង់​និយាយថា​អាច​បាញ់​ចេញពី​យន្ដហោះ​ចម្បាំង មុនពេល​បញ្ជា​ទិស​ទៅរក​គោលដៅ​របស់​វា ដោយ​ប្រើ GPS និងឧបករណ៍​ចាប់​សញ្ញា​ផ្សេងទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន Fars បាន​និយាយថា ក្រសួងការពារជាតិ​បានបង្ហាញ​នូវ​មី​ស៊ី​ល​កូនពៅ​ឈ្មោះ Ghaem សម្រាប់​ស្វែងរក​កម្តៅ ដែល​រចនា​ឡើងជា​អាវុធ​បាញ់​ពី​អាកាស​ទៅ​អាកាស​៕ ដោយ៖ កញ្ញាដាលីស/Ha