អ៊ីរ៉ង់​បដិសេធ​សំណើ​ផ្តល់​ជំនួយ​របស់​អាម៉េរិក នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​១.៦៨៥​នាក់​

134
ចែករម្លែក

​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក​អា​លី ខា​មេ​នី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២២​មីនា​ថា​ប្រទេស​លោក​នឹង​មិន​ទទួល​យក​ជំនួយ​ណាមួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹង​វីរុស​កូរ៉ូ​ណា​ពី​គូសត្រូវ​និង​«​ពួក​ពូកែ​អួតអាង​បោកប្រាស់​»​សហរដ្ឋ​អាម៉េរិក​នៅពេល​អ៊ីរ៉ង់​បានប្រកាសថា​ប្រទេស​ខ្លួន​មាន​អ្នកស្លាប់​ដោយ​វីរុស​កូវី​ដ​១៩​ចំនួន​១២៩​នាក់​ទៀត​។​

​ថ្លែង​តាម​ទូរទស្សន៍ លោក​ខា​មេ​នី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​«​គ្មាន​នរណា​ជឿ​ទុកចិត្ត​អ្នក​ទេ​។​អ្នក​អាច​នាំ​ចូល​មក​ក្នុងប្រទេស​របស់​យើង​នូវ​​ឱសថ​អ្វីមួយ​ដែល​អាច​ទុក​អោយ​វីរុស​នៅ​មាន​ជីវិត និង​រារាំង​មិន​អោយ​វា​សាបរលាប​»​។​

​អ៊ីរ៉ង់ ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​បី​បួន​លើ​លោក​ពី​ការវាយប្រហារ​ដោយកូវី​ដ​១៩ រួមមាន អ៊ីតាលី អេ​ស្ប៉ាញ​និងចិន ។​អ៊ីរ៉ង់ កាល​​ពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​ចំនួន​ស្លាប់​ដោយ​ជម្ងឺឆ្លង​នេះ​កើន​ដល់​១.៦៨៥​នាក់​។​

​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​ប្រកាស​អ្នក​ឆ្លង​១.០២៨​នាក់​បន្ថែម មានន័យថា មនុស្ស​២១.៦៣៨​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​នៅក្នុង​ប្រទេស​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​២៩​កុម្ភៈ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ត្រៀម​ជួយ​អ៊ីរ៉ង់​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​បើសិនជា​មេ​ដឹកនាំ​ប្រទេស​នេះ​ស្នើសុំ​។​តែ​កាលពី​ថ្ងៃអាទិត្យ លោក​ខា​មេ​នី បានបញ្ជាក់​អះអាង​ការប្រឆាំង​ជំទាស់​របស់​អ៊ីរ៉ង់​ឡើងវិញ​និង​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថា​​អាច​ចង់អោយ​សារ​ធា​រណ​រដ្ឋ​អ៊ីស្លាម​រឹតតែ​ផ្ទុះ​ជម្ងឺឆ្លង​។​

លោក​ខា​មេ​នី បាន​និយាយថា «​អាម៉េរិក​ជា​សត្រូវ​របស់​យើង​។​ពួក​មេដឹកនាំ​អាម៉េរិក​សុទ្ធ​ពួក​កុហក មាន​ល្បិច ក្រអឺតក្រទម​និង​លោភលន់​…​ពួក​គេ​ពូកែ​​អួតអាង​បោកប្រាស់​។​សំណើ​របស់​អាម៉េរិក​សុំ​ផ្តល់​ថ្នាំ​និង​ការព្យាបាល ជា​រឿង​ចម្លែក​»៕​ប្រែ​សម្រួល​៖​វាសនា​

ខា​មេ​នី បាន​ប្រាប់​ប្រជាជន​អ៊ីរ៉ង់​អោយ​គោរព​ការណែនាំ​របស់​អាជ្ញាធរ​ដើម្បី​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​និង​ថា​ព្រះ​នឹង​បញ្ចប់​វិបត្តិ​ភ័យ​នេះ​សំរាប់​ប្រជាជន​អ៊ីរ៉ង់​