អ៊ីរ៉ង់​បាញ់​សាកល្បង​ជោគជ័យ​កាំជ្រួច​បណ្តែត​ថ្មី​នៅ​ចំ​ខួប​បដិវត្តន៍​

457
ចែករម្លែក

អ៊ីរ៉ង់​បានប្រកាស​«​ការសាកល្បង​ដោយ​ជោគជ័យ​» នូវ​កាំជ្រួច​បណ្តែត​ថ្មី​មួយ ជាមួយនឹង​ចម្ងាយ​ហោះ​១.៣៥០​គីឡូម៉ែត្រ នៅ​ចំពេល​ប្រទេស​ប្រារព្វ​ខួប​បដិវត្តន៍​អ៊ីស្លាម​​ឆ្នាំ​១០៩៧​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អា​មៀ ហាត​តា​មី​បាន​និយាយថា​«​ការសាកល្បង​កាំជ្រួច​Hoveizeh​ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ​ដោ​ុ​ហោះ​បាន​ចម្ងាយ​១.២០០​គីឡូ​​ម៉ែត្រ​និង​បាន​ចំ​គោលដៅ​ដែល​កំណត់​។​វា​ត្រូវបាន​ត្រៀម​បាញ់​ក្នុង​រយៈពេល​ខ្លី​និង​ហោះ​ក្នុង​រយៈ​កំពស់​ទាប​ណាស់​»​។​

​លោក​ហាត​តា​មី​បាន​ពណ៌នា​កាំជ្រួច​បណ្តែត​Hoveizeh​ថា​ជា​«​ដៃ​វែង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​»​នៅក្នុង​ការការពារ​ខ្លួន​។​

​ជា​ផ្នែក​នៃ​ក្រុម​កាំជ្រួច​បណ្តែត​Soumar វា​ត្រូវបាន​បញ្ចេញ​ដំបូង​នៅ​ឆ្នាំ​២០១៥​ជាមួយនឹង​ចម្ងាយ​ហោះ​ពេល​នោះបាន​៧០០​គីឡូម៉ែត្រ​,​នេះ​បើតាម​លោក​រដ្ឋមន្ត្រី​។​Hoveizeh​ត្រូវបាន​បញ្ចេញ​ដើម្បី​ជា​ផ្នែក​នៃ​ការតាំង​បង្ហាញ​សព្វាវុធ​ដែលមាន​ឈ្មោះថា​«​សមិទ្ធិផល​ការពារជាតិ​៤០​ឆ្នាំ​»​នៅ​ក្រុង​តេ​អេ​រ៉ង់​។​

រូបភាព​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​២​កុម្ភៈ បង្ហាញ​ការសាកល្បង​កាំជ្រួច​ថ្មី​ដែល​អាច​ហោះ​បាន​ចម្ងាយ​១.៣៥០​គីឡូម៉ែត្រ​

​អ៊ីរ៉ង​បាន​កំហិត​ចម្ងាយ​កាំជ្រួច​របស់ខ្លួន​ត្រឹម​២.០០០​គីឡូម៉ែត្រ​តែ​នៅតែ​អាច​បាញ់​ដល់​ទឹកដី​អ៊ីស្រាអែល​និង​បណ្តា​មូលដ្ឋាន​លោកខាងលិច​នៅ​មជ្ឈិមបូព៌ា​។​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បន្ត​ជំរុញ​សមត្ថភាព​កាំជ្រួច​ដែល​ក៏​នឹង​គំរាម​ទ្វីបអឺរ៉ុប​ផងដែរ​។​ទោះជា​យ៉ាងណា មន្ត្រី​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​អ៊ីរ៉ង់​​បាន​និយាយថា​អ៊ីរ៉ង់​មិនមាន​ចេតនា​បង្កើន​ចម្ងាយ​មី​ស៊ី​ល​របស់ខ្លួន​ទេ​។​

​សូមបញ្ជាក់ថា អ៊ីរ៉ង់​បាន​ទប់​មិន​អភិវឌ្ឍ​កម្មវិធី​នុយគ្លេអ៊ែរ​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​មួយ ជាមួយ​មហាអំណាច​ពិភពលោក តែ​នៅ​រក្សា​ការអភិវឌ្ឍ​បច្ចេក​​កាំជ្រួច​ផ្លោង​របស់ខ្លួន​។​

​រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ខាងលើ​កាលពី​ខែឧសភា និង​បានដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ ដោយ​សំអាង​លើ​កម្មវិធី​កាំជ្រួច​​ក្នុងចំណោម​ហេតុផល​នានា​របស់ខ្លួន​៕​ដោយ​៖​វាសនា​