អ៊ីរ៉ង់​ព្រមាន​ឆ្លើយតប​ម៉ឺងម៉ាត់ បើសិន​អ៊ីស្រាអែល​ប្រឆាំង​ការដឹកជញ្ជូន​ប្រេង​របស់ខ្លួន​

385
ចែករម្លែក
  • 111
    Shares

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​មីនា​ថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ចំណាត់ការ​ណាមួយ​របស់​កងទ័ពជើងទឹក​អ៊ីស្រាអែល​ប្រឆាំង​​ការដឹក​ប្រេង​របស់ខ្លួន​នោះ ។

​លោក អា​មៀរ ហា​តា​មី (Amir Hatami) រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​នេះ បាន​និយាយ​ដូចនេះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​និយាយ​ថា​កងទ័ពជើងទឹករ​បស់​លោក​អាច​​ចាត់​វិធានការ​ប្រឆាំង​”​ការ​លួច​ដឹក​ប្រេង​ដោយ​អ៊ីរ៉ង់​” ដើម្បី​អនុវត្ត​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

​កាលពី​ឆ្នាំមុន ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​និង​បាន​ដាក់​ទណ្ឌកម្ម​មួយចំនួន​ជា​ថ្មី​ដើម្បី​កាត់​​បន្ថយ​ការនាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​ដល់​កម្រិត​សូន្យ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហូ បាន​ប្រាប់​មន្ត្រី​កងទ័ពជើងទឹក​កាលពី​សប្តាហ៍​មុន​ថា​​អ៊ីរ៉ង់​នៅតែ​បាន​បន្ត​លួច​ដឹក​ប្រេង​។​

​លោក អា​មៀរ ហា​តា​មី ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​IRNA​បាន​និយាយថា​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​មាន​សមត្ថភាព​យោធា​ដើម្បី​ប្រឈម​នឹង​អន្ត​​រាគ​មន៍​ណាមួយ​ពី​អ៊ីស្រាអែល​ហើយ​បាន​និយាយ​ថា​សហគមន៍​អន្តរជាតិ​ក៏​នឹង​មិន​ទទួលយក​ទង្វើ​បែបនេះ​ដែរ​។​

​លោក អា​មៀរ ហា​តា​មី​បាន​និយាយ​ថា​ការប្រឈមមុខ​បែប​នេះ​នឹង​ត្រូវបាន​ចាត់ទុក​ថា​ជា​អំពើ​ចោរកម្ម​សមុទ្រ​ហើយ​បាន​ព្រមាន​ថា “​បើសិន​វា​កើតឡើង យើង​នឹង​ឆ្លើយ​​តប​យ៉ាងរឹងមាំ​” ។​

​យោង​តាម​ក្រុម​អ្នកជំនាញ​ដែនសមុទ្រ​បានឱ្យដឹង​ថា​អ៊ីរ៉ង់​បាន​ប្រើ​វិធី​ផ្សេងៗ ជាច្រើន​ដើម្បី​គេច​ពី​ការដាក់ទណ្ឌកម្ម​ដោយ​ការផ្លាស់ប្តូរ​ឈ្មោះ​នាវា​ឬ​ទង់ជាតិ​ការផ្លាស់ប្តូរ​ទីតាំង​​បញ្ជូន​ប្រេង ដោយ​ការធ្វើ​ការដឹកជញ្ជូន​ប្រេង​ដោយ​ផ្ទេរ​ពី​នាវា​មួយ​ទៅ​នាវា​មួយ​នៅ​សមុទ្រ នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ ៕​ដោយ​៖​សុខា​/sn

លោក អា​មៀរ ហា​តា​មី រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​