អ៊ីរ៉ង់​ព្រមាន​ត្រាំ​កុំឱ្យ​ច្រឡំ​ថា​សង្គ្រាម​ជាមួយ​ប្រទេស​ខ្លួន​មាន​រយៈពេល​ខ្លី​

514
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​បាន​ព្រមាន​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ថា​លោក​ច្រឡំ​ហើយ​ដែល​គិតថា​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​នឹងមាន​រយៈពេល​ខ្លី ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​រក​ជំនួយ​របស់​អង្គការ​ណា​តូ​ក្នុង​ការបង្កើត​ក្រុមចម្រុះ​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​ការវិវត្ត​ចុងក្រោយ​បំផុត​នៅក្នុង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​បានកើត​ឡើង ខណៈ​ប្រភព​ការទូត​នៅ​ទីក្រុង​វី​យែ​ន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​នឹងមិន​ធ្វើឱ្យ​លើសពី​ដែន​កំណ​ត់នៃ​ការ​ស្ដុក​ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​ទេ ដែល​ផ្ទុយ​នឹង​អ្វីដែល​ខ្លួន​បាន​និយាយ​កាលពី​ដើមខែ​នេះ​។​

​អ៊ីរ៉ង់​មុននេះ​ធ្លាប់បាន​និយាយថា ខ្លួន​រំពឹងថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​នឹង​រក្សាទុក​ឱ្យលើស​នូវ​សា​រ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​បម្រុង​ទុក​អតិបរមា ៣០០ គីឡូក្រាម ដែល​បាន​ឯកភាពគ្នា ពីព្រោះ​ខ្លួន​លែងមាន​អារម្មណ៍​ថា​ជាប់​កាតព្វកិច្ច​នឹង​ដែន​កំណត់​ជាក់លាក់​ណាមួយ ដែល​បានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញ​ដោយ​ឯកតោភាគី​កាលពី​ខែឧសភា​ឆ្នាំ ២០១៨​។​

​ប្រភព​ការទូត​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ទីក្រុង​វី​យែ​ន​នៅ​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​ដោយ​គណៈកម្មការ​មួយ​ដែល​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ថា “​យើង​នឹងមិន​រក្សាទុក​វា​ឱ្យលើស​ចំនួន​កំណត់​នៅថ្ងៃនេះ​ទេ (​ថ្ងៃ​ព្រហស្បតិ៍​)​។​

​ប្រភព​បាន​លើកឡើងថា ប្រហែល​ជាមាន “​ហេតុផល​នយោបាយ​” សម្រាប់​បញ្ហា​នេះ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​អឺរ៉ុប​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ប៉ុន្តែ​មន្ត្រី​អ៊ីរ៉ង់​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​និយាយថា ដែន​កំណត់​នេះ​មិនទាន់​ត្រូវបាន​រំលោភ​ទេ​ដោយសារ​ហេតុផល​បច្ចេកទេស ដោយ​ចង្អុល​បង្ហាញថា ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ចុង​សប្តាហ៍​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​ភាព​តានតឹង ដែល​បង្កឡើង​ដោយ​ការដកខ្លួន​ចេញ​របស់លោក​ត្រាំ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បាន​កើនឡើង​កាន់តែខ្លាំង​កាលពី​ដើមខែ​នេះ នៅពេល​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​ចារកម្ម​អាម៉េរិក​មួយគ្រឿង​នៅលើ​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់ពី​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ជា​បន្តបន្ទាប់ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ថ្វីបើ​មានការ​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ​។​

​ចាប់តាំងពី​ពេលនោះ​មក គូសត្រូវ​ទាំងពីរ​បាន​ជាប់ផុង​ក្នុង​សង្គ្រាមពាក្យសម្តី ដែល​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​សប្តាហ៍​នេះ នៅពេល​លោក​ត្រាំ​ប្រកាស​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អា​លី ខា​មេ​នី និង​អ្នកការទូត​កំពូល​អ៊ីរ៉ង់ លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (​ស្តាំ​) ព្រមាន​អាម៉េរិក​កុំឱ្យ​ច្រឡំ​ថា​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​មាន​រយៈពេល​ខ្លី​ឱ្យសោះ