អ៊ីរ៉ង់​ព្រមាន​អាមេរិក​កុំឱ្យ​ប្រលែង​លេង​ជាមួយ​កន្ទុយ​តោ ពុំ​នោះទេ​អាច​នឹង​ក្លាយជា “​មាតា​នៃ​សង្គ្រាម​ទាំងពួង​”

1041
ចែករម្លែក

​ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាស​សាន់ រូ​ហា​នី បាន​ព្រមាន​សហរដ្ឋអាមេរិក​កុំឱ្យ “​លេង​ជាមួយ​កន្ទុយ​តោ​” កាលពី​ថ្ងៃអាទិត្យ​ទី​២២ កក្កដា ដោយ​និយាយថា ជម្លោះ​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​ក្លាយជា “​មាតា​នៃ​សង្គ្រាម​ទាំងពួង​”​។​

​ថ្លែង​អំពី​សម​ភាគី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ លោក​រូ​ហា​នី​បាន​និយាយថា “​អ្នក​ប្រកាសសង្គ្រាម ហើយ​បន្ទាប់មក អ្នក​និយាយ​ពី​ការចង់​គាំទ្រ​ដល់​ប្រជាជន​អ៊ីរ៉ង់​”​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅឯ​ពិធី​ជួបជុំ​អ្នកការទូត​អ៊ីរ៉ង់​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ថា “​អ្នក​មិនអាច​ញុះញង់​ប្រជាជន​អ៊ីរ៉ង់​ប្រឆាំងនឹង​សន្តិសុខ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​បានទេ​”​។​

​លោក​រូ​ហា​នី​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា អ៊ីរ៉ង់​អាច​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស ដែលជា​ផ្លូវ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​ប្រេង​អន្តរជាតិ​។​

​លោក​បាន​និយាយថា “​យើង​តែងតែ​ធានា​នូវ​សុវត្ថិភាព​នៃ​ច្រក​សមុទ្រ​នេះ​។ កុំ​លេង​ជាមួយ​កន្ទុយ​តោ អ្នកនឹង​សោកស្តាយ​ចំពោះ​វា​ជា​រៀងរហូត​។ សន្តិភាព​ជាមួយ​អ៊ីរ៉ង់​នឹង​ក្លាយជា​មាតា​នៃ​សន្តិភាព​ទាំងពួង និង សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នឹង​ក្លាយជា​មាតា​នៃ​សង្គ្រាម​ទាំងពួង​”​។​

​លោក​រូ​ហា​នី​បាន​ថ្លែង​បែបនេះ​នៅមុន​ពេល​ការ​ថ្លែង​សុន្ទរកថា​ដ៏​យូរ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ កាលពី​ថ្ងៃអាទិត្យ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វ៉ាស៊ីនតោន​ដើម្បី​បង្កចលាចល​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​។​

​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​រឹតបន្តឹង​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ តាមរយៈ​ការបោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ និង​ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ចាប់ផ្តើម​កិច្ចប្រឹងប្រែង​ឃោសនា​ខ្លាំងក្លា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ផងដែរ​រួមមាន​យុទ្ធនាការ​តាម​បណ្តាញ​សង្គម ដែល​ធ្វើឡើង​ដើម្បី​បង្កើន​ការមិន​ពេញចិត្ត​ក្នុងចំណោម​ប្រជាជន​។​

​លោក​រូ​ហា​នី​បាន​និយាយថា “​នៅពេលណា​ដែល​អឺរ៉ុប​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​យើង សេត​វិមាន​បាន​បង្កើត​ភាពមិន​ចុះសម្រុង​គ្នា​”​។​

​ប៉ុន្តែ​លោក​បាន​បន្ថែមថា “​យើង​មិនត្រូវ​គិតថា សេត​វិមាន​នឹង​នៅតែ​ស្ថិតក្នុង​កម្រិត​នៃ​ការជំទាស់​នឹង​ច្បាប់​អន្តរជាតិ​ជា​រៀងរហូត​ប្រឆាំងនឹង​ពិភព​អ៊ីស្លាម​នោះទេ​” ៕ ដោយ៖ កញ្ញាដាលីស

លោក​រូ​ហា​នី និង លោក​ត្រាំ