អ៊ីរ៉ង់កាលពីថ្ងៃចន្ទទី១៩សីហាបានព្រមានអាម៉េរិកកុំអោយប៉ុនប៉ងជាថ្មីដើម្បីចាប់ឃាត់នាវាដឹកប្រេងអ៊ីរ៉ង់មួយបន្ទាប់ពីវាបានចាកចេញពីជីលប្រាល់តាដែលជាទឹកដីអង់គ្លេសនៅបរទេស។
នាវាដឹកប្រេងនេះត្រូវកងម៉ារីនអង់គ្លេសចាប់ទុកកាលពីថ្ងៃ០៤កក្កដា តែបានចេញដំណើរទៅក្រិចកាលពីថ្ងៃចន្ទក្រោយចាកចេញពីជីលប្រាល់តា នៅប៉ុន្មានម៉ោងក្រោយទឹកឋដីអង់គ្លេសនេះច្រានចោលសំណើរបស់អាម៉េរិកអោយឃាត់វាទុកបន្តទៀត។
នៅពេលត្រូវបានសួរថាតើអាម៉េរិកអាចធ្វើសំណើចាប់នាវានេះជាថ្មីដែរឬទេក្រោយវាចេញពីជីលប្រាល់តា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយក្នុងទូរទស្សន៍ថា «អំពើដូច្នេះ…នឹងធ្វើអោយគ្រោះថ្នាក់សុវត្ថិភាពដឹកជញ្ជូនតាមសមុទ្រ។យើងបានចេញការព្រមានតាមបណ្តាញការទូតហើយ ជាពិសេសតាមស្ថានទូតស្វីស»។
ស្វីសតំណាងអោយផលប្រយោជន៍អាម៉េរិកនៅអ៊ីរ៉ង់ ដោយសារតែអាម៉េរិកនិងអ៊ីរ៉ង់មិនមានទំនាក់ទំនងការទូតនឹងគ្នា។
នាវាGrace 1 ត្រូវបានកងម៉ារីនអង់គ្លេសចាប់ឃាត់ទុកនៅជីលប្រាល់តា ដោយសង្ស័យដឹកប្រេងទៅស៊ីរី ដែលរំលោភទណ្ឌកម្មរបស់អឺរ៉ុប។នាវាដែលជាស្នូលនៃជម្លោះការទូតមួយតែវាបានចាកចេញពីជិលប្រាល់តា ក្រោយតុលាការសំរេចអោយដោលែង។
តុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានសំរេចដោះលែងនាវានេះ ដោយអ៊ីរ៉ង់បានបញ្ជូនអ្នកបើកថ្មីនិងដូរឈ្មោះថ្មីថា Adrian Darya ។តែកាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌អាម៉េរិកបានដាក់សំណើសុំឃាត់វាទុក ដោយចោទប្រកាន់ថានាវានេះជាប់ពាក់ព័ន្ធការដឹកជញ្ជូនខុសច្បាប់ទៅកាន់ស៊ីរីដោយក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលអាម៉េរិកចាត់ទុកជាក្រុមភេរវករ។
រដ្ឋាភិបាលជីលប្រាល់តា បានជំទាស់នឹងសំណើនេះ ដោយថាវាមិនបានសុំដីកាពីតុលាការដើម្បីចាប់ឃាត់នាវាដឹកប្រេង ពីព្រោះទណ្ឌកម្មរបស់អាម៉េរិកលើអ៊ីរ៉ង់មិនត្រូវអនុវត្តក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុបទេ៕ដោយ៖វាសនា