អ៊ីរ៉ង់​ព្រមាន​អំពី​«​សង្គ្រាម​សេដ្ឋកិច្ច​» បង្កឡើង​ដោយ​ទណ្ឌកម្ម​អាម៉េរិក​

572
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា​បាន​ព្រមាន​អំពី​ផលវិបាក​នៃ​ការធ្វើ​«​សង្គ្រាម​សេដ្ឋកិច្ច​»​លើ​សាធារណរដ្ឋ​អ៊ីស្លាម​របស់លោក តាមរយៈ​ការដាក់ទណ្ឌកម្ម​របស់​​អាម៉េរិក ដោយ​ថា​អ្នក​ដែល​ធ្វើ​និង​គាំទ្រ​វា​មិន​អាច​រំពឹងថា​«​នៅ​បាន​សុខ​ទេ​»​។​

​លោក​ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ បាន​និយាយ​នៅ​សន្និសីទកាសែត​រួម​មួយ​ជាមួយ​សម​ភាគី​អាល្លឺម៉ង់ ហេកូ ម៉ា​អាស នៅ​ទី​ក្រុងតេអេ​រ៉ង់​ថា «​គេ​មិន​អាច​រំពឹងថា សង្គ្រាម​សេដ្ឋកិច្ច​​មួយ​លើ​សាធារណរដ្ឋ​អ៊ីស្លាម នឹង​បន្ត​ហើយ​ពួក​អ្នកបង្ក​និង​គាំទ្រ​នៅ​បាន​សុខ​ទេ​។​ផ្លូវ​តែ​មួយ​ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅក្នុង​តំបន់​គឺ​ឈប់​សង្គ្រាម​សេដ្ឋកិច្ច​។​អាល្លឺម៉ង់​និង​សហ​​ភាព​អឺរ៉ុប​មាន​តួនាទី​សំខាន់​មួយ​សំរាប់​សម្រាល​សភាពការណ៍​»​។​

​សូម​រំលឹក​ថា អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី​និង​អាម៉េរិក​កាលពី​ឆ្នាំ​២០១៥ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​នឹង​​ការ​កំហិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​តែ​រដ្ឋការ​អាម៉េរិករ​បស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​ទូទៅ​លើ​អ៊ីរ៉ង់ និង​បើ​យោង​តាម​អ៊ីរ៉ង់ អាម៉េរិក​បានធ្វើ​​សង្គ្រាម​សេដ្ឋកិច្ច​មួយ​ប្រឆាំង​ខ្លួន​ក្រោយពី​បាន​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ខាងលើ​ជា​ឯ​តោ​ភាគី​។​

​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​ដែល​កំពុង​ទស្សនកិច្ច បាន​និយាយថា​«​មាន​សង្គ្រាម​នៅ​ស៊ី​រី​និង​យែ​ម៉ែន តែ​សំណាង​អត់​មាន​នៅ​ទីនេះ​។​យើង​ចង់​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​កុំអោយ​​មាន​សង្គ្រាម​។​ទោះជា​ដូច្នេះ​ក្តី ភាព​តានតឹង​ក្នុង​តំបន់​នេះ​កំពុង​បង្ក​ការព្រួយបារម្ភ និង​យើង​ខ្លាចក្រែង​ឧបទ្ទវហេតុ​ណា​មួយ​បង្ក​ជា​ព្រឹត្តិការណ៍​ហិង្សា​។​យើង​ចង់​រារាំង​កុំអោយ​វា​​កើតឡើង នៅ​គ្រប់​កាលៈទេសៈ​»៕​ដោយ​៖​វាសនា​

​លោ​ម៉ា​អា​ស បាន​ជួប​លោក​ហ្សារី​ហ្វ នៅ​ក្រុងតេអេ​រ៉ង់ និង​បាន​និយាយ​ថា​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​និង​បញ្ហា​តំបន់​