អ៊ីរ៉ង់​សម្ញែង​សព្វាវុធ និង​ប្រាប់​លោក​ខាងលិច​អោយ​ចាកចេញ​ពី​ឈូង​សមុទ្រ​ពែ​ក្ស

7793
ចែករម្លែក

​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​អំពាវនាវ​អោយ​មហាអំណាច​លោកខាងលិច​ទុក​អោយ​សន្តិសុខ​ឈូង​សមុទ្រ​គ្រប់គ្រង​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ង់​។​

​ប្រធានាធិបតី ហាស​សាន រ៉ូ​ហានី បាន​រិះគន់​ក្រុម​ចម្រុះ​ថ្មី​មួយ​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ល្បាត​ផ្លូវទឹក​ក្នុង​តំបន់ នៅ​ពេល​ប្រទេស​លោក​ធ្វើ​ព្យុហយាត្រា​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​ដើម្បី​បង្ហាញ​សព្វាវុធ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​និង​រំឭក​ខួប​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​ឆ្នាំ​១៩៨០​។​

​លោក​រ៉ូ​ហានី ក៏​បាន​សន្យា​បញ្ចេញ​ផែនការ​សន្តិភាព​តំបន់​មួយ​នៅ​ជំនួប​ថ្នាក់ខ្ពស់​នៅ​អង្គការសហប្រជាជាតិ​នា​សប្តាហ៍​នេះ​ដែល​វា​កើតឡើង​ចំពេល​ស្ថានការណ៍​មជ្ឈិមបូព៌ា​ឡើង​​កំដៅ​ខ្លាំង ក្រោយ​ការវាយប្រហារ​ជា​បន្តបន្ទាប់ រួម​មាន​ការវាយប្រហា​រ​ចុងក្រោយ​បំផុត​លើ​ស្ថានីយ​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​។​

​អាម៉េរិក​ចោទប្រកាន់​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​១៤​កញ្ញា​លើ​ប្រទេស​នាំចេញ​ប្រេង​ធំ​បំផុត​ក្នុង​លោក​និង​ជា​សម្ពន្ធមិត្ត​ធំ​បំផុត​របស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា​ដែលនាំអោយ​​ប្រេង​ឡើងថ្លៃ​ខ្ពស់បំផុត​ចាប់តាំងពី​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​ឆ្នាំ​១៩៩១​។​

​នៅពេល​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​នៃ​ប្រទេស​យែ​ម៉ែន​ចេញមក​អះអាង​ទទួលខុសត្រូវ អា​រ៉ាប៊ីសាអូឌីត និយាយថា វា​គ្មានអ្វី​ត្រូវ​មន្ទិល​ទេ ការវាយប្រហារ​នេះ​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​អ៊ីរ៉ង់​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ហើយ​បាន​ព្រមាន​សងសឹក​ភ្លាម​និង​ការផ្ទុះ​សង្គ្រាម​ពេញធឹង​បើ​ខ្លួន​ត្រូវ​បាន​វាយប្រហារ​ដោយសារ​តែ​ឧបទ្ទវហេតុ​វាយប្រហារ​រោងចក្រ​ប្រេង​​នេះ​។​

​អម​ដោយ​នាយទាហាន​និង​សមាជិក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក​រ៉ូ​ហានី បាន​ទស្សនា​ទាហាន​ដើរ​ព្យុហយាត្រា​ជាមួយនឹង​កាំភ្លើង​និង​ទម្រ​បាញ់​កាំ​ជ្រួច ជា​ផ្នែក​នៃ​ទិវា​«​កា​សប្តាហ៍​​ការពារ​ដ៏​ពិសិដ្ឋ​» ដែល​កត់សម្គាល់​ការចាប់​ផ្តើម​នៃ​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​ឆ្នាំ​១៩៨០​។​

ប្រធានាធិបតី​អ៊ីរ៉ង់ ថ្លែង​ចេញ​ពី​វេទិកា​ទស្សនា​ព្យុហយាត្រា​កងទ័ព​កាលពី​ថ្ងៃ​២២​កញ្ញា​ដើម្បី​រំ​ឮ​ក​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​

​លោក​ប្រធានាធិបតី​បាន​និយាយថា​អ៊ីរ៉ង់​ចង់​ឈោង​ដៃ​មិត្តភាព​និង​ភាតរភាព​ទៅកាន់​បណ្តា​ប្រជាជាតិ​នៅ​ឈូង​សមុទ្រ​និង​ក៏​ត្រៀម​ខ្លួន​បោះបង់​និង​បំភ្លេចចោល​កំហុស​របស់​​ពួកគេ​ពី​អតីតកាល​។​«​តែ​អ្នក​ណា​ដែល​ចង់ភ្ជាប់​ឧបទ្ទវហេតុ​តំបន់​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ កំពុង​កុហក​ដូច​ការនិយាយ​ភូតកុហក​របស់​គេ​ពី​អតីតកាល​។​បើ​ពួកគេ​ពិត​​ជា​ចង់​ស្វះស្វែង​រក​សន្តិសុខ​ក្នុង​តំបន់​ពិតមែន ពួកគេ​មិន​ត្រូវ​បញ្ញជូន​ទ័ព សព្វាវុធ យន្តហោះ គ្រាប់បែក​និង​អាវុធ​គ្រោះថ្នាក់​មកកាន់​តំបន់​ទេ​»​។​

​លោក​បាន​បន្ថែមថា អាម៉េរិក​និង​ប្រទេស​លោកខាងលិច​ដទៃទៀត​គួរ​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​តំបន់ ដោយសារតែ​«​វត្តមាន​របស់​អ្នក​តែងតែ​បង្ក​ហានិភ័យ​ក្នុង​តំបន់​។​អ្នក​គួរ​ចាក​​ចេញពី​តំបន់​របស់​យើង ការផ្តល់​សន្តិសុខ​ត្រូវ​ចេញពី​តំបន់​របស់​យើង​»៕​ដោយ​៖​វាសនា​

​អ៊ីរ៉ង់​បង្ហាញ​កាំជ្រួច​ថ្មី​នៅ​ចំពេល​ប្រទេស​ធ្វើ​ព្យុហយាត្រា​កងទ័ព​