អ៊ីរ៉ង់​ហៅ​ទណ្ឌកម្ម​របស់​អាម៉េរិក​ថា “​សង្គ្រាម​សេដ្ឋកិច្ច​” ហើយ​ថា​គ្មាន​ការចរចា​ឡើយ ដរាបណា​ដក​ទណ្ឌកម្ម​ចេញ​សិន​

168
ចែករម្លែក

​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មិថុនា អ៊ីរ៉ង់​បាន​ហៅ​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​ថា​ជា “​សង្គ្រាម​សេដ្ឋកិច្ច​” និង​បាន​និយាយថា​ នឹងមិន​មានការ​ចរចា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ទេ ​រហូតដល់​ទណ្ឌកម្ម​ត្រូវបាន​ដកចេញ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានលើកឡើង​ថា ខ្លួន​អាច​រៀបចំ​កិច្ចចរចា​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ ប្រសិនបើ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាត ហ្សា​រី​ហ្វ បាន​សរសេរ​នៅលើ Twitter អម​ជាមួយ​វីដេអូ​ឃ្លី​ប​នៃ​ស្ត្រី​ម្នាក់ ដែល​និយាយថា ​ជើងសិប្បនិម្មិត​ដែល​កូនប្រុស​គាត់​ត្រូវការ​ត្រូវបាន​ដាក់ទណ្ឌកម្ម យ៉ាង​ដូច្នេះ​ថា “​ភេរវកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​បាន​ផ្តោត​គោលដៅ​ទៅលើ​ជន​ស៊ីវិល​ស្លូតត្រង់​។ ដូច​ក្មេងប្រុស​តូច​ម្នាក់នេះ​អ៊ីចឹង ម្តាយ​ខូចចិត្ត​របស់​ក្មេង​នេះ​មិនអាច​ទទួលបាន​ជើងសិប្បនិម្មិត​សម្រាប់​កូនប្រុស​ទេ នៅពេល​កូន​ធំ​ដឹងក្តី​។ ជើងសិប្បនិម្មិត​ត្រូវបាន​ដាក់ទណ្ឌកម្ម​”​។

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​មិនអាច​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​វីដេអូ​នោះបានទេ​។​

​លោក​ហ្សា​រី​ហ្វ​បាន​បន្ថែម​នៅក្នុង Twitter ថា “​នេះ​គឺជា​សង្គ្រាម​សេដ្ឋកិច្ច​របស់​ដូ​ណា​ល់ ត្រាំ​។ ហើយ​សង្គ្រាម​និង​ការ​ច​រា ទោះ​មាន​ឬ​គ្មាន​បុ​រេ​លក្ខខណ្ឌ គឺ​មិន​ស៊ីគ្នា​នោះទេ​”​។

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ​លោក​ម៉ៃ ផ​ម​ផេ​វ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២​មិថុនា​ថា សហរដ្ឋ​អាម៉េរិក​បាន​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ចរចា​ជាមួយ​អ៊ីរ៉ង់​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ត្រូវ​ឃើញ​ប្រទេស​នេះ​ប្រព្រឹត្ត​ដូច “​ប្រទេសជាតិ​ធម្មតា​ដទៃទៀត​” ជាមុនសិន​។​

​ភាព​តានតឹង​រវាង​សត្រូវ​ទាំង​ពីរបាន​កើនឡើង​កាលពី​ខែ​មុន ពោលគឺ​មួយឆ្នាំ​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​មួយ​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំមុន​និង​រឹតបន្តឹង​អ៊ីរ៉ង់​យ៉ាងខ្លាំង​នៅ​ដើមខែ​នេះ​ដោយ​បញ្ជា​ឱ្យ​ប្រទេស​ទាំងអស់​បញ្ឈប់​ការ​នាំចូល​ប្រេង​របស់​អ៊ីរ៉ង់​។ អាម៉េរិក​ក៏បាន​ព្រលយ​ផងដែរ​អំពី​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​ដោយ​បញ្ជូន​កងកម្លាំង​បន្ថែម​ទៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​ពណ៌នា​ថា​ជាការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​។​

​សម្រាប់​អ៊ីរ៉ង់​វិញ​គឺ​បាន​ឆ្លើយតប​ដោយ​គំរាម​បង្កើន​ផលិតកម្ម​អ៊ុយ​រ៉ានី​ញ៉ូ​ម​បន្ថែម​ពីលើ​ដែន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើទោះបីជា​មិនទាន់​បានធ្វើ​ដូច្នេះ​ក៏ដោយ​។​

​ភាគី​ទាំងពីរ​បានធ្វើការ​កត់សម្គាល់​ម្តង​ហើយ​ម្តងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​អំពី​លទ្ធភាព​ចរចា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ ដោយ​និយាយថា ភាគី​ម្ខាង​ទៀត​ត្រូវធ្វើ​សកម្មភាព​ជាមុនសិន​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតី​អ៊ីរ៉ង់​ហាស​សាន់ រូ​ហា​នី