អ៊ីរ៉ង់​អវត្តមាន​នៅ​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ប្រទេស​ប៉ូឡូញ​

293
ចែករម្លែក

​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​នឹង​ដឹកនាំ​ការជំរុញ​ថ្មី​មួយ​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​នៅឯ​សន្និសីទ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កុម្ភៈ​នេះ​នៅ​ទីក្រុង​វ៉ា​សូវី ដែល​គេ​កត់សម្គាល់​អំពី​អវត្តមាន​របស់​អ៊ីរ៉ង់​ក្នុងនាម​ជា​អ្នកចូលរួម​មួយ​ដែរ​។​

​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេ​ន និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​ទាំងពីរ​នាក់​នេះ​គ្រោង​នឹង​ថ្លែង​ទៅកាន់​ការជួបជុំ​របស់​ប្រទេស ៦០ នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ដែល​នឹង​ផ្សព្វផ្សាយ​ចក្ខុវិស័យ​ដឹកនាំ​ដោយ​អាមេរិក ដែល​មិន​រាប់បញ្ចូល​ក្តី​ស្រឡាញ់​ចំពោះ​អ៊ីរ៉ង់​ឡើយ​។​

​ប៉ុន្តែ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ភាគច្រើន​បាន​បញ្ជូន​តែ​មន្ត្រី​ថ្នាក់ទាប​ប៉ុណ្ណោះ​មក​ចូលរួម ពីព្រោះ​បានដឹង​មុន​ថា​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នឹង​រករឿង​បង្ក​ឈ្លោះ​តែ​លើ​អ៊ីរ៉ង់​មួយ​មុខ​គត់ គ្មានអ្វី​ផ្សេង​ក្រៅពីនេះ​ទេ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​បញ្ចៀស​ពី​ចំណាប់អារម្មណ៍​ទូទៅ​បាន ដោយ​ការចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​នៅ​រមណីយដ្ឋាន​សូ​ជី ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី និង​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន ស្តីពី​អនាគត​នៃ​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​

​អ្វីដែល​ធ្វើឱ្យ​ល្អក់កករ​ដល់​កិច្ចប្រជុំ​នៅ​វ៉ា​ស៊ី​វី​ដែរនោះ​គឺ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ភាគខាងត្បូង​អ៊ីរ៉ង់​បណ្តាលឱ្យ​ស្លាប់​ទាហាន​នៃ​ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ២៧ នាក់ ដែល​ទើបតែ​វិលត្រឡប់​ពី​ការ​ល្បាត​វិញ​។​

​អ៊ីរ៉ង់​ភ្លាមៗ​បាន​ភ្ជាប់​ការវាយប្រហារ​នេះ​ទៅនឹង​សន្និសីទ​នៅ​វ៉ា​សូវី កន្លែង​ដែល​ពួក​អ្នកគាំទ្រ​នៃ​អតីត​ក្រុមប្រឆាំង​ប្រដាប់អាវុធ​គ្រោង​នឹង​រៀបចំ​ការតវ៉ា​ថ្ងៃទី​២​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​កុម្ភៈ​នេះ​។​

​ដោយ​ហៅ​កិច្ចប្រជុំ​នៅ​ប្រទេស​ប៉ូឡូញ​ថា “​រោង​សៀក​វ៉ា​សូវី​” រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​និយាយថា វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​អ៊ីរ៉ង់​ត្រូវបាន​វាយប្រហារ​ដោយ​ភេរវកម្ម​នៅ​ថ្ងៃ​តែមួយ​ដែល​កិច្ចប្រជុំ​នៅ​វ៉ា​សូវី​ចាប់ផ្តើម​។​

​ប៉ុន្តែ​ក្រុម​ជ្រុលនិយម​មកពី​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​និកាយ​ស៊ុន​នី​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅក្នុង​តំបន់​រង្គោះរង្គើ បា​លូ​គី​ស្ថាន (Baluchistan) ស្ថិតនៅ​ភាគ​អាគ្នេយ៍​ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​។​

​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ស៊ុន​នី​ក៏​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​ធំ​មួយ​ទៅលើ​ក្បួន​យោធា​នៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ីរ៉ង់​កាលពី​ខែកញ្ញា​ផងដែរ​។​

​អំពើហិង្សា​ចុងក្រោយ​បំផុត​នេះ​និង​សន្និសីទ​នៅ​វ៉ា​សូវី​បាន​កើតឡើង​ចំពេល​ដែល​របប​អ៊ីរ៉ង់​និកាយ​ស៊ី​អ៊ី​ត​ប្រារព្ធ​ខួប​៤០​ឆ្នាំ ចាប់តាំងពី​បដិវត្តន៍​អ៊ីស្លាម​បាន​ទម្លាក់​រដ្ឋាភិបាល​ដែល​គាំទ្រ​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​នានា​ឈរ​ថតរូប​អំឡុង​សន្និសីទ​វ៉ា​សូវី​ស្តីពី​តំបន់​មជ្ឈិមបូព៌ា