អ៊ីរ៉ង់​អះអាងថា នាវា​ផ្ទុក​យន្តហោះ​លែង​ជា​ការបារម្ភ​និង​បដិសេធ​ចរចា​ជាមួយ​អាម៉េរិក​

594
ចែករម្លែក

​អាម៉េរិក​កាលពីពេល​ថ្មីៗ​បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា ចំ​ពេល​ភាព​តានតឹង​កើន​ឡើង​ជាមួយ​អ៊ីរ៉ង់​។​ក្នុងចំណោម​វត្ត​មាន​យោធា​នេះ រួម​មាន​នាវា​ផ្ទុក​យន្ត​​ហោះ​ដែល​អាម៉េរិក​បាន​បញ្ជូន​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ក្នុង​បំណង​រារាំង​អ្វី​ដែល​ខ្លួន​អះអាងថា​ការ​គំរាម​របស់​អ៊ីរ៉ង់​។​

​ទោះជា​យ៉ាងណា មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម ឧត្តម​សេនីយ៍​ហូ​សេន សាឡា​មី បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុងតេហេ​រ៉ង់​លែង​ព្រួយបារម្ភ​អំពី​នាវ​ផ្ទុក​យន្តហោះ​នេះ​ទៀតហើយ ​​ដោយសារ​តែ​អ៊ីរ៉ង់​ឥឡូវ​មាន​មធ្យោបាយ​ដើម្បី​ទប់ទល់​។​យោង​តាម​លោក ហូ​សេន សាឡា​មី អ៊ីរ៉ង់​មាន​ប្រព័ន្ធ​មួយ​ដែល​អាច​«​បង្វែរ​កាំជ្រួច​ផ្លោង​»​ទៅកាន់​គោលដៅ​ចល័ត​ណាមួយ ​​ដោយ​លោក​បាន​ហៅ​វា​ថា​ជា​« អព្ភូតហេតុ​នៃ​បច្ចេកវិទ្យា »​ដែល​មាន​តែ​ប្រទេស​បី​បួន​ដែលមាន​។​

​លោក​ថា «​សេណា​រី​យ៉ូនា​វា​ផ្ទុក​យន្តហោះ​ចប់​ហើយ​សម្រាប់​យើង​។​សព្វថ្ងៃ​យើង​ជា​មហាអំណាច​មិនចេះ​ចាញ់​មួយ ដោយសារ​យើង​ធ្លាប់​ផ្ចាញ់​សេណា​រី​យ៉ូរ​បស់​សត្រូវ​ទាំងអស់​»​។​

​ការ​អួតអាង​របស់​មេទ័ព​អ៊ីរ៉ង់​រូបនេះ​កើតឡើង​ចំពេល​មេដឹកនាំ​ជាន់ខ្ពស់​របស់​ខ្លួន លោក អាយ៉ា​តុឡា អា​លី ខា​មេ​នី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​ឧសភា​ថា អ៊ីរ៉ង់​នឹងមិន​ចរចា​​ជាមួយ​អាម៉េរិក​។​តែ​ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក ហាស​សាន រ៉ូ​ហានី បាន​និយាយថា រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ត្រៀម​ពិភាក្សា​ជាមួយ​អាម៉េរិក​បើរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ទណ្ឌ​​កម្ម​និង​ឈប់​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​។​

​ក្នុងពេល​ជាមួយគ្នា លោក​អាយ៉ា​តុឡា អា​លី ខា​មេ​នី​បាន​និយាយថា​«​អ៊ីរ៉ង់​មិន​បាន​ត្រៀម​ខ្លួន​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ខ្លះ​ជាមួយ​ប្រទេស​ផ្សេងៗ​ទេ​ ដូចជា​បញ្ហា​ស្នូល​នៃបដិ​​វត្ត​ន៍ និង​បញ្ហា​យោធា​របស់​យើង​…»​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​បាន​កើន​ឡើង​តាំងពី​កាលពី​ឆ្នាំមុន​នៅពេល​អាម៉េរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​អ៊ីរ៉ង់​​ជា​ឯ​តោ​ភាគី​ និង​បាន​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​៕​ដោយ​៖​វាសនា​/Ha

មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ លោក អាយ៉ា​តុឡា អា​លី ខា​មេ​នី បាន​និយាយថា​អ៊ីរ៉ង់​មិន​មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​អាម៉េរិក​ទេ តែ​នឹង​បន្ត​ប្រឆាំង​ទល់​នឹង​អាម៉េរិក