អ៊ីរ៉ង់ ព្រមាន​ឆ្លើយតប​ភ្លាម​ចំពោះ​អំពើ​របស់​អាម៉េរិក​ពាក់​ព័ន្ធ​ការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​

3909
ចែករម្លែក

​អ៊ីរ៉ង់​បាន​ព្រមាន​អាម៉េរិក​ថា អំពើ​ណាមួយ​ប្រឆាំង​ខ្លួន ក្រោយ​ឧបទ្ទវហេតុ​វាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​នឹង​ជួប​ការឆ្លើយតប​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ នេះ​​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​IRNA​នៃ​ប្រទេស​នេះ​។​

IRNA​បាន​និយាយថា ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ក៏​អាច​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ ដោយសារ​អាម៉េរិក​នៅ​​មិន​ទាន់​ចេញ​ទិដ្ឋាការ​ដល់​ពួក​លោក​។​

​ជំនួប​នៅ​អង្គការសហប្រជាជាតិ​ត្រូវបាន​គេ​គិតថា​ជា​ឱកាស​មួយ​សំរាប់​កិច្ចពិភាក្សា​ដោយផ្ទាល់​រវាង​ប្រធានាធិបតី​អ៊ីរ៉ង់​និង​សម​ភាគី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ចំ​ពេល​មាន​ភាព​តា​ន​​តឹង​កាន់តែខ្លាំង​និង​ការវាយប្រហារ បន្ទាប់​ពី​អាម៉េរិក​ដកខ្លួន​ជា​ឯ​តោ​ភាគី​ចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​កាលពី​១​ឆ្នាំមុន​។​

​ទោះជា​យ៉ាងណា ការវាយប្រហារ​នៅ​អា​រ៉ាប៊ីសាអូឌីត និង​សម្តី​ខ្លាំងៗ​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បង្ហាញថា កិច្ចពិភាក្សា​ដូច្នេះ​ទំនងជា​មិន​អាច​កើតមាន​ទេ​។​

​តាមរយៈ​លិខិត​មួយ​ផ្ញើ​តាម​អ្នកការទូត​ស្វីស អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​បានបញ្ជាក់​អះអាងថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​អា​រ៉ាប៊ីសាអូឌីត​ទេ ហើយ​«​ចំណាត់ការ​ណាមួយ​​ប្រឆាំង​អ៊ីរ៉ង់ នឹង​ជួប​ការឆ្លើយតប​ពី​អ៊ីរ៉ង់​ភ្លាម​»​។​

​ដោយសារ​ហេតុ​ការវាយប្រហារ​នេះ អា​រ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា​ខ្លួន​បាន​ចូលរួម​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ធានា​ផ្លូវទឹក​របស់​មជ្ឈិមបូព៌ា​ពី​ការ​គំរាម​​របស់​អ៊ីរ៉ង់​ខណៈ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ប្រាប់​ទៅ​អា​រ៉ាប៊ីសាអូឌីត​ថាខ្លួន​មើលឃើញ​ការវាយប្រហារ​នេះ​ជា​ការព្រមាន​អោយ​បញ្ចប់សង្គ្រាម​របស់​អា​រ៉ាប៊ីសាអូឌីតនៅ​ក្នុងប្រ​ទេស​​យែ​ម៉ែន​។​

​ក្រុម​ឧទ្ទាម​ហូ​ទី នៅយែ​ម៉ែន ដែល​អ៊ីរ៉ង់​គាំទ្រ បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត ហើយ​អាម៉េរិក​ចោទប្រកាន់​ថា​អ៊ីរ៉ង់​នៅ​ពីក្រោយ​​ខណៈ​អា​រ៉ាប៊ីសាអូឌីត​អះអាងថា សព្វាវុធ​អ៊ីរ៉ង់​ត្រូវបាន​យកមកប្រើ​ក្នុង​ការវាយប្រហារ​នេះ​៕​ដោយ​៖​វាសនា​

អាម៉េរិក​បន្ទោស​អ៊ីរ៉ង់​ថា​នៅ​ពីក្រោយ​ការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត