អ៊ីរ៉ង់ ព្រមាន​អាម៉េរិក​ថា​នឹង​ជួប​ចម្លើយ​តប​ខ្លាំង​ជាង​មុន «​បើ​ហ៊ាន​រំលោភ​ដែល​អាកាស​អ៊ីរ៉ង់​ជាថ្មី​»

754
ចែករម្លែក

​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២​កើនឡើង​យ៉ាងគំហុក​កាលពី​សប្តាហ៍​មុន​ក្រោយពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក​មួយ​នៅក្នុង​អ្វីដែល​​អ៊ីរ៉ង់​អះអាងថា​ស្ថិតក្នុង​ដែនអាកាស​របស់ខ្លួន​។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា ដ្រូ​ន​RQ-4 Global Hawk ដែល​ត្រូវបាន​បាញ់​ទម្លាក់​នេះ​បាន​ស្ថិតនៅ​លើ​ដែន​​ទឹក​អន្តរជាតិ និង​ប៊ិះ​ធ្វើ​ការវាយប្រហារ​សងសឹក​។​

​អា​លី ឡា​រី​ចា​នី ប្រធានសភា​អ៊ីរ៉ង់ បាន​ព្រមាន​ថា យោធា​អាម៉េរិក​នឹងរង​ចម្លើយ​តប​កាន់តែខ្លាំង​ឡើង បើ​ខ្លួន​ហ៊ាន​រំលោភ​ព្រំដែន​អ៊ីរ៉ង់​។​«​ការបាញ់​ទម្លាក់ដ្រូន​មួយ​ជា​មេរៀន​​មួយ​សំរាប់​កុំអោយ​ពួកគេ​រំលោភ​ព្រំដែន​យើង​។​តែ​បើ​ពួកគេ​ហ៊ាន​ធ្វើ​វា កងកម្លាំងប្រដាប់អាវុធ​នឹង​ប្រតិកម្ម​ខ្លាំង​ជាង​មុន​»​។​

​ប្រធានសភា​រូបនេះ​ក៏​បាន​វាយប្រហារ​រិះគន់​គោលនយោបាយ​ការបរទេស​អាម៉េរិក​និង​អះអាងថា រដ្ឋាភិបាល​អាម៉េរិក​ជា​«​មូលហេតុ​ចម្បង​នៅ​ពីក្រោយ​ការរំខាន​សន្តិភាព​និង​​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក​»​។​

អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​ឈ្លបយកការណ៍​US RQ-4 Global Hawk​នៅ​ជិត​ច្រក​សមុទ្រហ័​រមូស ដែល​បាន​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​

​ជុំវិញ​ការធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ កាលពី​ថ្ងៃ​សុក្រ​ទី​២៨​មិថុនា អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​​ជូន​ដំណឹង​ថា ដ្រូ​ន​នេះ​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន​ក្នុងពេល​ត្រូវ​បានបាញ់​ទម្លាក់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​Tasnim បាន​ស្រង់​សម្តី​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​និយាយថា​«​បណ្តឹង​និយាយថា អ៊ីរ៉ង់​រក្សា​សិទ្ធិ​ការពារ​ដែនអាកាស​របស់​ខ្លួន​ហើយ​ប្រ​​ឈម​ដោះស្រាយ​នឹង​ការរំលោភ​ណាមួយ​»​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​វ៉ាស៊ីនតោន បាន​ជាប់​ក្នុង​ការប្រឈមមុខ​ដាក់​គ្នា ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​ដកខ្លួន​ជា​ឯ​តោ​ភាគី​​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ពហុភាគី​ឆ្នាំ​២០១៥ ជាមួយ​អ៊ីរ៉ង់ និង​បាន​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ សាជាថ្មី​។​

​ក្នុងពេល​ជាមួយគ្នា អ៊ីរ៉ង់​បាន​គំរាម​បោះបង់​ចោល​ការសន្យា​របស់​ខ្លួន​ខ្លះ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ បើ​សិន​ជា​ដៃគូ​នៅ​សេសសល់ រួម​មាន​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​និង​​រុស្ស៊ី មិន​ជួយ​រក​វិធី​ខ្លួន​ដើម្បី​ប៉ះប៉ូវ​ការខូចខាត​បណ្តាលមកពី​ទណ្ឌកម្ម​អាម៉េរិក​ទេ​៕​ដោយ​៖​វាសនា​​