អ៊ីរ៉ង់ ៖ អាម៉េរិក​ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប្រសិនបើ​ពួកគេ​ចង់​ចរចា​

196
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា​នេះ​ថា សហរដ្ឋ​អាម៉េរិក​ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​សំខាន់ និង បញ្ឈប់ “​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​” ប្រឆាំងនឹង​អ៊ីរ៉ង់ ប្រសិនបើ​អាម៉េរិក​ចង់​ធ្វើ​កិច្ចចរចា​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជាប់ផុង​ក្នុង​ជម្លោះ​ដ៏​ជូរចត់ ចាប់តាំងពី​ឆ្នាំមុន​នៅពេល​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​បន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​ប​រ​មា​ណូ​របស់​អ៊ីរ៉ង់​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត ក្នុង​លទ្ធភាព​ទម្លាយ​ភាពទាល់ច្រក​មួយ ដែល​បាន​មូលមតិ​គ្នា​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G7 នៅឯ​រមណីយដ្ឋាន​មាត់សមុទ្រ​បារាំង​គឺ​ទីក្រុង​ប្យ៊ែ​រ​រីត​។​

​ប៉ុន្តែ​លោក​រូ​ហា​នី​បាន​និយាយថា​វ៉ាស៊ីនតោន​ត្រូវតែ​ដក​ទណ្ឌកម្ម ដែល​បានដាក់ ចាប់តាំងពី​អាម៉េរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​រដ្ឋមន្ត្រីការបរទេស​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បានបញ្ជាក់​សាជាថ្មី​នូវ​សម្តី​ដដែល​នេះ​ផងដែរ​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ថា “​សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់​ហើយ​វា​មិនអាច​ទៅរួច​ទេ​សម្រាប់​យើង​ចូលរួម​ជាមួយ​សហរដ្ឋ​អាម៉េរិក លុះត្រាតែ​ពួកគេ​ឈប់​ធ្វើសង្គ្រាម ដែល​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជន​អ៊ីរ៉ង់​”​។

​ដោយ​សំដៅលើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ លោក​បាន​បន្ថែមថា “​យើង​បាន​និយាយ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​រួចហើយ យើង​បាន​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​រួចហើយ យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​រួចហើយ ហើយ​ពួកគេ​ត្រូវតែ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​យើង​បាន​សម្រេចបាន មុនពេល​ពួកគេ​រំពឹងថា​មាន​កិច្ចចរចា​បន្ថែមទៀត​”​។​

​លោក​និយាយទៀតថា អ៊ីរ៉ង់​នៅតែ​ពិភាក្សា​ជាមួយ​មហាអំណាច​ពិភពលោក​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នេះ​។​

​លោក​បាន​បន្ថែមថា “​ប្រសិនបើ​អាម៉េរិក​ចង់​ត្រឡប់មក​បន្ទប់​ចរចា​វិញ គឺមាន​សំបុត្រ​មួយ​ដែល​ពួកគេ​ត្រូវតែ​ទិញ ហើយ​សំបុត្រ​នោះ​គឺ​គោរ​កិច្ចព្រមព្រៀង​”​។​

​ការប្រកាស​របស់លោក​ត្រាំ​នៅ​សប្តាហ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ហ្សា​រី​ហ្វ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង​ជា​លើក​ទី​ពីរ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ហើយ​បាន​ប្រជុំ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G7​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ ក៏បាន​អំពាវនាវ​ផងដែរ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​អ៊ីរ៉ង់​ចូលមក​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក​អេ​ស្ពើ​និយាយថា “​យើង​មិន​ស្វែងរក​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ទេ​។ យើង​ចង់​ទាក់ទង​ជាមួយ​ពួកគេ​តាម​ការទូត​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ