អ៊ីរ៉ង​ប្តេជ្ញា​បិទ​ច្រក​សមុទ្រ​សំខាន់ ប្រសិនបើ​អាមេរិក​កាត់ផ្តាច់​ការនាំចេញ​ប្រេង​របស់ខ្លួន​

763
ចែករម្លែក

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស​សាន់ រូ​ហា​នី កាលពី​ថ្ងៃ​អង្គារ​ទី​៤​ធ្នូ បាន​គំរាម​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ជាថ្មី​ម្តងទៀត ដែលជា​ផ្លូវទឹក​សំខាន់​សម្រាប់​ជំនួញ​ប្រេង​តាម​សមុទ្រ​ជិត ១ ភាគ ៣ នៃ​ប្រេង​ទាំងអស់ ប្រសិនបើ​អាមេរិក​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​។​

​ទូរទស្សន៍​រដ្ឋ​បាន​ស្រង់​សម្តី​លោក​រូ​ហា​នី​ដោយ​និយាយថា “​ប្រសិនបើ​ថ្ងៃ​ណាមួយ​សហរដ្ឋអាមេរិក​សម្រេចចិត្ត​បិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ នោះ​នឹង​គ្មាន​ប្រេង​ណា​អាច​នាំ​ចេញពី​ឈូង​សមុទ្រ​ពែ​ក្ស​បានឡើយ​”​។​

​ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​មាត់​ឈូង​សមុទ្រ​ពែ​ក្ស​គឺ​សំខាន់​ខ្លាំងណាស់​ចំពោះ​ការផ្គត់ផ្គង់​ថាមពល​លើ​សកលលោក​។​

​លោក​រូ​ហា​នី​ក៏បាន​សន្យាថា សហរដ្ឋអាមេរិក​នឹង​មិនអាច​ទប់ស្កាត់​អ៊ីរ៉ង់​ពី​ការនាំចេញ​ប្រេង​ឆៅ​បានទេ​។​

​លោក​រូ​ហា​នី​បានធ្វើការ​គំរាមកំហែង​ស្រដៀង​គ្នា​នេះ​នៅ​ប៉ុន្មាន​ខែ​មកនេះ ចាប់តាំងពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ហើយ​បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ឡើងវិញ​។ លោក​ត្រាំ​បាន​សន្យាថា​នឹង​កាត់ផ្តាច់​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ទាំងស្រុង​នៅ​ទីបំផុត ប៉ុន្តែ​រដ្ឋបាល​ត្រាំ​បានផ្តល់​ការលើកលែង​ចំពោះ​ប្រទេស​មួយចំនួន​។​

​សម្តី​ម៉ាត់ៗ​របស់លោក​រូ​ហា​នី​ត្រូវបាន​ទទួលយក​ដោយ​ភាពកក់ក្តៅ​ពី​សំណាក់​គូប្រជែង​នយោបាយ​ក្បាលរឹង​នៅក្នុង​ស្រុក​របស់គាត់​។​

​លោក​ប្រាយ​អ៊ែន ហ៊ុ​គ តំណាង​របស់​អាមេរិក​សម្រាប់​គោលនយោបាយ​អ៊ីរ៉ង់ បាន​ច្រាន​ចោលការ​គំរាម​របស់លោក​រូ​ហា​នី ដោយ​កត់សម្គាល់ថា អ៊ីរ៉ង់​មិនមែនជា​អ្នកត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ទេ​។

​លោក​និយាយថា “​ច្រក​សមុទ្រ​ហ័​រ​មូស​គឺជា​ផ្លូវទឹក​អន្តរជាតិ​។ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​ដើម្បី​ធានាឱ្យមាន​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅ​ផ្លូវទឹក​អន្តរជាតិ​”៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់​គំរាម​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស ប្រសិនបើ​អាមេរិក​កាត់ផ្តាច់​ការនាំចេញ​ប្រេង​របស់ខ្លួន