អ៊ីរ៉ាក់​សុំ​ធ្វើជា​អ្នកសម្របសម្រួល​ក្នុង​វិបត្តិ​អាមេរិក​-​អ៊ីរ៉ង់​

559
ចែករម្លែក

​អ៊ីរ៉ាក់​បាន​ផ្តល់ជូន​ការសម្របសម្រួល​ក្នុង​វិបត្តិ​រវាង​សម្ព័ន្ធមិត្ត​សំខាន់​ទាំងពីរ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់ ចំពេល​មាន​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​និង​ខណៈដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយនឹង​មហាអំណាច​ពិភពលោក​ចាប់ផ្តើម​ខូចខាត​បន្តិច​ម្តងៗ​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ាក់​លោក​ម៉ូ​ហា​ម៉េ​ត អាល់​ហា​គីម (Mohammed al-Hakim) បានធ្វើការ​ផ្តល់ជូន​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅ​ទីក្រុង​បា​ដា​ដ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ (Mohammad Javad Zarif)​។​

​លោក​អាល់​ហា​គីម​បាន​និយាយថា “​យើង​កំពុង​ព្យាយាម​ជួយ​និង​ក្លាយជា​អ្នកសម្របសម្រួល​” ដោយ​បន្ថែមថា​រដ្ឋាភិបាល​ក្រុង​បា​កដាដ “​នឹង​ធ្វើការ​ដើម្បី​សម្រេចបាន​នូវ​ដំណោះស្រាយ​មួយ​ដែល​ពេញចិត្ត​” ខណៈ​សង្កត់ធ្ងន់ថា​អ៊ីរ៉ាក់​ប្រឆាំងនឹង​ចំណាត់ការ​ឯកតោភាគី​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​ហេ​រ៉ង់​បាន​កើនឡើង​ខ្លាំង​ជុំវិញ​អាមេរិក​ដាក់ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស ជុំវិញ​ការគំរាមកំហែង​ដែល​មិនអាច​ពន្យល់បាន ដែល​អាមេរិក​ទទួលរង​ពី​អ៊ីរ៉ង់​។ សហរដ្ឋអាមេរិក​ក៏មាន​គម្រោង​បញ្ជូនទាហាន​បន្ថែមចំនួន ៩០០ នាក់​ពីលើ​ទាហាន​មាន​ស្រាប់ ៦០០ នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​បន្លាយពេល​ស្នាក់នៅ​របស់​ពួកគេ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ាក់​លោក​ម៉ូ​ហា​ម៉េ​ត អាល់​ហា​គីម (​ស្តាំ​) ចាប់ដៃ​ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ នៅ​ទីក្រុង​បា​ដា​ដ​កាលពី​ថ្ងៃអាទិត្យ