អ៊ីស្រាអែល​បញ្ជូន​យានអវកាស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​

388
ចែករម្លែក
  • 18
    Shares

​យានអវកាស​អ៊ីស្រាអែល​បាន​បាញ់​បង្ហោះ​ឆ្ពោះទៅរក​ព្រះ​ចន្ទ​សម្រាប់​ការចុះ​ចត​លើកទីមួយ​របស់​ប្រទេស​នេះ​នៅលើ​ឋាន​ព្រះ​ចន្ទ បន្ទាប់ពី​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ​ដោយ​ក្រុមហ៊ុន SpaceX ។​

​ផ្កាយរណប​គមនាគមន៍​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ការដឹកជញ្ជូន​សំខាន់​នៅលើ​យាន​រ៉ុក្កែត Falcon 9 ដែល​បំភ្លឺ​ផ្ទៃមេឃ ខណៈដែល​វា​កំពុង​ហោះ​។ ប៉ុន្តែ​យាន​សម្រាប់​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អ៊ីស្រាអែល​ឧ​ប​ត្ត​ម្ភ​ដោយ​ឯកជន ដែលជា​យាន​ទីមួយ​មិនមែន​ត្រឹមតែ​សម្រាប់​អ៊ី​ស្រា​អ៊ែ​ល​តែ​សម្រាប់​ពាណិជ្ជកម្ម​លើ​អវកាស​ផង​នោះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​។​

​អ៊ីស្រាអែល​បាន​ព្យាយាម​ក្លាយទៅជា​ប្រទេស​ទី​បួន​ដែល​ចុះចត​ជោគជ័យ​នៅលើ​ឋាន​ព្រះ​ចន្ទ​បន្ទាប់ពី​រុស្ស៊ី​សហរដ្ឋអាមេរិក​និង​ចិន​។ យានអវកាស ឈ្មោះ Beresheet ឬ “In the Beginning” នឹង​ចំណាយពេល​ជិត​ពីរ​ខែ​ដើម្បី​ទៅដល់​ឋាន​ព្រះ​ចន្ទ​។​

​លោក​យូ​ណា​តាន់ វ៉ា​ញ​ត្រូ​ប (Yonatan Winetraub) សហ​ស្ថាបនិក​របស់​អង្គ​ការមិន​រកប្រាក់​ចំណេញ​ឈ្មោះ SpaceIL ដែល​នៅ​ពីក្រោយ​កិច្ចប្រឹងប្រែង​នេះ​បាន​និយាយថា “​យើង​គិតថា​វា​ដល់ពេល​ត្រូវ​ផ្លាស់ប្តូ​រហើយ ហើយ​យើង​ចង់ឱ្យ​យាន​តូច​របស់​អ៊ីស្រាអែល​នេះ​ទៅដល់​ភព​ព្រះ​ចន្ទ​”​។​

​យោងតាម SpaceIL បានឱ្យដឹងថា ក្នុង​រយៈពេល ១ ម៉ោង​បន្ទាប់ពី​បាញ់​បង្ហោះ​រួចមក​នោះ យាន Beresheet បាន​បញ្ជូន​ទិន្នន័យ​ត្រឡប់មក​ផែនដី​វិញ ហើយ​បាន​បញ្ចេញ​ជើង​របស់​វា​ដោយ​ជោគជ័យ​។​

​យាន​ជើង​បួន Beresheet ដែលមាន​ទំហំ​ប៉ុន​ម៉ាស៊ីន​បោកគក់ នឹង​ហោះ​ក្រឡឹង​ជុំវិញ​ផែនដី​នៅ​គម្លាត​កាន់តែ​ឆ្ងាយ​ទៅៗ​រហូតដល់​វា​ត្រូវ​ទាញយក​ដោយ​ទំនាញ​ព្រះ​ចន្ទ និង ចូលទៅក្នុង​គន្លង​ជុំវិញ​ព្រះ​ចន្ទ​។ ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែមេសា​៕ ដោយ៖ កញ្ញាដាលីស

យាន​ជើង​បួន Beresheet រំពឹង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី​១១​មេសា