អ៊ីស្រាអែល​ផលិត​កាំជ្រួច​ដែល​ស្ទើរ​មិនអាច​ស្ទាក់​កំទេច​បាន​

3976
ចែករម្លែក
  • 133
    Shares

​អ៊ីស្រាអែល​បាន​ផលិត​កាំជ្រួច​លឿន​ជាង​សម្លេង​ថ្មី​មួយ​ដែល​ស្ទើរតែ​មិនអាច​ស្ទាក់​បំផ្លាញចោល​បាន ខណៈ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​បន្ត​កើនឡើង​។

​កាំជ្រួច​ពី​អាកាស​មក​ដី ឈ្មោះ​យកតាម​វីដេអូ​ហ្គេម​Rampage ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​Israel Aerospace Industries (IAI) និង​ប្រព័ន្ធ​ឧស្សាហកម្ម​យោធា​​អ៊ីស្រាអែល (IMI)​។​

​យោងតាម​អ្នក​ផលិត​វា សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​នេះ​ត្រូវបាន​បំពាក់​ក្បាល​គ្រាប់ ម៉ាស៊ីន​រ៉ុក្កែត​និង​ឧបករណ៍​បង្ហាញផ្លូវ​ជឿនលឿន​ដែល​អាច​អនុញ្ញាតអោយ​វា​វាយ​ចំ​គោល​​បានល្អ​។​

​អា​មី​ត ហាយ​ម៉ូ​វី​ច នាយ​កនៅ​IAI បាន​ប្រាប់​កាសែត​Jerusalem Post​ថា​” វា​អាច​ស្ទាក់​ចាប់បាន តែ​ពិបាក​។​បើ​និយាយ​អំពី​សង្វៀន​មជ្ឈិមបូព៌ា កាំជ្រួច​នេះ​អាច​វាយ​គោល​ដៅ​ក្នុង​ចម្ងាយ​នៃ​ការប្រឈមមុខគ្នា ដោយ​គ្មាន​គំរាម​ដល់​ប្រភព​បាញ់​ចេញ​ទេ​”​។​

​កាំជ្រួច​ប្រវែង​៤,៧​ម៉ែត្រ ទម្ងន់​៥៧០​គីឡូក្រាម​នេះ ត្រូវបាន​ផលិតឡើង​សំរាប់​វាយប្រហារ​លើ​មជ្ឈមណ្ឌល​បញ្ជាការ មូលដ្ឋាន​ទ័ពអាកាស ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​គោលដៅ​​មាន​តំលៃ​ក្នុង​សមរភូមិ​ដែល​ការពារ​ដោយ​កាំភ្លើង​ប្រឆាំង​យន្តហោះ​។​

​ការប្រកាស​របស់​អ៊ីស្រាអែល​អំពី​កាំជ្រួច​ថ្មី​នេះ​កើតឡើង​ចំពេល​ប្រទេស​សម្ពន្ធមិត្ត​របស់​អាមេរិក​នេះ​កាន់តែ​មាន​ភាព​តានតឹង​ជាមួយ​ទាហាន​អ៊ីរ៉ង់​ដែល​ឈរជើង​នៅ​ស៊ី​រី​និង​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​ព្រំដែន​ហ្កា​ហ្សា​។​

​អ៊ីស្រាអែល​និង​អ៊ីរ៉ង់ កំពុងស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​នឹង​គ្នា​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែ​មុន​។​​ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់​នៅ​ព្រំដែន​ស៊ី​រី​នៅពេល​ទាហាន​អ៊ីរ៉ង់​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ដាក់​គោលដៅ​យោធា​អ៊ីស្រាអែល​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​ហាយ​។​

​ទាហាន​អ៊ីស្រាអែល​ដែល​គាំទ្រ​ដោយ​អាមេរិក​បន្ទាប់មក​បាន​វាយប្រហារ​ដោយ​កាំជ្រួច​ស្រោច​លើ​ទីតាំង​អ៊ីរ៉ង់​ជាច្រើន​នៅ​ស៊ី​រី ហើយ​បើតាម​សេចក្តីរាយការណ៍​ថា​បណ្តាល​​អោយស្លាប់​មនុស្ស​រាប់រ​យ​នាក់​។​ក្នុងពេល​ជាមួយគ្នា យោធា​អ៊ីស្រាអែល​ក៏​វាយប្រហារ​គោលដៅ​៥៥​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្កា​ហ្សា​កាលពី​ខែ​មុន រួមមាន​បរិវេណ​យោធា​​អគារ​ដាក់​ដ្រូ​ន​សំរាប់​គោលដៅ​ភេរវកម្ម​និង​កន្លែង​ហ្វឹកហាត់​៕ដោយ៖វាសនា

កាំជ្រួចនេះត្រូវបានផលិតឡើងសំរាប់បំពាក់លើយន្តហោះF-15, F-16 និង F-35 ហោះបានចម្ងាយ១៥០គីឡូម៉ែត្រក្នុងល្បឿនលឿនជាងសម្លេង