អ៊ីស្រាអែល​វាយប្រហារ​គោល​ដៅ​របស់​ក្រុម​ហា​ម៉ាស​ប្រមាណ​៨០​នៅ​ហ្កា​ហ្សា​

2591
ចែករម្លែក

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរិ៍ទី២៧តុលាថា ខ្លួនបានវាយប្រហារលើកន្លែងផលិតអាវុធ២ មូលដ្ឋាន៥ ជំរំហ្វឹកហាត់១ និងផ្លូវចូលរូងក្រោមដីមួយព្រមទាំងប៉មត្រួតពិនិត្យមួយក្នុងចំណោមគោលដៅរបស់ក្រុមហាម៉ាសនៅហ្កាហ្សា ស្រ្ទីប។

កងទ័ពអ៊ីស្រាអែល(IDF)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា« ក្នុងការឆ្លើយតបចំពោះអំពើរបស់ចលនាហាម៉ាសប៉ាឡេស្ទីន យន្តហោះប្រយុទ្ធជាច្រើនគ្រឿង ​​ ឧទ្ធម្ភាគចក្រនិងយន្តហោះផ្សេងទៀតរបស់កងកម្លាំងយោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារកាលពីរំលងអាធ្រាតលើគោលដៅប្រមាណ៨០នៅទូទាំងហ្កាហ្សាស្រ្ទីប»។

IDFបាននិយាយថាខ្លួនបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនៅហ្កាហ្សាស្រ្ទីបជាការឆ្លើយតបនឹងការបាញ់ផ្លោងចេញពីតំបន់នេះ។កាលពីយប់ថ្ងៃសុក្រ រ៉ុក្កែត១២គ្រាប់ត្រូវបានបាញ់ចេញពីហ្កាហ្សាមកលើអ៊ីស្រាអែល តែ៨ដើមត្រូវបានស្ទាក់កំទេចដោយជោគជ័យពីសំណាក់ទាហានដែលប្រើប្រព័ន្ធការពារអាកាសIron Dome។

មុននេះក្នុងថ្ងៃសៅរិ៍ IDFបាននិយាយថារ៉ុក្កែត៣០ដើមត្រូវបានបាញ់ចេញពីហ្កាហ្សា ជាហេតុនាំអោយនាយអគ្គសេនាធិការកងទ័ពបានកោះប្រជុំបន្ទាន់ជាមួយមេយោធានិងសន្តិសុខដើម្បីដាក់ចេញវិធានការឆ្លើយតប។

ការវាយប្រហារចេញពីភូមិរបស់ប៉ាឡេស្ទីននេះនិងការឆ្លើយតបដោយការវាយប្រហារតាមផ្លូវអាកាសពីអ៊ីស្រាអែល បានកើតឡើងក្រោយការតវ៉ាប្រឆាំងរបស់ជនប៉ាឡេស្ទីនរាប់ពាន់នាក់នៅតាមបណ្តោយរបងព្រំដែនហ្កាហ្សា ដែលបណ្តាលអោយអ៊ីស្រាអែលឆ្លើយតបដោយបាញ់ឧស្ម័នហៀរទឹកភ្នែកនិងបាញ់គ្រាប់ពិតសម្លាប់មនុស្ស៣នាក់៕ដោយ៖វាសនា