អ៊ីស្រាអែល​៤​នាក់​និង​ជន​ប៉ាឡេ​ស្ទីន​២៣​នាក់​ស្លាប់ ក្រោយ​រ៉ុក្កែត​៦០០​គ្រាប់​ត្រូវបាន​បាញ់​ពី​ហ្កា​ហ្សា​ ចូល​អ៊ីស្រាអែល​

945
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​កំពុង​កើនឡើង​នៅ​ភាគី​ទាំង​២ បន្ទាប់​ពី​អំពើ​ហិង្សា​ឆ្លងកាត់​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប អស់​រយៈពេល​៣​ថ្ងៃ​។​

​ការប៉ះទង្គិច​ខ្លាំង​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​រហូត​មកដល់ពេលនេះ​បាន​បណ្តាលឱ្យ​ស្លាប់​យ៉ាងហោច​ណាស់​ជនជាតិ​អ៊ីស្រាអែល​ចំនួន​៤​នាក់​និង​ជន​ប៉ាឡេ​ស្ទីន​២៣​នាក់​​បាន​ស្លាប់​។​

​កងទ័ព​អ៊ីស្រាអែល​និយាយ​ថា ​គ្រាប់​រ៉ុក្កែត​ជាង​៦០០​គ្រាប់​ត្រូវបាន​បាញ់​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក ខណៈពេល​ដែល​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​​ចំនួន​៣២០ ​ជា​ការឆ្លើយតប​។​

​សហគមន៍​អន្តរជាតិ ដោយ​រួមមាន​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​មាន​ភាពស្ងប់ស្ងាត់​។​មាន​សេចក្តីរាយការណ៍កាលពី​ថ្ងៃអាទិត្យ​ថា អង្គការសហប្រជាជាតិ ប្រទេស​កាតា​​និង​អេ​ហ្ស៊ី​ប កំពុង​ព្យាយាម​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​។​

​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហូ​បាន​និយាយថា​ លោក​បាន​បញ្ជា​ឱ្យ​កងទ័ព​បន្ត​ការវាយប្រហារ​ដ៏​ខ្លាំង​របស់​ខ្លួន​លើ​ក្រុម​ភេរ​វករ​នៅ​​តំបន់​ហ្កា​ហ្សា​។​

រ៉ុក្កែតបាញ់ចេញពីតំបន់ហ្កាហ្សា

​អ៊ីស្រាអែល​បាន​និយាយថា កងទ័ព​ការពារ​ដែនអាកាស​របស់​ខ្លួន​បាញ់ក​ម្ទេចគ្រាប់​រ៉ុក្កែត​ច្រើនជាង​១៥០​គ្រាប់ រហូតមកទល់​ពេលនេះ​។ លោក ប៊ី​ន​ចាមីន ណេ​តាន់​យ៉ា​ហូ ​​បាន​និយាយ​ថា ​កងទ័ព​របស់​ខ្លួន​នៅ​តំបន់​នោះ នឹង​បង្កើនកម្លាំង​ជាមួយនឹង​រថក្រោះ កាំភ្លើង​ធំ និង​ទាហាន​ថ្មើរជើង​៕ដោយ៖សុខា/sn /Ha

ផ្សែងហុយ​ចេញពី​ការបាញ់​គ្រាប់កាំភ្លើង​បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កា​ហ្សា កាលពី​ថ្ងៃអាទិត្យ​ដែល​ជា​ការឆ្លើយតប​ការបាញ់​គ្រាប់​រ៉ុក្កែតច្រើន​គ្រាប់​ពី​តំបន់​ហ្កា​ហ្សា​

#