អ៊ី​ស៊ុយ​ហ្ស៊ុ​យ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ចូលរួម​ដណ្តើម​ចំណែក​ទីផ្សារ​រថយន្ត​ថ្មី​នៅ​កម្ពុជា

1061
ចែករម្លែក

​ដោយ​៖ រស្មី / ភ្នំពេញ​៖ ក្រុមហ៊ុន​អ៊ី​ស៊ុយ​ហ្ស៊ុ​យ (ISUZU) ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី មាន​ចំណែក​ទីផ្សារ​ធំ​នៅក្នុង​ប្រទេស​ថៃ កំពុងតែ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ ក៏ដូចជា​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​រថយន្ត​ផ្ទាល់ ដើម្បី​ដណ្តើម​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក តូ​ស៊ី​អាគី ម៉ា​អ៊ី​ហ្គា​វ៉ា (Toshiaki Maekawa) ប្រធាន​ក្រុមហ៊ុន ទ្រី​តិច អ៊ី​ស៊ុយ​ហ្ស៊ុ​យ សែ​ល លីមីត​ធិ​ត ដែល​គេ​ដឹងថា ជា​ក្រុម ហ៊ុន ដែល​កំពុងតែ​នាំចូល​រថយន្ត អ៊ី​ស៊ុយ​ហ្ស៊ុ​យ ថ្មី​មកកាន់​ប្រទេស​កម្ពុជា បាន​អះអាងថា ទីផ្សារ​រថយន្ត​នៅ​កម្ពុជា តូច ប៉ុន្តែ​មាន​សក្តានុពល ហើយ​ក្រុមហ៊ុន​កំពុងតែ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ពង្រីក​ទីផ្សារ​រថយន្ត​ថ្មី​នៅក្នុង​ប្រទេស។​

​លោក​បាន​អះអាងថា ទីផ្សារ​រថយន្ត​ថ្មី​នៅ​កម្ពុជា​មានតែ​១០ ភាគរយ​ទេ ខណៈដែល ៩០ ភាគរយ គឺជា​ទីផ្សារ​រថយន្ត​ជជុះ ហើយ​ស្ថានភាព​ទីផ្សារ​ក៏​កំពុងតែ ប្រឈម​នឹង​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​សភាពការណ៍​ថ្មីៗ ប៉ុន្តែ​ទីផ្សារ​នេះ គឺជា​ទីផ្សារ​ដែលមាន​ស​ក្តា​នុព​ល ដូច្នេះ ហើយ​ក្រុមហ៊ុន​កំពុងតែ​ដាក់ចេញ​ដើម្បី​ចូលរួម​ជំរុញ​ការប្រើប្រាស់​រថយន្ត​ថ្មី​នៅ​កម្ពុជា។​

​លោក​បាន​បន្តទៀតថា អ៊ី​ស៊ុយ​ហ្ស៊ុ​យ ទើបតែ​បាន​បើក​ទីផ្សារ​ថ្មី​នៅ​កម្ពុជា​ប្រហែលជា ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​ផ្អែកលើ​បទពិសោធន៍​នៃ​ភាពជោគជ័យ នៅលើ ទីផ្សារ​នៅ​ថៃ និង នៅ​អូស្ត្រាលី​ក្រុមហ៊ុន​រំពឹងថា នឹង​អាច​ដណ្តើម​ចំណែក​ទីផ្សារ​បាន​នៅ​កម្ពុជា។​

​លោក​បាន​បញ្ជាក់ថា “​តាំងពី​ខែ មិថុនា ឆ្នាំ​២០១៦ មក យើង​បាន​ដណ្តើម​ចំណែក​ទី​ផ្សាយ​លើ​រថយន្ត​ប្រភេទ SUV បាន តែ ៦​ភាគរយ​ទេ ហើយ រថយន្ត ប្រភេទ​ភិ​ច អាប់ (Pick Up Truck) ត្រឹមតែ​៣​ភាគរយ ប៉ុណ្ណោះ នៅ​កម្ពុជា ប៉ុន្តែ​បទពិសោធន៍​នៃ​ជោគជ័យ​នៅ​ថៃ ដែល ក្រុមហ៊ុន​អាច​ដណ្តើម​ចំណែក​ទីផ្សា​បាន​រហូតដល់ ទៅ ៣៦,៦​ភាគរយ សម្រាប់​ប្រភេទ ភិ​ចអាប់ នឹងមាន​សក្តានុពល​ស​ម្រា​ប់​ទីផ្សារ​កម្ពុជា​”​។

​លោកស្រី ផា​ណាត​ដា ចេ​ន​ណា​វ៉ា​ស៊ីន (Panatda Chennavasin) អនុប្រធាន​ប្រ​ណិ​ប​ត្តិ​នៃ​ក្រុមហ៊ុន ទ្រី​តិច អ៊ី​ស៊ុយ​ហ្ស៊ុ​យ សែ​ល លីមីត​ធិ​ត​បាន​អះអាងថា អ៊ី​ស៊ុយ​ហ្ស៊ុ​យ ដែលមាន​វត្ត​មាននៅ​ទីផ្សារ​ថៃ រយៈពេល ៦១ ឆ្នាំ គឺជា​បទពិសោធន៍​មួយ សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​នៅកម្ពុជា។​

​លោកស្រី​បាន​អះអាងថា ក្រុមហ៊ុន កំពុងតែ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​នៅតាម ការិយាល័យ​លក់ (Showroom) នៅ​រាជធានី​ភ្នំពេញ នៅ ខេត្តសៀមរាប និង បាត់ដំបង ហើយក៏​មានការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម ហើយនឹង​កម្មវិធី​ផ្សព្វផ្សាយ​ផ្សេងៗ ដោយ​រួមទាំង កម្មវិធី ដើម្បី​ឲ្យ​អតិថិជន​ដឹង​ព័ត៌មាន​ច្បាស់​អំពី រថយន្ត​អ៊ី​ស៊ុយ​ហ្ស៊ុ​យ និង ពី​សេវាកម្ម ព្រមទាំង​កម្មវិធី​មួយចំនួន ទៀត។

​គួររំលឹកថា អ៊ី​ស៊ុយ​ហ្ស៊ុ​យ គឺជា​ក្រុមហ៊ុន​ដែល​កំពុងតែ​នាំចូល​រថយន្ត​ថ្មី មកកាន់​កម្ពុជា ខណៈដែល​ទីផ្សារ​នេះ បាន​ទាក់ទាញ​ក្រុមហ៊ុន​នាំចូល​រថយន្ត​ជាច្រើន​ប្រភេទ​៕L