អ៊ឹម ជីវ៉ា រិះគន់​តារា​ល្បី​ដែល​ស្ងាត់​ឆឹង​មិនឃើញ​ចេញមុខ​ជួយ​ក្នុង​គ្រា​វិបត្តិ​កូ​រ៉ូ​ណា

95
ចែករម្លែក

​ភ្នំពេញ​៖ លោក អ៊ឹម ជីវ៉ា បាន​និយាយ​រិះគន់​ចំៗ​ឱ្យ​តារា​ល្បី ជាច្រើន​ដែល​ពូកែ​អួត​រឿង​ប្រាក់ ផ្ទះ និង ឡាន ប៉ុន្តែ​បែ​ជា​ស្ងាត់ឈឹង​មិនឃើញ​ចេញមុខ​ជួយ​គ្រា​លំបាក​នាពេល​វិបត្តិ​កូ​រ៉ូ​ណា ផ្ទុះ​នៅ​កម្ពុជា ។

​លោក អ៊ឹម ជីវ៉ា ដែលជា​ពិធីករ មួយរូប​បាន បង្ហោះ​សារ​កាលពី​ថ្ងៃទី​២៣ ខែ​មិនា ឆ្នា​២០២០​ថា “​តារា​ស្រុក​ខ្មែរ​មួយចំនួន​អន់​ជាង​អ្នកធ្វើការ​រោងចក្រ​ទៀត ពេលដែល​រកលុយ​បាន​ច្រើន ឃើញតែ​ផលប្រយោជន៍​និង​លុយ​ចូល​ទេ បើ​យកលុយ​ជួយ​សង្គម​វិញ​គឺ​សូន្យ​តែម្តង ជាពិសេស ប្រទេស​កំពុងមាន​បញ្ហា គិត​ទៅ​តារា​មួយចំនួន​នេះ​ពិតជា​គ្មាន​ចិត្ត​មែន បាត់​មុខ​ឈឹង​តែម្តង​។ បើ​ជួយ​តែ​ម្នាក់​១០០$ ក៏បាន​ដែរ តែ​នេះ​គ្មាន​ចិត្ត​តែម្តង ។ ខ្ញុំ​និយាយ​នេះ​ចំពោះតែ​តារា​ល្បី រកលុយ​បានទេ​ណា ប្អូនៗ​តារា​ដែលមាន​ជីវភាព​ល្មម​និង​ខ្វះខាត​ខ្ញុំ​មិន​និយាយ​ទេ ! ។ ការជួយ គឺ​ចេញពី​ចិត្ត​ខ្ញុំ​ដឹង តែ​សុំអោយ​ពួកគាត់​មានចិត្ត​ផង កុំ​ឃើញតែ​លុយ​ចូល​ខ្លាំងពេក ។

​លោក​បាន​បន្ថែមថា “​អ្នក​រោងចក្រ​គេ​នៅ​រ៉ៃ​អង្គាស​លុយ​គ្នា មកជួយ​ប្រយុទ្ធប្រឆាំង​និង COVID19 ចុះ​តារា​ខ្លះ​គាត់​បាត់ ទៅណា ឬ​បានតែ​អួត​រឿង​លុយ​ឡាន និង​សម្ភារៈ​និយម ? នឹក​ឡើង​ហួសចិត្ត ចង់តែ​ប្រកាស​ឈ្មោះ​ពួក​នឹង​ទេ ហា​ហ​ហាហា​ហា ..!”​។​

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​រស្មី​កម្ពុជា​ផងដែរ​ថា លោក​គ្រាន់តែ​និយាយ​សំដៅ​ទៅលើ​តារា​ល្បី មួយចំនួន​ដែលមាន​លុយ​ច្រើន​ពូកែ អួត​ឡាន វិឡា​ទំនើប ហើយ​មិនដែល​ចេះ​ជួយ​សង្គម នោះទេ​។

​លោក​បាន​បន្តថា កាលៈទេសៈ​ពេលនេះ​មិនមែន​និយាយ​ពាក្យ​ថា​គេ​ជួយ​មិន​ជួយ​ជា​រឿង​គេ​ទេ គឺ យើង​ដាច់ខាត​ត្រូវតែ​ចូលរួមចំណែក​ជួយ​គ្នា​ទោះ​លុយ​តិចតួច​ក្តី ព្រោះ​ប្រទេសជាតិ​យើង កំពុង​ជួប​បញ្ហា ។

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០២០ លោក អ៊ឹម ជីវ៉ា បាន ប្រកាស​យក ថវិកា​របស់ខ្លួន​ចំនួន​២​លាន​រៀល​ធ្វើ​ការបរិច្ចាក​ជូន​ដល់​ក្រសួងសុខា ភិបាល​និង​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​វិ​រុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩ ដែល​កំពុង​វាយប្រហារ​លើ ប្រជាពលរដ្ឋ​ខ្មែរ​នៅពេលនេះ ៕ ដោយៈ បូ​រិ​ន​