លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ដើម្បីតតាំងប្រឆាំងករណីចោទប្រកាន់មួយ ដែលត្រូវបានប្តឹងដោយប្រទេសហ្គំប៊ីដែលចោទប្រកាន់មីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា។នេះបើយោងតាមរដ្ឋាភិបាលរបស់លោកស្រីដែលបាន និយាយដូចនេះកាលពីថ្ងៃពុធទី ២០ខែវិច្ឆិកា។
កាលពីថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា អ្នកនាំពាក្យយោធាបាននិយាយថា ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធាមីយ៉ាន់ម៉ា នៅពីក្រោយការសំរេចចិត្តរបស់ស៊ូជី ក្នុងការទៅការពារប្រទេសរបស់លោកស្រីប្រឆាំងនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅឯតុលាការកំពូលរបស់សហប្រជាជាតិ។
សូមរំលឹកថា ជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ាជាង៧៣០.០០០នាក់បានរត់ភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែសដែលនៅជិតខាងចាប់តាំងពីការបង្ក្រាបដោយយោធាមីយ៉ាន់ម៉ានៅឆ្នាំ ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយថាត្រូវបានធ្វើដោយមានចេតនាប្រល័យពូជសាសន៍ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់នេះ។
ប្រទេសហ្គំប៊ីដែលជាប្រទេសតូចមួយនៅអាហ្វ្រិកខាងលិច បានដាក់ពាក្យបណ្តឹងបន្ទាប់ពីបានទទួលបានការគាំទ្រពីអង្គការសហប្រតិបត្តិការអ៊ីស្លាម(OIC) ដែលមានរដ្ឋជាសមាជិកចំនួន៥៧ ។ មានតែរដ្ឋមួយប៉ុណ្ណោះដែលអាចដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតបាននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ការិយាល័យក្រុមប្រឹក្សារដ្ឋរបស់ លោកស្រី អ៊ុងសានស៊ូជី បាននិយាយនៅលើហ្វេសប៊ុកថា មីយ៉ាន់ម៉ាមានក្រុមមេធាវីអន្តរជាតិសំខាន់ៗដើម្បីតតាំងប្រឆាំងករណីដែលបានដាក់ប្តឹងដោយប្រទេសហ្គំប៊ី។
ការិយាល័យនេះ បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ដែលជារដ្ឋមន្ត្រីការបរទេសផងដែរនេះនឹងដឹកនាំមន្ត្រីមួយក្រុមទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ដើម្បីការពារផលប្រយោជន៍ជាតិមីយ៉ាន់ម៉ានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ៕ប្រែសម្រួល៖សុខា/sn
លោកស្រី អ៊ុងសាន ស៊ូជី ស្ថិតនៅកិច្ចប្រជុំអាស៊ាននៅទីក្រុងបាងកកកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩