អ៊ុង សាន ស៊ូ​ជី ជួប​ប្រមុខ​អង្គការ​អ​.​ស​.​ប និង រដ្ឋមន្ត្រីការបរទេស​អាមេរិក អំពី​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

165

​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ​ជី បាន​ប្រឈម​នឹង​ការកើនឡើង​នៃ​សម្ពាធ​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ខែវិច្ឆិកា​ដើម្បីឱ្យ​ដោះស្រាយ​វិបត្តិ​នេះ​សម្រាប់​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​
​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​របស់លោក​ស្រី​។ លោកស្រី អ៊ុង សាន​ស៊ូ​ជី បាន​ជួប​ជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ (UN) និង អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​នៅ​ហ្វីលីពីន​។​

​លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​លោកស្រី អ៊ុង សាន ស៊ូ​ជី ជ័យលាភី​រង្វាន់​ណូបែល​រូបនេះ​ថា ជន​អ៊ីស្លាម​រាប់រយ​ពាន់​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​នោះ គួរតែ​ត្រូវបាន​អនុញ្ញាតឱ្យ​វិល​ត្រឡប់មក​លំនៅដ្ឋានរ​បស់​ពួកគេ​វិញ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សេចក្តី​ថ្លែង​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា លោក គូ​ថេ​រ៉េ​ស បាន​គូសបញ្ជាក់ថា កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវបាន​ពង្រឹង​ដើម្បី​ធានាបាន​ដល់​ការចេញចូល​របស់​អង្គការ​ជំនួយ​មនុស្សធម៌ ការវិលត្រឡប់​ប្រកបដោយ​សុវត្ថិភាព ភាពថ្លៃថ្នូរ និង​ដោយ​ស្ម័គ្រចិត្ត និង​ការផ្សះផ្សា​ដ៏​ពិតប្រាកដ​រវាង​សហគមន៍​គឺមាន​សារៈសំខាន់​” ។​

​ការធ្វើ​អត្ថាធិប្បាយ​របស់លោក គូ​ថេ​រ៉េ​ស បានកើត​ឡើង នៅមុន​ពេល លោកស្រី អ៊ុង សាន ស៊ូ​ជី បាន​ជួប​ជាមួយ លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត (EAS) នៅ​ទីក្រុង​ម៉ានីល​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ស្តីពី​ស្ថានភាព​នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​ចៀសវាង​ការរិះគន់​ទាំងស្រុង​ទៅលើ លោកស្រី អ៊ុង សាន ស៊ូ​ជី ។​

​ក្រុម​អ្នកគាំទ្រ​បាន​និយាយថា លោកស្រី អ៊ុង សាន ស៊ូ​ជី ត្រូវតែ​ស្វែងរក​ផ្លូវកណ្តាល​រវាង​កំហឹង​នៅ​បរទេស​និង​អារម្មណ៍​របស់​ប្រជាជន​នៅក្នុង​ប្រទេស ដែល​ប្រជាជន​ភាគច្រើន​កាន់​ពុទ្ធ​សាស​នេះ ជាទី​ដែល​មនុស្ស​ភាគច្រើន​ជឿថា ក្រុម​រ៉ូ​ហ៊ីង​យ៉ា គឺជា​ក្រុម​ជនជាតិភាគតិច​ដែល​គ្មាន​ការស្វាគមន៍​។​

​ចាប់តាំងពី​ចុងខែ​សីហា​មក ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០០.០០០​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​។​

​វិបត្តិ​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ជាច្រើន​កន្លែង​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន ដោយ​បង្កឱ្យមាន​ការបង្ក្រាប​ដោយ​យោធា​ដែល​គេ​ឃើញ​ភូមិ​រាប់រយ ត្រូវបាន​ដុតបំផ្លាញ ហើយ​បាន​បង្កឱ្យមាន​ការរត់​គេចខ្លួន​ចេញ​ដ៏​ច្រើន​៕ ដោយ៖ សុខា

​លោកស្រី អ៊ុង សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា កំពុង​ងាកមើល​អ្វីមួយ នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ទី​ក្រង​ម៉ានីល​កាលពី​ថ្ងៃ​ចន្ទ