អ៊ុម ស្បោង ប្រធាន​សហករណ៍ សម័យ​សង្គមរាស្ត្រនិយម​

2116
ចែករម្លែក
  • 27
    Shares

​ដោយ​: រូបថត និង​អត្ថបទ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
​ប្អូនស្រី​របស់ អ៊ុម ស្បោង ឈ្មោះ អ៊ុម សារ៉េត បាន​រៀបរាប់​ប្រាប់ថា នៅក្នុង​ចំណោម​កូនៗ​ទាំង​ប្រាំពីរ​នាក់ នៃ​គ្រួសារ​យើង ស្បោង គឺជា​កូន​ដែលមាន​សំណាង​ជាងគេ ដោយ​គាត់​មានមុខ​តំណែង​ខ្ពង់ខ្ពស់​។ គាត់​ជា​និស្សិត​ពូកែ​ម្នាក់ និង​ចេះ​ភាសា​បារាំង​យ៉ាង​ស្ទាត់ជំនាញ​។ នៅក្នុង​របប​សម្តេច​សីហនុ គាត់​បាន​ប្រឡង​ជាប់​មន្ត្រីរាជការ​ស៊ីវិល និង​បាន​ក្លាយជា​ប្រធាន​សហករណ៍​មួយ​នៅក្នុង​ខេត្តព្រៃវែង​។ គាត់​បាន​គ្រប់គ្រង​ប្រព័ន្ធ​កសិកម្ម​ទូទាំង​ខេត្ត​។​

ឪពុក​របស់ អ៊ុម ស្បោង ពាក់អាវ​ពណ៌​ស​ឈរ​ពីក្រោយ​ក្មេងប្រុស​ម្នាក់ នៅ​ឆ្នាំ​១៩៧៣

​ស្បោង ចូលចិត្ត​ខ្ញុំ​ខ្លាំងណាស់​។ នៅពេល​ខ្ញុំ​ឈឺ គាត់​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មក​យក​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ក្រុងភ្នំពេញ​។ នៅពេលណា​ខ្ញុំ​មិន​សប្បាយចិត្ត គាត់​បាន​លួងលោម​ខ្ញុំ និង​ជួយ​លើកទឹកចិត្ត​ខ្ញុំ​។

​នៅ​ឆ្នាំ​១៩៧៤ ទាហាន លន់ នល់ បាន​ជម្លៀស​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ផ្សេងៗ​ទៀត​ទៅកាន់​ខេត្តកណ្តាល ព្រោះ​ទាហាន លន់ នល់ ត្រូវ​វាយ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ស្រុក​របស់ខ្ញុំ​។ ប៉ុន្តែ ពីរ​បី​សប្តាហ៍​បន្ទាប់មក ខ្មែរក្រហម​បាន​ជម្លៀស​ប្តី​ខ្ញុំ កូនៗ​និង​ខ្ញុំ​ឲ្យ​ទៅ​ខេត្តកំពង់ចាម​។ ក្រោយមក មិនយូរប៉ុន្មាន​ខាង លន់ នល់ បាន​នាំ​ក្រុមគ្រួសារ​ទៅ​ភ្នំពេញ​វិញ​តាម​ទូក​។​

​នៅក្នុង​ឆ្នាំ​១៩៧៥ គ្រួសារ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ ផ្ទះ​របស់ខ្ញុំ​ត្រូវបាន​បំផ្លាញ និង​មិនអាច​ស្នាក់នៅ​ទីនោះ​កើត​ទេ​។ ម្តាយ​ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ខ្មែរក្រហម ដើម្បី​រស់នៅ​ក្នុងភូមិរ​បស់​ខ្ញុំ ប៉ុន្តែ​ខ្មែរក្រហម​បាន​និយាយថា មិន​បានទេ​។ ខ្ញុំ​បាន​គិតថា​ដោយសារ​ខ្មែរក្រហម​បាន​សង្ស័យថា គ្រួសារ​ខ្ញុំ​ជា​គ្រួសារ​អ្នកមាន និង​ជា​គ្រួសារ​ដែលមាន​មុខតំណែង​ខ្ពស់​។ ស្បោង ត្រូវបាន​ចោទប្រកាន់ថា ជា​នាយទាហានជាន់ខ្ពស់ ព្រោះ​គាត់​មាន​រូបរាង​សង្ហារ​។ ក្រោយមក គាត់​បានធ្វើ​ឲ្យ​គោមួយ​ក្បាល​លង់ទឹក​ងាប់​ដោយ​ចៃដន្យ មិនយូរប៉ុន្មាន ខ្មែរក្រហម​បាន​ចាប់គាត់​យកទៅ​។ អង្គការ​ក៏បាន​បញ្ជូន​ប្រពន្ធ និង​កូន​របស់គាត់​ទៅ​សម្លាប់​ដែរ​។​

​ចាប់ពីពេលនោះ​មក ខ្មែរក្រហម​បាន​តាមដាន​គ្រួសារ​ខ្ញុំ​។ ប្រធានភូមិ​ឈ្មោះ រ៉េត បាន​សួរ​អំពី​ជីវប្រវត្តិ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ប្រាប់​ទៅ រ៉េត វិញ​ថា​ប្តី​ខ្ញុំ​ជា​អ្នកធាក់ស៊ីក្លូ​។ ប៉ុន្តែ រ៉េត មិន​ជឿ​ខ្ញុំ​ឡើយ ហើយ​និយាយថា “​កុំ​កុហក ខ្ញុំ​ដឹង​ហើយ​អ្នកឯង​ទាំងពីរ​ជា​គ្រូបង្រៀន​”​។ ខ្ញុំ​បាន​បែកញើស​ជោគ​នៅពេលដែល រ៉េត សួរ​ខ្ញុំ​ចំ​ដូច្នេះ ពីព្រោះ​ខ្ញុំ​បាន​និយាយប្រាប់​ម្ចាស់ផ្ទះ​ដែល​យើង​កំពុង​រស់នៅ​នោះ អំពី​អតីតកាល​របស់ខ្ញុំ​។ ខ្ញុំ​មិន​ប្រាកដថា ម្ចាស់ផ្ទះ​បាន​រាយការណ៍​អំពីខ្ញុំ​ឲ្យ​ទៅ រ៉េត ឬក៏​អត់​ទេ​។

ឪពុក​របស់ អ៊ុម ស្បោង ពាក់អាវ​ពណ៌​ស​ឈរ​ពីក្រោយ​ក្មេងប្រុស​ម្នាក់ នៅ​ឆ្នាំ​១៩៧៣

​នៅក្នុង​ឆ្នាំ​១៩៧៦ ឪពុក​របស់ខ្ញុំ​មិនអាច​ទ្រាំទ្រ​នឹង​ការស្រេកឃ្លាន​តទៅទៀត​បានទេ ខ្ញុំ​បាន​យក​ល្អី កញ្ច្រែង ចេញ​ទៅរក​ចាប់​សត្វល្អិតៗ​យកមក​ហូប​។ ម្តាយ​របស់ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ទៀត ប៉ុន្តែ​ឪពុក​របស់ខ្ញុំ​មិនបាន​ស្តាប់​សំដី​របស់​ម្តាយ​ខ្ញុំ​ទេ​។ ថ្ងៃមួយ គាត់​បានឃើញ​កម្មាភិបាល​ម្នាក់ បានសម្លាប់​ពស់​ខៀវ​មួយ​ក្បាល រួច​ទុកចោល​នៅ​មាត់ច្រក ឪពុក​ខ្ញុំ​បាន​យក​ពស់​នោះ​ទៅ​ស្ងោរ​ហូប​ទោះជា​ដឹងថា ពស់​នោះ​មាន​ពិស​ក៏ដោយ​។ ភ្លាមៗ​នោះ គាត់​បាន​ហើម​ខ្លួន រួច​ក៏​ស្លាប់ទៅ​។ ប្អូនស្រី​របស់ខ្ញុំ​ឈ្មោះ សារី និង​អ្នក​ផ្សេងទៀត​មានការ​ស្រេកឃ្លាន​ជាខ្លាំង បន្ទាប់មក​កូន​របស់ សារី ម្នាក់​បាន​ស្លាប់​បន្តទៀត​។​

​គ្រួសារ​ខ្ញុំ​ត្រូវបាន​ជម្លៀស​ទៅកាន់​ភូមិ​ពីរ​ផ្សេងទៀត​នៅក្នុង​របប​ខ្មែរក្រហម​។ ការងារ​ចុងក្រោយ​របស់ខ្ញុំ គឺ​កាប់​ដើម​ទន្ទ្រានខែត្រ​លាយ​ជាមួយ​ដី​-​ផេះ​-​លាមក​សត្វ និង​លាមក​មនុស្ស​។ គួរ​ឲ្យ​ខ្ពើមរអើម​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ធ្វើ បើ​មិន​ដូច្នោះ​ទេ ខ្មែរក្រហម​នឹង​សម្លាប់​ខ្ញុំ​។​

​នៅ​ទីនោះ​អ្នកភូមិ​ទាំងអស់​មានការ​ស្រេកឃ្លាន​យ៉ាងខ្លាំង ហើយ​កូនៗ​របស់ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ មាន​មនុស្ស​ប្រុស​ម្នាក់​ធ្លាប់​ធ្វើជា​គ្រូពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​ខ្ញុំ​ថា កូនស្រី​របស់ខ្ញុំ​ឈឺ បណ្តាលមកពី​អត់​អាហារ​ជាច្រើន​ខែ​មកហើយ​។ ខ្ញុំ​បាន​យក​ខ្សែក​មាស​របស់ខ្ញុំ​ទៅ​ដូរ​យក​អង្ករ​មក​ដាំបាយ​ឲ្យ​កូន​ហូប​។ កូនស្រី​ខ្ញុំ​បាន​ហូបបាយ​ច្រើនណាស់​។ ការណ៍​ដែល​វា​ហូប​ច្រើន​នេះ បានធ្វើ​ឲ្យ​ជំងឺ​របស់​វា​ធ្ងន់​ជាង​មុន​ទៅវិញ​។ យប់​មួយ​នោះ​វា​នាង​បាន​ខ្សឹបប្រាប់​ខ្ញុំ​សុំ​ទឹក​ផឹក ខ្ញុំ​ព្យាយាម​យក​ទឹក​ឲ្យ​កូនស្រី​ផឹក ប៉ុន្តែ​អណ្តាត​របស់​វា​ហើមប៉ោង​។ ឃើញ​សភាព​របស់​កូនស្រី​បែបនេះ ខ្ញុំ​បាន​ដាស់​ប្តី​ខ្ញុំ​។ កូនស្រី​របស់ខ្ញុំ​ស្លាប់​បាត់ទៅហើយ ខ្ញុំ​បាន​ត្រកង​បី​សព​កូនស្រី និង​ស្រែកយំ​រហូតទល់​ភ្លឺ​។ ប្តី​ខ្ញុំ​បាន​ស្នើសុំ​បន្ទះក្តារ​ពី​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​សម្រាប់ធ្វើ​ក្តារ​មឈូស​ឲ្យ​កូនស្រី ប៉ុន្តែ​កម្មាភិបាល​នោះបាន​បដិសេធ​។ កម្មាភិបាល​ម្នាក់​នោះ បាន​យក​ចបកាប់​មួយ រួច​ប្រាប់​ប្តី​ខ្ញុំ​ឲ្យ​យក​សព​កូនស្រី​របស់​យើង​ទៅក្នុង​ព្រៃ​ក្រោយ​មន្ទីរពេទ្យ​។ កម្មាភិបាល​ម្នាក់​នោះ និង​ប្តី​ខ្ញុំ​បាន​ជីករណ្តៅ​កប់​សាកសព​កូនស្រី​ខ្ញុំ​នៅ​ទីនោះ​ទៅ​។​

​នៅ​ចុងឆ្នាំ​១៩៧៨ អ្នកភូមិ​ម្នាក់​ឈ្មោះ សាង បាន​ស្តាប់​វិទ្យុ​ជាសម្ងាត់ និង​បាន​ឮថា​ប្រជាជន​និង​ត្រូវបាន​រំដោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ គ្រប់គ្នា​មាន​សេចក្តីត្រេកអ​រណាស់​។ បន្តិចក្រោយមក មានការ​បាញ់កាំភ្លើង​ធំ និង​រថពាសដែក​នៅ​គ្រប់ទិសទី​។ ទាហាន​ខ្មែរក្រហម​បាន​រត់​ភៀសខ្លួន​ចូលក្នុង​ព្រៃ​។​

​នៅពេលដែល​កងទ័ព​រំ​ដោះ​ចូលមក ប្តី​របស់ខ្ញុំ​កំពុង​កាប់​ឈើ​នៅ​ឆ្ងាយ​ពី​ភូមិ​។ ខ្ញុំ​រង់ចាំ​មើលផ្លូវ​គាត់​ត្រឡប់មកវិញ​អស់​រយៈពេល​ដប់​ថ្ងៃ​។ នៅពេល​គាត់​មកដល់ គាត់​មិនអាច​ដើរ​ទៅណា​បានទេ​។ នៅពេល​មួយ ដែល​គាត់​មាន​កម្លាំង​មាំទាំ​ហើយ គ្រួសារ​ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើដំណើរ​ត្រឡប់មក​ភ្នំពេញ​វិញ​៕ ល​

#