អ៊ុយ​ក្រែ​ន​កោះហៅ​ទ័ព​បំរុង ខណៈ​រុស្ស៊ី​បដិសេធ​ការអះអាង​ដែលថា​ខ្លួន​មានបំណង​ចាប់យក​បណ្តា​កំពង់ផែ​សមុទ្រ​អ៊ុយ​ក្រែ​ន​

235

អ៊ុយក្រែនបានចាប់ផ្តើមកោះហៅទាហានបំរុងរបស់ខ្លួនអោយមកហ្វឹកហាត់ចំពេលមានការបារម្ភថា រុស្ស៊ីជិតនឹងធ្វើការឈ្លានពានមួយ។

ទាហានអ៊ុយក្រែនចូលរួមក្នុងការហ្វឹកហាត់នៅជិតព្រំដែន

ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូសេនកូ បារម្ភខ្លាច សមភាគីរុស្ស៊ី លោកពូទីន អាចព្យាយាមចាប់យកបណ្តាកំពង់ផែម៉ារីអ៊ូប៉ូលនិងបឺតយ៉ានក៍ នៅម្តុំសមុទ្រអាហ្សូវ ក្នុងបំណងបង្កើតរបៀងផ្លូវគោកមួយរវាងតំបន់ដូណេតខ៍ និងលូហាន់ខ៍នៅអ៊ុយក្រែនខាងកើតដែលត្រូវគ្រប់គ្រងមួយផ្នែកដោយពួកផ្តាច់ខ្លួនដែលរុស្ស៊ីគាំទ្រ និងតំបន់គ្រីមេ ដែលរុស្ស៊ីដាក់ជាឧបសម្ពន្ធ។

តែអ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ បានច្រានចោលពាក្យចចាមអារ៉ាមនេះដោយចាត់ទុកវាថា«មិនសមហេតុផល» និងបានពណ៌នាវាថាជាការប៉ុនប៉ងមួយទៀតដើម្បី«បង្កភាពតានតឹង»។

ការកោះហៅទាហានបំរុងមកហ្វឹកហាត់នេះកើតឡើងក្រោយពីកងឆ្មាំសមុទ្ររុស្ស៊ី បានបាញ់និងចាប់នាវាបីគ្រឿងរបស់កងទ័ពជើងទឹកអ៊ុយក្រែននិងនាវិករបស់វានៅឯនាយឆ្នេរគ្រីមេក្នុងចក្រសមុទ្រគឺចកាលពីថ្ងៃ២៥វិច្ឆិកា។

លោកប៉ូរ៉ូសេនកូបាននិយាយកាលពីថ្ងៃចន្ទទី៣ធ្នូថា ទាហានបំរុងខ្លះនឹងត្រូវកោះហៅមកហ្វឹកហាត់ ជាផ្នែកនៃច្បាប់អាជ្ញាសឹក។លោកក៏បាននិយាយថា កងឯកភាពទ័ពខ្លះនឹងត្រូវដាក់ពង្រាយជាថ្មីដើម្បីពង្រឹកការការពារជាតិ។

កាលពីចុងសប្តាហ៍លោកបាននិយាយថា រុស្ស៊ីបានបញ្ជូនទាហាននិងរថក្រោះយ៉ាងច្រើនមកកាន់ព្រំដែនរបស់អ៊ុយក្រែននិងមានបំណងវាយចូលតាមជើងគោក។លោកក៏បានស្នើសុំអាល្លឺម៉ង់និងប្រទេសជាសម្ពន្ធមិត្តលោកខាងលិចដទៃទៀត បង្កើនវត្តមានទ័ពជើងទឹកនៅសមុទ្រខ្មៅដើម្បីជួយរារាំងកុំអោយរុស្ស៊ីចូលឈ្លានពាន។

ចំពេលមានភាពតានតឹង យោធារុស្ស៊ីនៅគ្រីមេក៏បានធ្វើសមយុទ្ធ ដោយមានការហ្វឹកហាត់បាញ់កាំជ្រួចប្រឆាំងនាវាមុជទឹកចម្ងាយឆ្ងាយBal និង Bastionទៀតផង៕ដោយ:វាសនា

ប្រធានាធិបតីអ៊ុយក្រែននិយាយទៅកាន់ទាហានក្រោយលោកប្រកាសប្រើច្បាប់អាជ្ញាសឹក