អ៊ុយ​ក្រែ​ន​ប្រើ​ច្បាប់អាជ្ញាសឹក​ដោយយោង​ទៅលើ​ការ​គំរាម​ពី​រុស្ស៊ី​

805
ចែករម្លែក

អ៊ុយក្រែនកាលពីថ្ងៃចន្ទទី២៦វិច្ឆិកាបានដាក់ប្រើច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃនៅផ្នែកខ្លះនៃប្រទេសដែលងាយរងការវាយប្រហារពីរុស្ស៊ីបន្ទាប់ពីប្រធានាធិបតី ប៉េត្រូប៉ូរ៉ូសេនកូ បានព្រមានអំពីការឈ្លានតាមដីគោក។

លោក ប៉ូរ៉ូសេនកូ បាននិយាយថា ច្បាប់អាជ្ញាសឹកមានភាពចាំបាច់ដើម្បីបង្កើនការការពាររបស់អ៊ុយក្រែនក្រោយពីរុស្ស៊ីចាប់ឃាត់នាវានៃកងទ័ពជើងទឹកអ៊ុយក្រែន៣គ្រឿងនិងបានចាប់នាវិកនៃនាវាទាំងនោះ។

វាបានកើតឡើងមួយថ្ងៃក្រោយពីរុស្ស៊ីនិងអ៊ុយក្រែនធ្វើការចោទប្រកាន់គ្នាជុំវិញការប្រឈមមុខកាលពីថ្ងៃអាទិត្យនិងសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងគៀវធ្វើការថ្កោលទោសអំពើរបស់ក្រុងមូស្គូ។

ក្នុងការនិយាយទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន អគ្គលេខាអង្គការណាតូបានសុំផ្តល់ការគាំទ្រពេញទំហឹងចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន។

សហភាពអឺរ៉ុប អង់គ្លេស បារាំង ប៉ូឡូញ ដាណឺម៉ាកនិងកាណាដា សុទ្ធតែបានថ្កោលទោសអ្វីដែលពួកគេហៅថា ការឈ្លានពានរបស់រុស្ស៊ី។

សហរដ្ឋអាមេរិកក៏បានព្រមានរុស្ស៊ីថា «អំពើខុសច្បាប់»ដូចជាចាប់នាវាអ៊ុយក្រែននៅក្នុងសមុទ្រអាហ្សូវ រារាំងមិនអោយកើតមានទំនាក់ទំនងធម្មតារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងមូស្គូ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និកគី ហាលី

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ និកគី ហាលី បានប្រាប់អង្គប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយថាសហរដ្ឋអាមេរិកនឹងស្វាគមន៍ទំនាក់ទំនងធម្មតាមួយជាមួយរុស្ស៊ី។តែអំពើខុសច្បាប់ដូចនេះ បន្តធ្វើអោយវាទៅមិនរួច។

ទោះជាយ៉ាងណាក្រសួងការបរទេសរុស្ស៊ីបន្ទោសរដ្ឋាភិបាលក្រុងគៀវចំពោះវិបត្តិនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបាននិយាយថា«វាច្បាស់ណាស់ការបង្ករឿងគ្រោងទុកជាមុននេះមានបំណងបញ្ឆេះភាពតានតឹងមួយទៀតនៅក្នុងតំបន់ដើម្បីបង្កើតលេសដាក់ទណ្ឌកម្មលើរុស្ស៊ី»៕ដោយ៖វាសនា