អ៊ុយ ប៉េង​ឡេង នាទី​ជំនួយការ​វរ​សេនា​ធំ​៣៣ កងពល​៧០៣

1090

ភ្នំពេញៈ​អ៊ុយ ប៉េង​ឡេង ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ គាត់​មាន​ឪពុក​ឈ្មោះ អ៊ុយ សយ និង​ម្តាយ​ឈ្មោះ អៀង ទៀង​។ ប៉េង​ឡេង បាន​ចូល​បដិវត្តន៍​នៅ​ខែឧសភា ឆ្នាំ​១៩៧០​។ សេចក្តី​កំណត់ហេតុ​អំពី​ប្រ​វត្ត​របស់ អ៊ុយ ប៉េង​ឡេង មាន​ចំនួន​សរុប​៨២​ទំព័រ ព្រមទាំង​មាន​ស្នាម​ផ្តិត មេដៃ​សា​ម៉ី​ខ្លួន ដែល​បាន​រៀប រាប់​អំពី​សកម្មភាព​ប្រឆាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧០ រហូតដល់​ថ្ងៃ​អង្គការ ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩៧៧​។​
​សេចក្តី​សង្ខេប​ដែល​ដកស្រង់​ចេញពី​ច​មើ្ល​យ​សារភាព​របស់ អ៊ុយ ប៉េង​ឡេង មាន​ដូចខាងក្រោម​៖

ជនរងគ្រោះនៅស ២១

​អ៊ុយ ប៉េង​ឡេង បាន​ចូល​បដិវត្តន៍​ដំបូង​មាន​នាទី​ជា​កងឈ្លប នៅ​ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ កន្លះ​ខែក្រោយ​មក ប៉េង​ឡេង បាន​ផ្លាស់​ទៅធ្វើជា​ឈ្លប​ស្រុក​១៨ ក្រោម ការដឹកនាំ​របស់​ជន​ជាតិ​យួន​ម្នាក់​ឈ្មោះ វ៉ាង អាង​។ ប៉េង​ឡេង បានធ្វើការ​នៅ​ទីនោះ ប្រហែល​ពីរ​ខែ វ៉ាង អាង បាន​ណែនាំ​គាត់​ឲ្យ​រៀនអក្សរ​យួន និង​និយាយ​ភាសា​យួន ម្យ៉ាងទៀត​ត្រូវ​ដឹងគុណ​បំណាច់​ចំពោះ​ជនជាតិ​យួន​ដែល​បាន​ជួយ​រំដោះទឹកដី​កម្ពុជា​។ ក្រោយមក ប៉េង​ឡេង អាច​ប្រើប្រាស់​ភាសា​យួន​បាន​បន្តិចបន្តួច​។ បន្ទាប់មក ចាន់ ស៊ីថន ជា​គណៈ​ស្រុក​កោះធំ បាន​ហៅ ប៉េង​ឡេង ឲ្យ​ទៅ​រៀន​បច្ចេកទេស​នៅ​វត្ត​ព្រែក​ឬ​ស្សី ក្នុង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។ ប៉េង​ឡេង បាន​បញ្ជាក់ថា កាល​រៀន​នៅ សាលា​បច្ចេកទេស មាន​សិស្ស​ចូលរួម​ប្រហែល​៥០​នាក់​។ អ្នក​ដែល​បង្ហាត់បង្រៀន កាល នោះ គឺជា​ជនជាតិ​យួន​មានឈ្មោះ សៅ ភា​ង​។ ចំពោះ​វគ្គ​សិក្សា​មាន​រយៈពេល​ជិត មួយខែ​។ ក្រោយពេល​បញ្ចប់​វគ្គ​សិក្សា ប៉េង​ឡេង បានឃើញ ចាន់ ស៊ីថន ចង​ទង់​សញ្ញា ញញួរ និង​កណ្តៀវ ដែលមាន​ពណ៌​ក្រហម​ទៀតផង​។ ក្រោយមក ចាន់ ស៊ីថន បាន ប្រកាស​បិទ​វគ្គ​សិក្សា រួចហើយ​គាត់​បាន​ឲ្យ ប៉េង​ឡេង និង​សិស្ស​ទាំងអស់នោះ ធ្វើ សច្ចាប្រណិធាន​ចំពោះ​ទង់​ពលករ​វៀតណាម​។ ចាន់ ស៊ីថន ជា​អ្នក​សូត្រ​មុន រីឯ​អ្នក​ទាំង អស់នោះ​ជា​អ្នក​សូត្រ​តាម​ក្រោយ ដោយ​ប្រើពាក្យ​ថា ប្តេជ្ញា ស្មោះត្រង់​ចំពោះ​ទង់បក្ស​ពល ករ​វៀតណាម គោរព​ស្រឡាញ់ និង​សាមគ្គីភាព​ជាមួយ​ជនជាតិ​វៀតណាម ដែល​បាន រំដោះ​នូវ​ទឹកដី​កម្ពុជា​។

រហូតដល់​ខែវិច្ឆិកា ឆ្នាំ​១៩៧០ ជនជាតិ​វៀតណាម​-​ខ្មែរ បាន​បែកបាក់​សាមគ្គីភាព​គ្នា​។ ក្រោយពី​ការបែកបាក់ វ៉ាង អាង ជា​អ្នកដឹកនាំ​ក្នុង​អង្គភាព​ឈ្លប បាន​ណែនាំ​ថា តំបន់​២៥ គឺជា​តំបន់ សេ​អ៊ី​អា ឬ​ជា​តំបន់​របស់​បក្ខពួក លន់ នល់​។ បក្ស លន់ នល់ បាន​បង្កើត​តំបន់​នេះ​ឡើង គឺ​ដើម្បី​ជិះជាន់​ប្រជាជន​ដណ្តើម​ដី​រំដោះ​។ ពេលនោះ វ៉ាង អាង បាន​ណែនាំ​បន្ថែមថា យើង​ត្រូវ​រៀបចំ​ផែនការ​កម្ទេច​តំបន់​២៥ ចោល​។ មួយរយៈ ក្រោយមក បង​របស់ ប៉េង​ឡេង បានមក​យក ប៉េង​ឡេង ឲ្យ​ទៅ​នៅផ្ទះ​វិញ រហូត ដល់​ខែកុម្ភៈ ឆ្នាំ​១៩៧១ ប៉េង​ឡេង ក៏បាន​ចូល​បដិវត្តន៍​ម្តងទៀត នៅក្នុង​កងទ័ព​តំបន់​២៥ កងអនុសេនាធំ​គ​២​។ ក្រោយពេល​ចូល​បដិវត្តន៍ ប៉េង​ឡេង បានទទួល​ភារកិច្ច​ខាង​សេដ្ឋ កិច្ច​។ កន្លះ​ខែក្រោយ​មក​អង្គភាព​អនុ​សេនា​ធំ​គ​២​នេះ​ក៏បាន​រំសាយ រួច​រៀបចំ​ជា​បី​អនុ សេនា​ធំ ពេលនោះ ប៉េង​ឡេង បានមក​រស់នៅក្នុង​សេដ្ឋកិច្ច​រួម​តំបន់ ក្រោម​ការដឹកនាំ​របស់ សុខ​។ ក្រោយមក សុខ បាន​ហៅ ប៉េង​ឡេង និង​អ្នកផ្សេង​១៤​នាក់​ទៀត ដើម្បី​ធ្វើការ​ណែនាំ​មានដូចជា​៖ លើក​អំពី​បញ្ហា​របស់​បក្ស​សឺ​ន​សាន​ថា​ក្រុម​នេះ​គឺ សុទ្ធតែ​ល្មោភ​បុណ្យ​ស័ក ឬ​ចង់​ដណ្តើម​រដ្ឋអំណាច​នៅ​តំបន់ ម្យ៉ាងទៀត​ត្រូវធ្វើ​បដ​វត្ត​ន៍ ដើម្បី​បុណ្យ​ស័ក ប្រាក់ខែ ឬ​សិទ្ធិសេរីភាព​ចំពោះ​ខ្លួន និង​ត្រូវ​ជួយ​លើក​ឥទ្ធិពល​ចំពោះ សុខ ផ្ទាល់ ដើម្បី​ឲ្យ​អ្នកដទៃ​ឃើញ​គាត់​ជាម​នុស្ស​ល្អ​ត្រឹមត្រូវ​នៅក្នុង​តំបន់​។ បន្ទាប់មក ប៉េង​ឡេង បានធ្វើ​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ឃុំ​កំពង់ស្វាយ​លើ ដោយ​ធ្វើ​ការឃោសនា​អំពី​ឥទ្ធិពល របស់ សុខ និង​បំបាត់​នូវ​ឥទ្ធិពល​ក្រុម​ដែល​មកពី​ហាណូយ ជាពិសេស សូ ពុំ និង សឺ​ន សាន​។ លុះត្រាតែ​ប្រជាជនមាន​ភាពកក់ក្តៅ​ទៅលើ សុខ រួចហើយ ប៉េង​ឡេង នឹង​ផ្អាក ធ្វើ​សកម្មភាព​នេះ​។ នៅ​ខែឧសភា ឆ្នាំ​១៩៧១ សុង លី បាន​យក ប៉េង​ឡេង មក​ធ្វើ​សេដ្ឋកិច្ច នៅ​កងអនុសេនាធំ​គ​១៩៥ ( សុង លី គឺជា​សមាជិក​ម្នាក់ ក្នុងចំណោម​អ្នក​ទាំង​១៤​នាក់ ខាងលើ ដែល​ត្រូវបាន សុខ ហៅ​មក​ណែនាំ​)​។ ក្រោយមក សុង លី បាន​ណែនាំ ប៉េង​ឡេង ជា​បន្តបន្ទាប់ រីឯ ប៉េង​ឡេង ផ្ទាល់ បានធ្វើ​សកម្មភាព​បបួល​ប្រជាជន​នៅ​ភូមិ​ត្រែង ស្រុក ស្អាង រាំច្រៀង​សប្បាយ​ធ្វើ​ឲ្យ​ប្រជាជន​ទាំងនោះ​មិន​គិតពី​បញ្ហា​អ្វី​ទាល់តែសោះ​។ ឯ​សកម្ម ភាព​ម្យ៉ាងទៀត​របស់ ប៉េង ឡេង គឺ​បាន​លួច​កិបកេង​ប្រាក់ខែ​របស់​យុទ្ធជន ឬ​កម្មាភិបាល ប្រចាំខែ ដោយ​យកទៅ​ទិញ​នំចំណី​សម្រាប់​បុគ្គល​ផ្ទាល់ខ្លួន​។ មកដល់​ខែមិថុនា ក្នុង​ឆ្នាំ ១៩៧១​ដដែល សុង លី បានឃើញ​សកម្មភាព​របស់ ប៉េង​ឡេង មមាញឹក និង​ធ្វើ​បានល្អ ជា​បន្តបន្ទាប់ ពេលនោះ គាត់​បាន​ចាត់តាំង ប៉េង​ឡេង ធ្វើជា​សមាជិក ស៊ី​អាយ​អេ​។ បន្ទាប់មក សុង លី បានធ្វើ​ការណែនាំ ប៉េង​ឡេង អំពី​ភារកិច្ច​របស់ ស៊ី​អាយ​អេ មានដូចជា ត្រូវ​បង្កប់ ស៊ី​រូង​ផ្ទៃក្នុង​បដិវត្តន៍ តាម​រូបភាព​ផ្សេងៗ​ដោយ​ស្របច្បាប់​របស់​បដិវត្ត​ន៍ ម្យ៉ាង ទៀត​កសាង​កម្លាំង ស៊ី​អាយ​អេ នៅក្នុង​ជួរ​បដិវត្តន៍ ដើម្បី​ពង្រីក​កម្លាំង​នេះ សម្រាប់​ត្រៀម វាយ​បដិវត្តន៍ នាពេលខាងមុខ និង​ត្រូវ​បំផុស​យុទ្ធជន ឬ​កម្មាភិបាល​ឲ្យ​ចេះ​សប្បាយ ភ្លើតភ្លើន​ពីមុខ​មាត់ បុណ្យ​ស័ក និង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​បដិវត្តន៍​។ ក្រោយពី​ទទួល ការណែនាំ​រួចហើយ ប៉េង​ឡេង បានធ្វើ​សកម្មភាព​ទាំងនោះ ជា​បន្តបន្ទាប់ រហូតដល់ ខែសីហា ក្នុង​ឆ្នាំ​ដដែល អង្គភាព​អនុ​សេនា​ធំ​គ​១៩៥ បាន​ផ្លាស់​មក​នៅ​ប្រចាំការ ដើម្បី​ទប់ ទល់​ជាមួយ​ខ្មាំង ដែល មាន​ទីតាំងនៅ​ម្តុំ​ស្រុក​ស្អាង​។ ពេលនោះ ប៉េង​ឡេង បានធ្វើ សកម្មភាព​ធ្វើ​ឲ្យ​បាត់​លុយកាក់​របស់​អង្គការ ដោយ​ភូត​កុហក់ថា លុយ​បាន​ធ្លាក់ចូល ទៅក្នុង​ទឹក​។ អំឡុង​ពេលនោះ ប៉េង​ឡេង បាន​កសាង​កម្លាំង សេ​អ៊ី​អា ពីរ​នាក់​បន្ថែមទៀត ១) ឈ្មោះ សឺ​ម ម៉ាន (​នៅក្នុង ស​-២១) ២) ឈ្មោះ រដ្ឋ (​អង្គការ​កម្ទេចចោល​នៅ​មូលដ្ឋាន ២៥)​។ បន្ទាប់មក ប៉េង​ឡេង បាន​ណែនាំ អ្នក​ទាំងពីរ​ឲ្យ​ធ្វើ​សកម្មភាព គឺ​ត្រូវ​ចូលទៅ​បង្កប់ ខ្លួន​នៅក្នុង​ជួរ​បដិវត្តន៍ និង​ត្រូវ​កសាង កម្លាំង​ថ្មី​បន្ថែមទៀត​។​

​ ​នៅ​ឆ្នាំ​១៩៧២ អង្គការ​បាន​ដក​អង្គភាព​អនុ​សេនា​ធំ​១៩៥ ចេញពី​តំបន់ ហើយ​បាន​បញ្ចូល​ទៅក្នុង​អង្គ​ភាពវរ​សេនា​តូច​១១២ ប្រចាំ​ភូមិភាគ​ពិសេស​នៅ​ខាងត្បូង​ភ្នំពេញ​។ នៅ ខែមករា ក្នុង​ឆ្នាំ​ដដែល ប៉េង​ឡេង បានធ្វើ​សកម្មភាព​ធ្វើ​ឲ្យ​ខូច​អង្ករ​អស់​៩​បាវ ដោយ​ធ្វើ​ឲ្យ លេច​ទឹក​ខូច បណ្តាល​ឲ្យ​ខ្វះ​ស្បៀង​ដល់​កងទ័ព​។ សកម្មភាព​នេះ ប៉េង​ឡេង ធ្វើ​ចាប់​តាំង ពី​ខែមករា ដល់​ខែមេសា រហូតដល់ ប៉េង​ឡេង ធ្លាក់ខ្លួន​ឈឺ​។ បន្ទាប់មក ប៉េង​ឡេង បាន​សម្រាក​នៅ​មន្ទីរពេទ្យ​កំពង់​គ​។ ខណៈនោះ ប៉េង​ឡេង បានធ្វើ​សកម្មភាព ជេរប្រមាថ ពេទ្យ​សព្វគ្រប់​បែបយ៉ាង និង​បាន​រិះគន់​អំពី​បញ្ហា​ហូបចុក មិន​ព្រម​គោរព​វិន័យ​ពេទ្យ ធ្វើ​ឲ្យ មានទំនាស់​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ឲ្យ​អង្គ​ការពិបាក​ដោះស្រាយ ។ មួយរយៈ​ក្រោយមក ប៉េង​ឡេង បាន​វិល​ត្រឡប់មក​អង្គភាព​វិញ រួច​អង្គការ​បានស្នើ សុំ​កងកម្លាំង​នៅក្នុង​អង្គភាព​អនុ​សេនា​ធំ​១៩៥ ប្រាំពីរ​នាក់​ដើម្បី​ឲ្យ​ទៅ​រៀន​ស៊ើប​ការ ក្នុងនោះ មាន ប៉េង​ឡេង ម្នាក់​ដែរ​។ មុននឹង​ទៅ​រៀនសូត្រ សុង លី បាន​ណែនាំ​អ្នក​ទាំង ប្រាំពីរ នាក់​នោះ​ថា ត្រូវ​បង្ករ​ទំនាស់​ជាមួយ​អ្នក​ដែល​ទៅ​ចូលរៀន​ជាមួយគ្នា បំផុស​ឥទ្ធិពល របស់ សុខ ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​នៅក្នុង​សាលា​បានដឹង និង​បំផុស​អំពី​បញ្ហា​មុខមាត់ បុណ្យ ស័ក​នៅក្នុង​សាលា​។ ក្រោយមក ប៉េង​ឡេង និង​បក្ខពួក​បាន​ទៅ​រៀន​បច្ចេកទេស ស៊ើប​ការ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​វត្ត​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង​។ ក្រោយពី​បាន ទៅដល់​កន្លែង​សិក្សា​រួចមក ប៉េង​ឡេង និង​បក្ខពួក​បានធ្វើ​សកម្មភាព​ដូចដែល សុង លី បាន​រៀបរាប់​ខាងលើ ប៉ុន្តែ​សិក្ខាកាម​ទាំងអស់​មិនសូវ​ខ្វល់​ពី​ការ​បំផុស​របស់ ប៉េង​ឡេង និង បក្ខពួក​ឡើយ ដោយ​អ្នក​ទាំងនោះ​យល់ថា ឈ្មោះ សុខ នេះ ពួកគេ​ធ្លាប់​ស្គាល់​ធាតុពិត រួចមកហើយ​។ ទន្ទឹមនេះ ប៉េង​ឡេង និង​សមាជិក​ក្រុម​បានធ្វើ​សកម្មភាព​បង្ករ​ទំនាស់ ធ្វើ​ឲ្យ បែកបាក់​សាមគ្គីភាព ដោយ​លើក​ហេតុផល​ថា អង្គភាព​នេះ​មិនល្អ អង្គភាព​នោះ​មិនល្អ រួច​លើក​អង្គភាព​របស់ខ្លួន ដាក់​អង្គភាព​ដទៃ ធ្វើ​ឲ្យ​គណៈ​សាលា​ពិបាក​ដោះស្រាយ​។ ក្រោយពេល ប៉េង​ឡេង បញ្ចប់​វគ្គ​សិក្សា​រយៈពេល​ជិត​ពីរ​ខែ រហូតដល់​ចុងខែ​មិថុនា ក្នុង​ឆ្នាំ​១៩៧២ អង្គការ​បាន​បិទ​សាលារៀន​បច្ចេកទេស​ស៊ើប​ការ​តំបន់​២៥​នេះ រួច​អង្គការ​បាន​បើក​សមរភូមិ ខាងកើត​ទន្លេបាសាក់ សមរភូមិ​ប៉ា​រ៉ែ​ន ព្រែក​តា​ជ័រ ព្រែក​តា​នុ​ក និង​សមរភូមិ​ព្រែក​តា​តិ​ន​។ ចំពោះ​សកម្មភាព​របស់ ប៉េង​ឡេង វិញ នៅក្នុង​សមរភូមិ​អង្គការ​បាន ចាត់ តាំង​គាត់​ឲ្យ​យក មីន​ទៅ​ផ្តាច់​របង​នៅ​សមរភូមិ​ព្រែ​កតា​ជ័រ​។ ប៉ុន្តែ កាលនោះ ប៉េង​ឡេង បានធ្វើ​ឲ្យ​មីន​មិន​ផ្ទុះ រីឯ​របង​ក៏​មិន​ដាច់ បណ្តាល​ឲ្យ​កងទ័ព​សម្រុកចូល​មិន​ដល់ទី​តាំង ហើយ​ផែនការ​របស់​អង្គការ​ក៏ត្រូវ​បាន​បរាជ័យ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​នេះ​រួចមក ប៉េង​ឡេង បាន​ជួប សុង លី ហើយ​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ផ្ទៃក្នុង និង​រៀបចំ​ផែនការ​ខ្លះៗ ដើម្បី​ប្រឆាំងនឹង​បដិវត្តន៍​បន្តទៅទៀត​។ មួយរយៈ​ក្រោយមក ប៉េង​ឡេង បានឮ​ដំណឹង​ថា សុង លី បាន​ស្លាប់ ចំពោះ​ខ្សែរយៈ​រវាង ប៉េង​ឡេង និង សុង លី ក៏ត្រូវ​បាន​ដាច់​ចាប់ តាំងពី​ពេលនោះ​មក​។ រីឯ​អង្គភាព​ស៊ើប​ការ​វិញ ក៏ត្រូវ​បាន​បញ្ឈប់​ឲ្យ​ធ្វើ​សកម្មភាព​នៅ ខាងកើត​ទន្លេបាសាក់ រួច​ផ្លាស់​មក​នៅក្នុង​តំបន់​១៥​វិញ​។ ចំពោះ​ការ​មក​រស់នៅក្នុង​តំបន់ ១៥ ប៉េង​ឡេង បានធ្វើការ​ខាងក្រោយ​ឈូង​លាប នៅ​ត្រើយ​ខាងលិច​ទន្លេបាសាក់​។ ពេលនោះ ប៉េង​ឡេង បាន បន្តសកម្មភាព ធ្វើ​ឲ្យ​ការជម្លៀស​ប្រជាជន​របស់​អង្គការ​មានការ យឺតយ៉ាវ ដោយ​ភូត​កុហក់ថា នៅ​ម្តុំ​ឈូង​លាប​មាន​ខ្មាំង និង​ទាហាន​ជាច្រើន​ដែល​ធ្វើ​ឲ្យ ការជម្លៀស​ប្រជាជនមាន​ការលំបាក​។ រហូតដល់​ខែមីនា​ឆ្នាំ​១៩៧៣ អង្គការ​មាន​ផែនការ វាយ​នៅ​ថ្នល់ជាតិ​២១ ពេលនោះ ប៉េង​ឡេង បាន​ជួប​ជាមួយ​ឈ្មោះ ពិសេស ផល់​។ បន្ទាប់មក ផល់ បាន​ណែនាំ ប៉េង​ឡេង អំពី​ភារកិច្ច​ដែល​ត្រូវធ្វើ នៅពេលដែល​អង្គការ ចាប់ផ្តើម​វាយ​នៅ​ផ្លូវជាតិ​២១ គឺ​ត្រូវ​ឲ្យ​គាត់​ទៅទាក់ទង​ជាមួយ នី (​អនុ​លេខា​វរ​សេនា​តូច ៧០៦ ក្នុង​កងពល​៧០៣) និង ភា (​វរ​សេនា​តូច​៧០៥ ក្នុង​កងពល ៧០៣)​។ ចំពោះ​ការ​ទាក់ ទង​រវាង​អ្នក​ទាំងពីរ​នេះ គឺ​ដើម្បី​ឲ្យ​ការ​វាយ​សម្រុក​របស់​អង្គការ ប្រព្រឹត្តិ​ទៅ​មិនបាន សម្រេច​។ បន្ទាប់មក ប៉េង​ឡេង​, នី និង ភា បានធ្វើ​សកម្មភាព​នេះ​រហូតមកដល់​ខែមិថុនា ឆ្នាំ​១៩៧៣​ដដែល​។ អំឡុង​ពេលនោះ អង្គការ​បាន​បញ្ឈប់​ការ​វាយ​នៅ​ផ្លូវជាតិ​២១ រួច​បាន​ផ្លាស់​មក​វាយ​នៅ​ផ្លូវជាតិ​លេខ​២ នៅ​សមរភូមិ​ស្ពាន​រលួយ​។ ពេលនោះ ប៉េង​ឡេង បានធ្វើ​សកម្មភាព​ដោយ​ត្រួត​ពិនិត្យមើល​ទីតាំង​ដែល​ត្រូវ​វាយ រួច​ប្រាប់​អង្គការ​ថា​មើល​មិន ច្បាស់ នាំ​ឲ្យ​កងទ័ព​វាយ​សម្រុក​ចូលទៅ បណ្តាល​ឲ្យ​កងទ័ព​ស្លាប់​ជាច្រើន​។

រហូតដល់​ខែ កក្កដា ឆ្នាំ​១៩៧៤ ប៉េង​ឡេង បាន​ជួប​ជាមួយ​ឈ្មោះ សឿន​។ ពេលនោះ សឿន បាន និយាយ​ណែនាំ ប៉េង​ឡេង ថា ត្រូវ​បង្កប់ខ្លួន​បន្តទៀត ដើម្បី​ស៊ី​រូង​ផ្ទៃក្នុង​របស់​បដិវត្តន៍ ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ត្រូវខិតខំ​កសាង​ខ្លួន​ឲ្យ​បដិវត្តន៍​ជឿទុកចិត្ត​។ ពាក់កណ្តាល ខែកក្កដា អង្គការ​បាន​ចាត់តាំង ប៉េង​ឡេង និង សឿន ឲ្យ​ទៅ​រៀន​ខាង​ផ្នែក​នយោបាយ ដែលមាន​រយៈពេល​មួយខែ​។ ក្រោយពេល​បញ្ចប់​វគ្គ​សិក្សា​ខ្លី​មួយ​នេះ អង្គការ​បានប្រគល់ ភារកិច្ច​ឲ្យ ប៉េង​ឡេង យក​កាំជ្រួច​១០៧​ទៅ​បាញ់​ទម្លាក់​នៅ​ម្តុំ​ពោ​ធ៌ិ​ចិន​តុង នៅ​វត្ត​ពុទ្ធ​និព្វាន ក្នុង​តំបន់​១៥​។ ក្រោយពេល ប៉េង​ឡេង ធ្វើ​សកម្មភាព នេះ​រួចមក​អង្គការ បាន​ហៅ​គាត់​មក​អង្គភាព​នៅ​ទន្លេបាសាក់​វិញ​។ នៅពេលដែល​គាត់​ត្រឡប់​មកដល់ អង្គភាព អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ទៅ​ពិនិត្យមើល​នៅ​សមរភូមិ​ម្តុំ ទួល​សុ​ភី ដើម្បី​រៀប​ផែនការ​វាយកម្ទេច​ទីតាំង​នោះ​។ រីឯ ប៉េង​ឡេង វិញ​នៅតែ បន្ត​កុហក់​អង្គការ​ដូច​កាល​មុនៗ ដោយ​ពិនិត្យមើល​មិន​ច្បាស់ ធ្វើ​ឲ្យ​វាយ​សម្រុក​មិនបាន​សម្រេច​។ រហូតដល់​ឆ្នាំ​១៩៧៥ ប៉េង​ឡេង បាន​កសាង​កម្លាំង​ថ្មី​បាន​ពីរ​នាក់​ទៀត ឈ្មោះ វ៉ាង (​ស​-២១) និង ភន (​ស​-២១) រួច​គាត់​បាន​បញ្ចូល​អ្នក​ទាំង​ពីរ​ជា​សមាជិក សេ​អ៊ី​អា​។ បន្ទាប់មក ប៉េង​ឡេង បាន​ណែនាំ អ្នក​ទាំងពីរ​អំពី​គោលជំហរ​របស់ សេ​អ៊ី​អា គឺ​ត្រូវ​ស៊ី​រូង​ផ្ទៃក្នុង​បដិវត្តន៍ កសាង​កម្លាំង​នៅក្នុង ជួរ​បដិវត្តន៍ វាយ​បដិវត្តន៍​នៅពេល​បក្ខ​ពួកគេ​មិនដឹង​ខ្លួន និង​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ បដិវត្តន៍​។ ដល់​ខែមីនា ឆ្នាំ​ដដែល អង្គការ​បាន​ចាត់តាំង ប៉េង​ឡេង ឲ្យ​ទៅ​ជួយ​ធ្វើការ នៅក្នុង​អនុ​សេនា​ធំ​មួយទៀត ក្នុង​អង្គ​ភាពវរ​សេនា​តូច​ដដែល​។ ប៉េង​ឡេង បានធ្វើការ​នៅ ក្នុង​អង្គភាព​នោះបាន​មួយរយៈ អង្គការ​ក៏​ចាត់តាំង​គាត់ មក​នៅ​អង្គភាព​ចាស់​វិញ​។ ដោយ ពេលនោះ អង្គការ​បានប្រគល់​ភារកិច្ច​ថ្មី​មួយទៀត​នៅ​ផ្លូវជាតិ​លេខ​២​។ បន្ទាប់មក ប៉េង​ឡេង បាន​ចុះ​ត្រួត​ពិនិត្យមើល​សកម្មភាព​ខ្មាំង​អស់​រយៈពេល​កន្លះ​ខែ រួចហើយ​រាយ ការណ៍​ទៅ​អង្គការ​។ ពេលនោះ អង្គការ​ចាប់ផ្តើម​វាយ​រំដោះ​ទីក្រុង​ភ្នំពេញ រហូតដល់​ខ្មែរ ក្រហម​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។ អំឡុង​ពេលនោះ ប៉េង​ឡេង បាន​ត្រូវរបួស​ហើយ​បាន​សម្រាក​នៅ​ពេទ្យ​ព្រែក​ថ្មី ក្នុង​ភូមិភាគ​ពិសេស​អស់​រយៈពេល​មួយ ខែ​។ ពេលនោះ ប៉េង​ឡេង បាន​ជួប​ជាមួយ ផល់ ហើយ​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា ផ្ទៃក្នុង​ខ្លះៗ ទន្ទឹមនេះ ផល់ បាន​រាយការណ៍​ប្រាប់ ប៉េង​ឡេង ថា បច្ចុប្បន្ន សុខ មាន​ផែន ការធ្វើ​បាតុកម្ម​ក្នុង​ខែកក្កដា ឆ្នាំ​១៩៧៥​នេះ ដោយមាន​ផែនការ​ដណ្តើម​រដ្ឋអំណាច​នៅ ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​ប្រើ​កម្លាំង​មូលដ្ឋាន​តំបន់​២៥ គឺ​កម្លាំង​របស់ សុខ ដែល​នៅ ភូមិភាគ​ពិសេស ម្យ៉ាងទៀត គាត់​បានបញ្ជាក់​ប្រាប់ថា ប្រសិនបើ ប៉េង​ឡេង មាន​កម្លាំង ប៉ុន្មាន​គឺ​គាត់​ស្នើសុំ​ឲ្យ​រៀប​ត្រៀម ដើម្បី​គាំទ្រ​បាតុកម្ម​ខាងមុខនេះ​។ មួយរយៈ​ក្រោយមក ប៉េង​ឡេង បាន​ចេញពី​មន្ទីរពេទ្យ មិនបាន​ប៉ុន្មាន​ថ្ងៃ ក៏​ឮដំណឹង​ថា អង្គការ​មាន​វិធានការ ចាប់ សុខ ដោយ​អង្គការ​ស៊ើប​ដឹងថា សុខ ជា​រនុកក្នុង​ធ្វើការ​ប្រឆាំងនឹង​បដ​វត្ត​ន៍ ចំពោះ ប៉េង​ឡេង វិញ ក៏បាន​ដាច់​ខ្សែរយៈ​ជាមួយ សុខ ចាប់តាំងពី​ពេលនោះ​មក​។ ដល់​ខែមិថុនា ឆ្នាំ​១៩៧៥​ដដែល អង្គការ​បាន​ចាត់តាំង ប៉េង​ឡេង ឲ្យ​មក​នៅក្នុង​អង្គភាព​ថ្មើរជើង ក្នុង​កងវរសេនាតូច​២៦៥ វរ​សេនា​ធំ​២៧០ កងពល​១២​។ កាលនោះ ប៉េង​ឡេង បាន​ជួប ឈ្មោះ ខាត់ នាទី​លេខា​វរ​សេនា​តូច និង ឈុន នាទី វរ​សេនា​ធំ​។ បន្ទាប់មក ឈុន បាន​បើក​អង្គប្រជុំ​ពិភាក្សា​មួយ ដោយ​លើក​អំពី​ភារកិច្ច​ដែល ត្រូវធ្វើ​ប្រឆាំងនឹង​បដិវត្តន៍ គឺ​ត្រូវ​ពិនិត្យមើល​សភាព​ការ​របស់​បដិវត្តន៍ ឬ​ការកសាង​កម្លាំង នៅក្នុង​កងទ័ព និង​ពិនិត្យ មើល​អំពី​បញ្ហា​ផ្សេងៗ​។ ខណៈនោះ ខាត់ បាន​លើកឡើងថា កម្លាំង​របស់គាត់​មាន​ពីរ នាក់​ទៀត ១) ឈ្មោះ ផល្លី នាទី​អនុ​សេនា​ធំ នៅក្នុង​កងវរសេនាតូច​២៦៥ បច្ចុប្បន្ន​នៅ ស​-២១ ២) ឈ្មោះ គីម នាទី​អនុ​សេនា​ធំ​នៅក្នុង​វរ​សេនា​តូច​៧០៦ កងពល​៧០៣​។ ក្រោយពេល​ពិភាក្សាគ្នា​ចប់ ឈុន ក៏បាន​ប្រកាស​បិទ​អង្គប្រជុំ​។ នៅ​ចុងខែ​សីហា ឆ្នាំ​១៩៧៥ អង្គការ​បាន​ផ្លាស់ ប៉េង​ឡេង ឲ្យ​មក​នៅ​អង្គភាព​វរ​សេនា​តូច​១៤៣ ដោយ ប្រគល់​ភារកិច្ច​ឲ្យ​ធ្វើស្រែ​នៅ​គោក​អំពិល​។ ពេលនោះ ប៉េង​ឡេង បាន​កសាង​កម្លាំង​ថ្មី ៦​នាក់​បន្ថែមទៀត ១) ឈ្មោះ ប៉ូច នាទី​អនុ​សេនា​ធំ បច្ចុប្បន្ន​នៅ ស​-២១ ២) ជន នៅ​ស​-២១ ៣) លន់ នៅ​ស​-២១ និង ៤) ឆន នៅ​ស​-២១ ៥) កុយ នៅ​ស​-២១ ៦) លី នៅ​ស​-២១​។ បន្ទាប់មក ប៉េង​ឡេង បាន​បញ្ចូល​អ្នក​ទាំងអស់​នោះ​ចូល​ជា​សមាជិក សេ​អ៊ី​អា​។ អំឡុង​ពេលនោះ ប៉េង​ឡេង បានដាក់​ភារកិច្ច​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​នៅក្នុង ស​-២១ គឺ​ត្រូវ ក្តាប់​សភាព​ការ​នៅ ស​-២១ ប្រសិនបើ​អង្គការ​មាន​វិធានការ​ឃាត់ខ្លួន ចំពោះ​កម្លាំង​ក្បត់ បដិវត្តន៍ ថា​តើ​មាន​អ្នកណាខ្លះ គឺ​ត្រូវ​រាយការណ៍​ទៅ​គាត់ មួយទៀត​ត្រូវ​ពង្រីក​កម្លាំង​នៅ ក្នុង​ស​-២១ ដើម្បី​ស៊ី​រូង​ផ្ទៃក្នុង​នៅ​ស​-២១ និង​ត្រូវ​បង្ករ​ទំនាស់​ក្នុង​ស​-២១​។ រហូតដល់​ខែ កុម្ភៈ ឆ្នាំ​១៩៧៦ មានឈ្មោះ ប៉ូច បាន​រាយការណ៍​ទៅ ប៉េង​ឡេង ថា ខ្សែ​ក្បត់​ដែល អង្គការ​ចាប់បាន​ភាគ​ច្រើន គឺ​សុទ្ធតែជា​សមាជិក​នៅក្នុង​មូលដ្ឋាន​តំបន់​២៥ រីឯ​ការកសាង កម្លាំង​ថ្មី​វិញ គឺ​មិនទាន់​ធ្វើបាន​នោះទេ​។ ដល់​ខែមីនា ឆ្នាំ​ដដែល មានឈ្មោះ ឆន បាន​រាយការណ៍​ទៅ ប៉េង​ឡេង ដែរ​ថា ខ្សែ​ក្បត់​ដែល​អង្គ​ការរកឃើញ​ភាគច្រើន​គឺ​នៅ ក្នុង​កងទ័ព​កង​១៧០ ហើយ​នៅ​មូលដ្ឋាន​បូព៌ា និង​នៅ​មូលដ្ឋាន​តំបន់​២៥​។ ម្យ៉ាងទៀត ឆន បានធ្វើ​សកម្មភាព​បំផុស​អំពី​បញ្ហា​មុខមាត់​បុណ្យ​ស័ក ដោយនិយាយ​អំនួត​អួតអាង​ពី បុគ្គល​ខ្លួន វាយប្រហារ​ដល់​អ្នកដទៃ ធ្វើ​យ៉ាងម៉េច​បង្ករ​ទំនាស់​ឲ្យ​បាន ដើម្បី​បែកបាក់ សាមគ្គីភាព​គ្នា​។ រហូតមកដល់​ដើមឆ្នាំ​១៩៧៧ ប៉េង​ឡេង បាន​កសាង​កម្លាំង​ថ្មី​បាន​២១ នាក់​ថែមទៀត រីឯ​កម្លាំង​ទាំងអស់នេះ គឺ​កសាង​សម្រាប់​ត្រៀម​ធ្វើ​សកម្មភាព ក្នុងការ​វាយ បដិវត្តន៍​នាពេលខាងមុខ​។ នៅ​ខែមីនា ឆ្នាំ​ដដែល​អង្គការ​ត្រូវការ​កងកម្លាំង​របស់ ប៉េង​ឡេង មក​ធ្វើការ​នៅ ស​-២១​។ ពេលនោះ ប៉េង​ឡេង បាន​ចាត់តាំង​កម្លាំង​ចាស់​របស់ខ្លួន​៥​នាក់ មានឈ្មោះ វ៉ាង​, ជ្រីវ​, ម្រ៉ិ​ច​, ភន និង ទី​ម​។ ពេលដែល​អ្នក​ទាំង​៥​នាក់ មកដល់​ស​-២១ អ្នក​ទាំងនោះ​មាន​ភារកិច្ច​ត្រូវ​បង្កប់​ស៊ី​រូង​ផ្ទៃក្នុង​នៅ​ស​-២១ និង​រាយការណ៍​ពី​សកម្មភាព របស់​បដិវត្តន៍ ដូចដែល​ធ្លាប់ធ្វើ​កន្លងមក​។ ដល់​ខែកក្កដា ឆ្នាំ​១៩៧៧​ដដែល អង្គការ បាន​ស៊ើប​ដឹង​អំពី​សកម្មភាព​របស់ ផល់ ដែល​ធ្វើការ​ប្រឆាំងនឹង​បដិវត្តន៍​។ មិនយូរប៉ុន្មាន អង្គការ​មាន​វិធានការ​ចាប់ខ្លួន ផល់​។ ដោយពេល​នោះ ប៉េង​ឡេង មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង​ពីព្រោះ ផល់ បានធ្វើ​សកម្មភាព​ប្រឆាំងនឹង​បដិវត្តន៍​ជាមួយ​ខ្លួន រហូតដល់​ថ្ងៃ អង្គការ​ចាប់ខ្លួន ផល់​។ អំឡុង​ពេលនោះ អង្គការ​បាន​ចាត់តាំង ប៉េង​ឡេង ឲ្យ​សួរចម្លើយ ផល់ ផ្ទាល់ ដើម្បី​រក​ខ្សែរយៈ​ក្បត់​ជាមួយ​គាត់​។ ពេលនោះ ប៉េង​ឡេង មាន​ផែនការ ចំពោះ ផល់ ដោយ​ជម្លៀស​គាត់​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នកដទៃ ឬ​ត្រូវ​សួរចម្លើយ និង​ធ្វើ​ទារុណកម្ម​គាត់ ឲ្យ​ជ្រុល​រហូតដល់​ស្លាប់​។ ផែនការ​ទាំងនេះ ប៉េង​ឡេង មិនទាន់បាន​អនុវត្ត​ផង ថ្នាក់លើ​ក៏ បាន​ចាត់តាំង​គាត់ ឲ្យ​ទៅ​រៀបចំ​កម្លាំង​ដើម្បី​ការពារ​ស្តា​ត សម្រាប់​អង្គ​ការបើក​វគ្គ​រៀនសូត្រ ផ្សព្វផ្សាយ អំពី​ខ្សែ​ក្បត់​របស់​ខ្មាំង​នៅក្នុង​ឆ្នាំ​១៩៧៧​នេះ​។ ទន្ទឹមនេះ អង្គការ​បាន​អប់រំ ប៉េង​ឡេង បន្ថែមថា ការការពារ​នៅ​ស្តា​ត​នេះ​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដូច្នេះ ប៉េង​ឡេង ឯង ត្រូវ​ឈរជើង​នៅទីនេះ​ជាប្រចាំ ដោយ​មិនចាំបាច់​ទៅណា​ទៀត​ទេ​។ ពេលនោះ ប៉េង​ឡេង ក៏បាន​ធ្វើតាម​ការណែនាំ​របស់​ថ្នាក់លើ និង​បានរៀបចំ​កម្លាំង ១៥០​នាក់​ទៀត ក្នុងការ​ការពារ​ទីកន្លែង​នោះ​។ មួយអាទិត្យ​ក្រោយមក ប៉េង​ឡេង បាន ឈ្លាត​ឱកាស​មក​អង្គភាព​របស់ខ្លួន ដើម្បី​ពិភាក្សា​ជាមួយ​បក្ខពួក អំពី​រឿងរ៉ាវ របស់ ផល់ ដែល​ត្រូវបាន​អង្គការ​ចាប់ខ្លួន ពីព្រោះថា អំឡុង​ពេលដែល ប៉េង​ឡេង ទៅ​បំពេញ ភារកិច្ច​នៅ​ស្តា​ត ថ្នាក់លើ​បាន​និយាយប្រាប់​គាត់​ថា អង្គការ​មានបំណង​បញ្ជូន ផល់ ទៅ​ស​-២១ ដើម្បី​ឲ្យ​ស​-២១ អ្នក​សួរចម្លើយ ផល់ វិញ​។ ពេលនោះ ប៉េង​ឡេង និង​បក្ខពួក​មាន ការព្រួយបារម្ភ និង​ស្មុគស្មាញ​យ៉ាងខ្លាំង ក៏​ចាត់វិធានការ​លួច​ដោះលែង ផល់ ឲ្យ​ទៅ​លាក់ខ្លួន​នៅ​កន្លែង​ស្ងាត់ ដើម្បី​ឲ្យ​អង្គ​ការរក​មិនឃើញ​។ បន្ទាប់មក ប៉េង​ឡេង និង​បក្ខពួក បានធ្វើ​សកម្មភាព​នេះ​បានសម្រេច រីឯ ប៉េង​ឡេង ក៏​វិល​ត្រឡប់មក​ស្តា​ត​វិញ​។ ទន្ទឹមនេះ អង្គការ​បានឮ​ដំណឹង​ថា ផល់ ត្រូវបាន​បក្ស​ក្បត់​ជួយ​រំដោះ រួចហើយ​បានរៀបចំ​កម្លាំង តាម​ចាប់ ផល់ ម្តងទៀត​។ មួយរយៈ​ក្រោយមក អង្គការ​បាន​ស៊ើប​ដឹង​ពី​កន្លែង ស្នាក់នៅ​របស់ ផល់ ហើយ​បាន​ចាត់តាំង​កងកម្លាំង​បដិវត្តន៍​មួយចំនួន​ឲ្យ​ទៅ​ចាប់ ផល់​។ ពេលនោះ អង្គការ​បាន​យក ផល់ ទៅ​ស​-២១ ដើម្បី​សួរចម្លើយ​រក​បក្ខពួក​ក្បត់​។ ទន្ទឹមនេះ ផល់ បាន​ឆ្លើយ​សារភាព​ប្រាប់​អង្គការ អំពី​ខ្សែរយៈ​ក្បត់ សេ​អ៊ី​អា ជា​បន្តបន្ទាប់ រហូត ដល់​ថ្ងៃមួយ ផល់ បាន​សារភាព​ប្រាប់​អង្គការ​ថា ប៉េង​ឡេង ក៏​ជា​ខ្សែរយៈ​ក្បត់ សេ​អ៊ី​អា ប្រឆាំងនឹង​បដិវត្តន៍​ដែរ​។ ភ្លាមៗ​នោះ អង្គការ​ក៏បាន​ចាត់វិធានការ​ចាប់ ប៉េង​ឡេង នៅ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​១៩៧៧​៕MN/

(​ដកស្រង់​ចេញពី​ឯកសារ​លេខ J០០០៤៨)​ដោយ​៖ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​