អ៊ុំ វ​ណ្ណេ​ត និង សៅ វណ្ណា ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

85

ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ កាលពី​យប់​ថ្ងៃទី​៣០​ធ្នូ​។​

​អ៊ុំ វ​ណ្ណេ​ត ក្លិប​មរតក​យុទ្ធ​គុន​ខ្មែរ និង​អ្នក​ប្រដាល់​ជើង​ថ្មី សៅ វណ្ណា បានឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ហើយ​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ត្រៀម​ប្រកួត​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ឋានៈ​ជា​ជើងឯក​ដែលមាន​រង្វាន់​អម​ចំនួន​៤.០០០​ដុល្លារ​។​

​អ៊ុំ វ​ណ្ណេ​ត បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ទាំង​ប្រផិតប្រផើយ​។ ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ស្ថិតក្នុង​សភាព​តឹងតែង​យ៉ាងខ្លាំង ពួកគេ​ប្ដូរ​កណ្ដាប់ដៃ និង​ជង្គង់​គ្នា​ទៅវិញទៅមក​យ៉ាង​ជក់ចិត្ត​។​

​វាសនា ចាញ់​ដោយ​ភ្លាត់ស្នៀត បន្ទាប់ពី វ​ណ្ណេ​ត ដាក់​មួយ​ដៃ​ចំ​មាត់​បណ្ដាល​ឲ្យ​បែក​ឈាម​នៅ​ទឹក​ទី​៥ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នោះ​។ វាសនា និយាយថា គេ​ឈាម​មាត់​មែន​តែ​ស្មារតី​របស់គេ​មិនទាន់​វង្វេង​នោះទេ ហេតុអ្វី​បានជា​អាជ្ញាកណ្ដាល​រាប់​បែបនេះ​។​

​អ៊ុំ វ​ណ្ណេ​ត បានទទួល​ជ័យជំនះ​លើ គឹម វាសនា ដោយសារ​តែមួយ​ដៃ ហើយ​វាសនា​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នៅ​ទឹក​ទី​៥​នេះ តែប៉ុណ្ណោះ​។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​ជើង​ថ្មី សៅ វណ្ណា បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ជើងចាស់ ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ខកចិត្ត​ជាខ្លាំង​។​

​ក្នុងការ​ប្រកួត ៥​ទឹក​នោះ​ភាគច្រើន វណ្ណា ជា​អ្នក​មានប្រៀប​។ រដ្ឋា ៣​ទឹក​ដំបូង​វ៉ៃ​បាន​គ្រាន់បើ ហើយ​បន្ទាប់ពី​ឈានដល់​ទឹក​ទី​៤ កម្លាំង​របស់គេ​ស្រុតចុះ ដែល​នេះ​ជា​ឱកាសល្អ​សម្រាប់ វណ្ណា តែម្ដង​។ វណ្ណា មិនសូវ​ជាការ​ពារ​ប៉ុន្មាន​ទេ គឺ​គេ​វាយលុក តែ​ទីបំផុត​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥ សៅ វណ្ណា ដណ្ដើមបាន​កៅអី​សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ អ៊ុំ វ​ណ្ណេ​ត​។​

​ការប្រកួត​ជា​មិត្តភាព​ជាមួយ​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ វីរៈ សាក់ (Vireak Sak) ដោយ​ពិន្ទុ​ទាំង​លំបាក​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់ ជ័យ សុផល មកពី​ក្លិប​ខេត្តសៀមរាប ត្រូវ​អ្នក​ប្រដាល់ សយ សុខ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រើ​កណ្ដាប់ដៃ​ដាល់​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤៕L ដោយ​៖ រ៉ូ​ហ្សា​