អ៊ូ​ហ្គ​ង់​ដា​នឹង​ណែនាំ​ឱ្យ​ប្រជាជន​ប្រើ​ឧបករណ៍​តេស្ត​មើល​ហ៊ី​វ​ដោយ​ខ្លួនឯង ដែល​បង្ហាញ​លទ្ធផល​មិន​ដល់ ២០ នាទី​

1253
ចែករម្លែក

​ក្រសួងសុខាភិបាល​រប​ស់​អ៊ូ​ហ្គ​ង់​ដា កំពុងធ្វើការ​ឆ្ពោះទៅរក​ការណែនាំ​ឱ្យប្រើ​ឧបករណ៍​ធ្វើតេស្ត​រកមើល​វីរុស​ហ៊ី​វ​តាម​មាត់​ដោយ​ខ្លួនឯង សម្រាប់​ជា​ផ្នែក​មួយ​នៃ​វិធានការ​ជាច្រើន ដើម្បី​ជំរុញ​លើកទឹកចិត្ត​បុរសៗ​ស្វែង​រកមើល​ស្ថានភាព​វីរុស​ហ៊ី​វ និង​ជំងឺអេដស៍​។ នេះ​បើតាម​កាសែត Daily Monitor​។​

​សាកលវិទ្យាល័យ​ម៉ា​គី​រៀ បាន​អនុវត្ត​ការស្រាវជ្រាវ​មួយ ដែល​ស​បញ្ជាក់ថា បុរស ៧ នាក់ ក្នុងចំណោម ១០ នាក់​ពេញចិត្ត​ឧបករណ៍​ធ្វើតេស្ត​អេដស៍​នេះ ដែល​ផ្តល់​លទ្ធផល​មិន​ដល់ ២០ នាទី​ទេ​។

​លោក​វេជ្ជបណ្ឌិត យ៉ូ​សេប ម៉ា​ទូ​វូ នៃ​សាលា​ជំនាញ​សុខភាព​នៃ​សាកលវិទ្យាល័យ​ម៉ា​គី​រៀ បាន​និយាយថា “​ការសិក្សា​បញ្ជាក់ថា​ក្នុងប្រទេស​នេះ​មាន​ចំនួន​បុរស​មក​ទទួល​សេវា​ធ្វើតេស្ត​មើល​អេដស៍​ដ៏​ទាប​”​។​

​ការ​ស្ទាប់ស្ទង់​ប្រជាសាស្ត្រ​និង​សុខភាព​នៅ​អ៊ូ​ហ្គ​ង់​ដា​ក្នុង​ឆ្នាំ ២០១៦ បង្ហាញថា បុរស ៤៧ ភាគរយ អាយុ​ចន្លោះ ១៥ ទៅ ៤៩ ឆ្នាំ បានទទួល​ការធ្វើ​តេស្ត និង ទទួលបាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​ហ៊ី​វ ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយនេះ ធៀប​នឹង​ស្ត្រី​គឺ ៥៥ ភាគរយ​។

​ឧបករណ៍​ធ្វើតេស្ត​ដោយ​ខ្លួនឯង​នេះ​ដំណើរការ​តាមរយៈ​ការ​ប្រមូលយក​ទឹកមាត់​ចេញពី​អញ្ចាញ​។

​លោក​វេជ្ជបណ្ឌិត​ម៉ា​ទូ​វូ​និយាយថា “​អ្នកយក​ឧបករណ៍​តេស្ត​នេះ​ជូត​លើ​អញ្ចាញ​លើ និង​ក្រោម ហើយ​វា​នឹង​ប្រមូលយក​ទឹក​នៅលើ​អញ្ចាញ​នោះ មុនពេល​ដាក់​វា​ធ្វើតេស្ត​ក្នុង​សូលុយស្យុង​”​។

​លោក​បាន​បន្ថែមថា “​ឧបករណ៍​នេះ​បន្ទាប់ពី​ស៊ក​ចូលក្នុង​សូលុយស្យុង នឹង​ចាប់ផ្តើម​បង្ហាញ​ខ្សែបន្ទាត់​។ ប្រសិនបើ​វា​បង្ហាញ​បន្ទាត់​តែមួយ មានន័យថា អ្នកមាន​លទ្ធផល​អវិជ្ជមាន ប្រសិនបើ​បង្ហាញ​បន្ទាត់​ពីរ មានន័យថា អ្នកទទួល​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​ហ៊ី​វ ប៉ុន្តែ​អ្នក​ត្រូវ​ទៅធ្វើ​តេស្ត​បញ្ជាក់​មួយតង់​ទៀត​នៅ​មណ្ឌល​សុខភាព​”៕ ដោយ៖ កញ្ញាដាលីស

អ៊ូ​ហ្គ​ង់​ដា​នឹងដាក់​ឱ្យប្រើ​ឧបករណ៍​តេស្ត​មើល​ហ៊ី​វ​ដោយ​ខ្លួនឯង​ឆាប់ៗ​នេះ