អ៊ែនឌី ឡៅ លុបចោលការប្រគុំតន្ត្រីចំនួន ១២ នៅហុងកុង ខណៈឡេអូន ឡៃ ផ្អាកកម្មវិធីនៅម៉ាកាវ ដោយសារវីរុសកូរ៉ូណា

154
ចែករម្លែក

កំពូលតារាហុងកុង អ៊ែនឌី ឡៅ បានលុបចោលការប្រគុំតន្ត្រីទាំង១២របស់គាត់ក្នុងទីក្រុងហុងកុងដោយបារម្ភអំពីការរាលដាលនៃវីរុសកូរ៉ូណា។

កម្មវិធីប្រគុំតន្ត្រីឈ្មោះ “My Love Andy Lau World Tour Hong Kong 2020” គ្រោងចាប់ផ្តើមពីថ្ងៃទី ១៥ កុម្ភៈ។

អ៊ែនឌី ឡៅបានសរសេរជាភាសាចិននៅលើវេបសាយផ្លូវការរបស់គាត់កាលពីថ្ងៃអាទិត្យទី២៦មករាថា “សួស្តីមិត្តភក្តិនិងគ្រួសារទាំងអស់…ខ្ញុំសង្ឃឹមថាការប្រគុំតន្ត្រី My Love អាចបន្តតាមការគ្រោងទុក ដើម្បីបំពេញការសន្យាជាមួយអ្នកគ្រប់គ្នា។ ប៉ុន្តែដោយសារតែវីរុសកូរ៉ូណានិងក្នុងទស្សនៈមួយដើម្បីធានាការពារសុខភាពនិងសុវត្ថិភាពរបស់ទស្សនិកជន ខ្ញុំបានសម្រេចចិត្តលុបចោលការប្រគុំតន្ត្រីនៅហុងកុង”។

ឡៅបានបន្ថែមថា “សុំទោសចំពោះរឿងនេះ! ខ្ញុំជូនពរគ្រប់គ្នាមានសុខភាពល្អ។ ហើយដូច្នេះយើងនឹងដើរឆ្លងការលំបាកនេះជាមួយគ្នា!”។

ពួកអ្នករៀបចំនិយាយថា ខ្លួននឹងប្រកាសសងថ្លៃសំបុត្រការប្រគុំតន្ត្រីវិញនៅលើវេបសាយនិងផេកបណ្តាញសង្គមរបស់ខ្លួនឆាប់ៗនេះ។

ទន្ទឹមនេះដែរ តារាហុងកុងម្នាក់ទៀតគឺ ឡេអូន ឡៃ ក៏បានផ្អាកកម្មវិធីចំនួន២របស់គាត់នៅម៉ាកាវដែរ។

កម្មវិធីប្រគុំតន្ត្រីរបស់គាត់គ្រោងធ្វើនៅថ្ងៃទី ៣១ មករា និង ថ្ងៃ១កុម្ភៈ នៅមណ្ឌលព្រឹត្តិការណ៍ទីក្រុងស្ទូឌីយោ។ ក្រុមអ្នករៀបចំកម្មវិធីបានប្រកាសនៅលើវេបសាយ Weibo កាលពីថ្ងៃអាទិត្យថា “ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ” ព្រឹត្តិការណ៍នេះនឹងត្រូវផ្អាកសិន។ ពុំទាន់មានកាលបរិច្ឆេទថ្មីណាប្រកាសនៅឡើយទេ៕ ដោយ៖ កញ្ញាដាលីស

អ៊ែនឌី ឡៅ (ឆ្វេង) និង ឡេអូន ឡៃ លុបចោលនិងផ្អាកកម្មវិធីប្រគុំតន្ត្រីរៀងៗខ្លួន