អ៊ែន​ជេ​លីណា ចូ​លី នាំ​កូនចិញ្ចឹម ម៉ា​ត​ដុក​ទៅ​រៀន​ថ្ងៃ​ដំបូង​នៅ​ក្រុង​សេ​អ៊ូ​ល​(វីដេអូ)

442
ចែករម្លែក

​តារាភាពយន្ត​ហូលីវូត នាង​អ៊ែន​ជេ​លីណា ចូ​លី ពិត​ជា​មាតា​គំរូ​មែន​!​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​២១​សីហា បានបង្ហាញ​ជ័យលាភី​រង្វាន់​អូ​ស្កា​វ័យ​៤៤​ឆ្នាំ​រូប​នេះ នៅឯ​សកល​​វិទ្យាល័យ​យ៉ុន​សេ នៃ​ក្រុង​សេ​អ៊ូ​ល របស់​កូរ៉េ​ខាងត្បូង ដើម្បី​នាំ​កូន​ក​ម្លោះ វ័យ​១៨​ឆ្នាំ ម៉ា​ត​ដុក ចូលរៀន​នៅ​ថ្ងៃ​ដំបូង​។​

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​ឃើញ​ដើរ​មើល​សកល​វិទ្យាល័យ​នានា​នៅ​កូរ៉េខាងត្បូង និង​នៅ​សប្តាហ៍​នេះ​នាង​ចូលី បាន​នាំ​កូនចិញ្ចឹម​រូបនេះ​ចូលរៀន​សកល​​វិទ្យាល័យ​យ៉ុន​សេ​។​ម៉ា​ត​ដុក ត្រូវ​រៀន​មុខវិជ្ជា ជីវ​គីមីវិទ្យា​។​

​ចូ​លី ត្រូវបាន​គេ​ឮ​និយាយ​ទៅកាន់​និស្សិត​ដទៃ​ទៀត​ថា «​ខ្ញុំ​ចាកចេញ​នៅថ្ងៃនេះ ។​ថ្ងៃនេះ​ខ្ញុំ​នាំ​គាត់​មក​រៀន​»​។​

​តែ​ការទុកអោយ​ម៉ា​ត​ដុក​នៅ​ក្រុង​សេ​អ៊ូ​ល​និង​វិល​ទៅ​អាម៉េរិក​វិញ​មិន​ជា​ការងាយស្រួល​ទេ​សំរាប់​សិល្បការិនី​ចិត្តធម៌​រូបនេះ​ទេ​។​ដោយ​ចោល​ភ្នែក​ទៅ​កាន់​ម៉ា​ត​ដុក នាង​ចូលី​បាន​​បន្ថែមថា «​ខ្ញុំ​ព្យាយាម​ទប់​ទឹកភ្នែក​»​។​

​ម៉ា​ដុក ដែល​ឥឡូវ​មាន​វ័យ​១៨​ឆ្នាំ ត្រូវបាន​កំពូល​តារាភាពយន្ត​អាម៉េរិក​រូប​នេះ​សុំ​ពី​កម្ពុជា​ទៅ​ចិញ្ចឹម​នៅ​ឆ្នាំ​២០០២​។​នាង​ក៏​មាន​កូន​៥​នាក់​ទៀត រួម​មាន​កូនចិញ្ចឹម​៣​និង​កូន​​បង្កើត​២​នាក់​។​

​សូម​រំលឹក​ថា ម៉ា​ត​ដុក បាន​ប្រារព្វ​ខួបកំណើត​ទី​១៨​ឆ្នាំ​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​តាមរបៀប​ស្ងាត់ស្ងៀម​មួយ ដោត​រូប​វា​និង​នាង​ចូលី បាន​ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ លឿង អ៊ុង ដែល​ជា​អ្នកនិពន្ធ​រឿង​«​ដំបូង គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ​» និង​បានរួម​គ្នា​ទទួលទាន​អាហារ​សាមញ្ញ​មួយ​នៅ​ក្រុង​ក្លេ​វេ​លឹន សហរដ្ឋ​អាម៉េរិក​។​

​រូបភាព​មួយ​ដែល​អ្នកនិពន្ធ​បាន​បង្ហោះ​នៅពេល​បន្ទាប់ លោកស្រី​ចូលី បានសរសេរថា​«​ខ្ញុំ​បាន​ជួប​ម៉ា​ត​ដុក​កាល​ពី​គេ​មាន​អាយុ​ទើប​១​ឆ្នាំ និង​ថ្ងៃនេះ​គេ​មាន​អាយុ​១៨​ឆ្នាំ ហើយ​ចូល​​រៀន​មហាវិទ្យាល័យ​។​មាន​មោទនភាព​ណាស់​! រីករាយ​ថ្ងៃ​ខួបកំណើត ម៉ា​ត​ដុក​»៕​ដោយ​៖​វាសនា​

ចូ​លី នាំ​កូនចិញ្ចឹមម៉ាតដុក(ស្តាំ)​ចូលរៀន​សកល​វិទ្យាល័យ​នៅ​ថ្ងៃ​ដំបូង​ទាំង​មោទនភាព​