អ៊ែន​ជេ​ឡា មឺ​គែល និង​អា​បេ ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង ខណៈ​ចលាចល​នៃ Brexit កាន់​តែមាន​សភាព​ខ្លាំង​ក្លា​

353
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់ អ៊ែន​ជេ​ឡា មឺ​គែល គ្រោង​នឹង​មកដល់​ប្រទេស​ជប៉ុន​ដើម្បី​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ​នៅ​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​នេះ ខណៈដែល​មេដឹកនាំ​ទាំងពីរ​ត្រៀមខ្លួន​ទប់ទល់​នឹង​ភាពវឹកវរ​កាន់តែខ្លាំង​ឡើង​របស់​ចក្រភព​អង់គ្លេស​ពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​លោក​អា​បេ​និង​លោកស្រី​មឺ​គែល​ដែលមាន​អាយុ​៦៤​ឆ្នាំ​ដូចគ្នា គឺជា​អ្នក​និយាយ​ការពារ​មិន​សំចៃមាត់​អំពី​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ធ្វើឱ្យ​រង្គោះរង្គើ​ដោយសារ Brexit និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ក៏ដូចជា​ការ​ចោទ​ជា​មន្ទិល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​អំពី​សម្ព័ន្ធមិត្ត​ចាស់ៗ​ជាច្រើន​ទសវត្សរ៍​។ កិច្ចប្រជុំ​កំពូល​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និង​សហភាព​អឺរ៉ុប​បាន​ចូល​ជា​ធរមាន ដោយ​លុបចោល​ពន្ធគយ​ស្ទើរតែ​ទាំងអស់​។​

​យោងតាម​ឯកសារ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ផ្តល់ឱ្យ​អ្នកយកព័ត៌មាន​បានឱ្យ​ដឹងថា លោកស្រី​មឺ​គែល​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ជាច្រើន​រួមមាន​ក្រុមហ៊ុន Siemens AG និង​ក្រុមហ៊ុន Bayer AG ហើយ​មេដឹកនាំ​ទាំងពីរ​ត្រូវគេ​រំពឹងថា​នឹង​ប្រកាស​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​ស្តីពី​សន្តិសុខ​ព័ត៌មាន​ដែល​នឹង​អនុញ្ញាត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​កាន់តែច្រើន​។ លោកស្រី​បានមក​ដល់​ប៉ុន្មាន​ម៉ោង​ក្រោយពី​ក្រុមហ៊ុន Nissan Motor Co. បានប្រកាសថា​ខ្លួន​បាន​លុបចោល​ផែនការ​ផលិត​រថយន្ត​ស្ព័​រ​នៅ​ចក្រភព​អង់គ្លេស ចំពេល​មាន​ភាពមិនច្បាស់លាស់​ទា​ក់​ទង​នឹង​ទំនាក់ទំនង​នាពេល​អនាគត​របស់​ប្រទេស​នេះ​ជាមួយ​សហភាព​អឺរ៉ុប​។​

​លោកស្រី​មឺ​គែល​បាន​អំពាវនាវ​ដល់​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ខែមករា​ដើម្បី​កំណត់​នូវ​ដំណើរការ​នៃ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​អឺរ៉ុប​តាមរបៀប​ដែលមាន “​ការទទួលខុសត្រូវ​”​។ ដំបូង​ជា​អ្នកជំទាស់​យ៉ាងខ្លាំង​ក្លា​ចំពោះ Brexit ឥឡូវ​លោក​អា​បេ​បាន​អំពាវនាវ​ឱ្យ Brexit ធ្វើឡើង​ឱ្យ​រួចរាល់​តាមរបៀប​ដែល​មិនមាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​អាជីវកម្ម​របស់​ជប៉ុន​នៅ​ចក្រភព​អង់គ្លេស​។​

​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​មួយចំនួន​របស់​ជប៉ុន​រួមមាន​ក្រុមហ៊ុន Nissan ក្រុមហ៊ុន​បច្ចេកវិជ្ជា SoftBank Group Corp និង​ម៉ាក​យីហោ​សម្លៀកបំពាក់​ល្បី Uniqlo បាន​ប្រើប្រាស់​ចក្រភព​អង់គ្លេស​ដើម្បី​ឈរជើង​នៅ​អឺរ៉ុប​និង​ព្រួយបារម្ភ​ថា​ក្រុមហ៊ុន​ទាំងនោះ​អាច​នឹង​ជួប​ផលប៉ះពាល់​ពី Brexit៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​មឺ​គែល​គ្រោង​ជួបពិភាក្សា​ជាមួយ​លោក​អា​បេ​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ចន្ទ​នេះ
#