អ៊ែន​ជែ​ល​លី​ណា ចូ​លី ស្វែងរក​ការគាំទ្រ​សម្រាប់​ជនភៀសខ្លួន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

862
ចែករម្លែក

​តារាភាពយន្ត​ហូលីវូដ អ៊ែន​ជែ​ល​លី​ណា ចូ​លី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា​ថា ការរត់​ចេញ​នៃ​ជនភៀសខ្លួន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់ម៉ឺន​នាក់​ពី​ប្រទេស​របស់​ពួកគេ​បាន​នាំឱ្យមាន​វិបត្តិ​អន្តោប្រវេសន៍​ដ៏ “​ភ្ញាក់ផ្អើល​” នៅ​អាមេរិក​ខាងត្បូង ដែល “​អាច​ព្យាករណ៍​បាន​និង​អាច​ទប់ស្កាត់បាន​”​។​

​លោកស្រី​ចូ​លី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​ទៅកាន់​ប្រទេស​ប៉េ​រូ ក្នុងនាម​ជា​បេសកជន​ពិសេស​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់ខ្លួន លោកស្រី​ចូ​លី​បាន​ជួប​ជនភៀសខ្លួន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​រស់នៅ​ជំរំ​មួយ​នៅក្នុង​រដ្ឋធានី និង​បាន​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​ផងដែរ​។​

​កាលពី​ថ្ងៃ​អង្គារ​លោកស្រី​ចូ​លី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៉េ​រូ លោក ម៉ា​ទីន វី​ស​ខា​រ៉ា ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ដំណោះស្រាយ​ដល់​វិបត្តិ​អន្តោប្រវេសន៍ និង​វិធី​នៃ​ការទទួលបាន​ការគាំទ្រ​ពី​អន្តរជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ប៉េ​រូ​ចំពោះ​ការចាត់វិធានការ​នានា​ដែល​កំពុង​ជួយ​ឱ្យ​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅក្នុង​ប្រទេស​នេះ​ទទួលបាន​ឋានៈ​ស្របច្បាប់​ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក​ឱ្យ​គាំទ្រ​នីតិវិធី​ដែល​ជួយ​ជនភៀសខ្លួន​ដាក់ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​។​

​លោកស្រី​ចូ​លី​បាន​និយាយថា “​គ្មាន​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ណា​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប ចង់បាន​អង្គការ​សប្បុរសធម៌​នោះទេ​។ ពួកគេ​ចង់បាន​ឱកាស​ដើម្បី​ជួយ​ខ្លួនឯង​”​។​

​យោងតាម​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា មនុស្ស​ជាង ១,៩ លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាំងពី​ឆ្នាំ ២០១៥ និង​ប្រហែល ៤០០.០០០ នាក់​បានរ​ត់ទៅ​ប្រទេស​ប៉េ​រូ​។ អង្គការ UNHCR បាន​ពណ៌​នាវា​ថា​ជា​ចលនា​បំលាស់​ទី​ប្រជាជន​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​អាមេរិក​ឡាទីន​។​

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​បដិសេធថា​មិនមាន​វិបត្តិ​អន្តោប្រវេសន៍​ទេ​ហើយ​បាន​និយាយថា​សត្រូវ​របស់ខ្លួន​កំពុងតែ​ក្រឡុក​ស្ថានការណ៍​ដើម្បី​ដោះសារ​អំពី​ការឈ្លានពាន​មកលើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ប៉េ​រូ លោក ម៉ា​ទីន វី​ស​ខា​រ៉ា និង លោកស្រី អ៊ែន​ជែ​ល​លី​ណា ចូ​លី