អ្នកការទូត​កំពូល​របស់​អាម៉េរិក​នឹង​ជំរុញឱ្យមាន​ការសន្ទនា​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​ស៊ូដង់​

446
ចែករម្លែក

​ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មិថុនា​ថា​អ្នកការទូត​កំពូល​របស់​អាម៉េរិក​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ូដង់​ដើម្បី​លើកទឹកចិត្ត​ដល់​ការចរចា​រវាង​មេដឹកនាំ​យោធា​ស៊ូដង់​និង​ក្រុមអ្នកតវ៉ា​ដែល​កងកម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ដោយ​ហិង្សា​។​

​លោក ធី​ប័​រ ណា​ហ្គី (Tibor Nagy) ឧបការី​ក្រសួង​ការ​របរ​ទេស​ទទួលបន្ទុក​កិច្ចការ​អាហ្វ្រិក គ្រោង​នឹង​ជួប​សមាជិក​នៃ​មេដឹកនាំ​យោធា​និង​មេដឹកនាំ​បាតុកម្ម​នៅក្នុង​ទីក្រុង​ខា​ទុំ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​បាន​និយាយថា “​គាត់​នឹង​អំពាវនាវ​ឱ្យ​បញ្ចប់​ការវាយប្រហារ​ប្រឆាំងនឹង​ជន​ស៊ីវិល​ហើយ​ជំរុញ​ឱ្យ​ភាគី​នានា​ធ្វើការ​ឆ្ពោះទៅរក​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​” សម្រាប់​កិច្ចពិភាក្សា​បន្ត​។​

​ក្រុមអ្នកតវ៉ា ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត​ដែលមាន​ការព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ថ្លៃ​ចាយវាយ​ប្រចាំថ្ងៃ បាន​ប្រមូល​ផ្តុំគ្នា​ជាច្រើន​ខែ​ជាមួយ​ចលនា​តស៊ូ​មួយ​ដែល​បាន​នាំឱ្យ​កងទ័ព​ឈានដល់​ការបណ្តេញ​មេដឹកនាំ​ជើងចាស់​លោក​អូ​ម៉ា អាល់​បា​សៀរ កាលពី​ខែមេសា​។​

​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​កងទ័ព​បាន​បង្ក្រាប​បាតុកម្ម​ជា​បន្ត​នេះ ដោយ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់ បន្ទាប់ពី​មានការ​ជាប់គាំង​នៅក្នុង​ការចរចា ដែល​ក្នុងនោះ​ក្រុមអ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ទៅ​ការគ្រប់គ្រង​របស់​ស៊ីវិល​។​

​លោក​ណា​ហ្គី​បាន​ថ្កោលទោស​ការបង្ក្រាប​នេះ​ថា “​ឃោរឃៅ​” និង​បាន​ព្រមាន​ប្រទេស​ស៊ូដង់​ថា​ចាំបាច់​ត្រូវតែ​ប្តូរ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ស៊ីវិល ប្រសិនបើ​ខ្លួន​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាម៉េរិក​។​

​លោក​ណា​ហ្គី​នឹង​ចាក​ចេញពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ហើយក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ត្យូ​ពី​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ស៊ូដង់​ជាមួយនឹង​មហាអំណាច​ក្នុង​តំបន់​ក៏ដូចជា​សហភាព​អាហ្វ្រិក​។​

​អ្នកការទូត​ជាន់ខ្ពស់​រូបនេះ​ក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក​ផងដែរ កន្លែង​ដែល​លោក​នឹងចូលរួម​នៅក្នុង​សន្និសីទ​ធុរកិច្ច​អាម៉េរិក​និង​អាហ្វ្រិក និង​ធ្វើ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាងត្បូង កន្លែង​ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​របស់​សហ​រដ្ឋ​អាម៉េរិក​ឆ្ពោះទៅកាន់​ទ្វីប​មួយ​នេះ​នៅឯ​សាកលវិទ្យាល័យ​វីត (Wits University) ក្នុង​ទីក្រុង​ចូ​ហាន​ណេ​ស្បឺ​ក​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ស៊ូដង់​កំពុង​ល្បាត​នៅ​ទីក្រុង​ខា​ទុំ បន្ទាប់ពី​ការបង្ក្រាប​បង្ហូរឈាម​លើ​បាតុករ