អ្នកការទូត​ជាច្រើន​នាក់​ដើរចេញ ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វាយប្រហារ​អាមេរិក​ក្នុងការ​ថ្លែង​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ​

355
ចែករម្លែក

​អ្នកការទូត​ជាច្រើន​នាក់​បាន​ចាក​ចេញពី​មហាសន្និបាត​អ​.​ស​.​ប​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​ដើម្បី​តវ៉ា​ប្រឆាំងនឹង​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​បាន​ថ្កោលទោស​ការអំពាវនាវរ​បស់​អាមេរិក​ឱ្យ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ច​ច អា​រី​ហ្សា (Jorge Arreaza) បាន​ឡើង​វេទិកា​មហាសន្និបាត​អ​.​ស​.​ប​ក្នុងនាម​ជា ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដែលជា​ផ្នែក​មួយ​នៃ​សម័យប្រជុំ​ពិសេស​របស់​អ​.​ស​.​ប ដែល​ផ្តោតទៅលើ​តម្លៃ​នៃ​ពហុភាគី​និយម​។​

​ការដើរ​ចេញ​នោះ​គឺ​រវាង​មន្ត្រីការទូត​ពី ៣០ ទៅ ៤០ នាក់​មកពី​សម្ព័ន្ធ Lima Group ដែលជា​សម្ព័ន្ធមិត្ត​ប្រជាជាតិ​អាមេរិក​ឡាទីន និង ប្រទេស​កាណាដា ដែល​ស្ទើរតែ​ទាំងអស់​បានទទួល​ស្គាល់​លោក​ក្វា​យ​ដូ និង​ប្រកាសថា​មេដឹកនាំ​ឆ្វេងនិយម​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ជា​មេដឹកនាំ​ខុសច្បាប់ បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ឆ្នាំមុន ដែល​គេ​រិះគន់​យ៉ាងខ្លាំង​ថា​ជាការ​ក្លែងបន្លំ​។​

​នៅក្នុង​សុន្ទរកថា លោក​អា​រី​ហ្សា​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ចង់​ដាក់ចេញ​នូវ “​របប​ផ្តាច់ការ​” នៅឯ​អង្គការសហប្រជាជាតិ​តាមរយៈ “​ការប៉ុនប៉ង​ដោយ​ឥត​លាក់លៀម​ដើម្បី​បណ្តេញ​ឬ​ដកចេញ​ការទទួលស្គាល់​ភាពស្របច្បាប់​របស់​រដ្ឋ​ជា​សមាជិក​ដែលមាន​សិទ្ធិ​ពេញលេញ​ដូចជា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”​។​

​លោក​បាន​ប្រាប់​សម័យប្រជុំ​នោះ​ថា “​នេះ​គឺជា​ការរើសអើង​និង​មិនអាច​ទទួលយក​បានទេ​” ដែល​ក្នុងនោះ​សហរដ្ឋអាមេរិក​មិនបាន​ស្នើសុំ​និយាយ​អ្វី​ទេ​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន អគ្គលេខាធិការ​នៃ​អង្គការ​រដ្ឋ​អាមេរិកាំង លោក​ល្វី​ស អាល់​ម៉ា​ហ្គ្រោ (Luis Almagro) បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត​និង​ការប្រើប្រាស់​កម្លាំង​ដែល​អាច​ធ្វើបាន​ដើម្បី​ដក​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​។​

​លោក​អាល់​ម៉ា​ហ្គ្រោ​បាន​ប្រាប់​វេទិកា​ការទូត​ថា “​ការសម្រេចចិត្ត​ឱ្យ​ជន​ផ្តាច់ការ​ពុករលួយ​មួយចំនួន​នៅ​កាន់អំណាច​គឺ​គួរឱ្យ​ខឹងសម្បា​រណាស់​…​ហើយ​យើង​ត្រូវ​គិត​អំពី​ឧបករណ៍​ច្បាប់សាធារណៈ​អន្តរជាតិ​មួយចំនួន​ដូចជា​ការទទួលខុសត្រូវ​ដើម្បី​ការពារ​ការធ្វើអន្តរាគមន៍​ផ្នែក​មនុស្សធម៌​ដើម្បី​ដោះស្រាយ​ករណី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”​។​

​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេ​ន​បានធ្វើ​ដំណើរ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅ​ខែ​នេះ កន្លែង​ដែល​លោក​បាន​ថ្កោលទោស​លោក​ម៉ា​ឌូ​រ៉ូ​ថា​ជា “​ជន​ផ្ដាច់ការ​” ដែលជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​សហរ​ដ្ឋ​អាមេរិក​ដើម្បីឱ្យ​ស្ថាប័ន​ពិភពលោក​នេះ​ទទួលស្គាល់​លោក​ក្វា​យ​ដូ​ជំនួស​វិញ​។​

​យោងតាម​អ​.​ស​.​ប វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យ​ទំនើប​របស់ខ្លួន​ជាមួយ​អតិផរណា​រំពឹង​កើនឡើង​ដល់ ១០ លាន​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​រួមចំណែក​ដល់​ការខ្វះខាត​ទំនិញ​ជា​មូលដ្ឋាន ដែល​បណ្តាលឱ្យ​មនុស្ស​ជាង ២,៧ លាន​នាក់​ភៀសខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

អ្នកការទូត​ខ្ទង់ ៤០ នាក់​ដើរ​ចេញពី​មហាសន្និបាត​អ​.​ស​.​ប​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​ដើម្បី​តវ៉ា​ប្រឆាំងនឹង​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា