អ្នកការទូត​ជាន់ខ្ពស់​ចិន ធ្វើ​ទស្សនកិច្ច​កូរ៉េខាងត្បូងលើកដំបូង​​ចំពេល​មាន​ជម្លោះ​អំពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​

169
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​សប្តាហ៍​នេះ​ជា​លើកដំបូង​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នៅពេល​ដែល​ប្រទេស​ទាំង​២​ព្យាយាម​ធ្វើ​ឱ្យ​ចំណង​​ទាក់ទង​ប្រសើរ​ឡើង​វិញ​ចំ​ពេល​មាន​ជម្លោះ​អំពី​ការ​ដាក់​តាំង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​អាម៉េរិក​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា លោក វ៉ាង យី អ្នកការទូត​កំពូល​របស់​រដ្ឋាភិបាល​ចិន​និង​ជា​ទីប្រឹក្សា​រដ្ឋ​រូប​នេះ​គ្រោង​នឹង​មកដល់​នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​ធ្នូ​សម្រាប់​​ការ​ស្នាក់​នៅ​រយៈពេល​២ ថ្ងៃ ដោយ​ក្នុង​កំឡុង​ពេល​នោះ​លោក​នឹង​ជួប​សម​ភាគី​របស់​លោក​គឺ លោកស្រី កាង​គ្យុ​ង វ៉ា និង ប្រធានាធិបតី​លោក មូន ជែ​អ៊ីន​។​

​កូរ៉េខាងត្បូង​មើលឃើញ​ចិន​ជា​ប្រទេស​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​កិច្ច​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំងរ​វាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង ដែល​ជា​សម្ពន្ធ​​មិត្ត​ដ៏​យូរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ដំណើរ​ទស្សនកិច្ច​របស់​វ៉ាងយី នឹង​ក្លាយជា​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ចាប់តាំងពី​ជម្លោះ​បាន​កើត​ឡើង​អំពី​ការដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Thaad​របស់​អាម៉េរិក​នៅ​កូរ៉េ​​ខាងត្បូង ។ ទោះ​យ៉ាងនេះក្តី​ក៏​លោក និង​លោ​ស្រី កាង គ្យុ​ង វ៉ា បាន​ពិភាក្សា​គ្នា​នៅក្នុង​ឱកាស​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី នឹង​ក្លាយជា​ឱកាស​មួយ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​មាន​ការ​ជឿនលឿន​ជាថ្មី​ជាមួយ​​នឹង​បញ្ហា​ទ្វេភាគី​និង​តំបន់​នៅ​ក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​

​ភាគី​ទាំង​២​ត្រូវបាន​រំពឹងថា​នឹង​ពិភាក្សា​ជា​ចម្បង​អំពី​ការចូលរួម​ដែល​គ្រោងទុក​របស់​លោក​មូន​ជែ អ៊ី​ន នៅ​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នៅ​ចិន​ជាមួយ​ជប៉ុន​និង​ដំណើរ​ទស្សន​​កិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង មក​កាន់​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំក្រោយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក វ៉ាង យី គ្រោង​នឹង​មក​ដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​ធ្នូ