អ្នកការទូត ៖ កូរ៉េខាងជើង​អាច​នឹង​ផ្អាក​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក “​ដែលមាន​ចរិត​ដូច​ជើងកាង​”

113
ចែករម្លែក

​កូរ៉េខាងជើង​កំពុង​ពិចារណា​ផ្អាក​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​ប្រហែលជា​ពិចារណា​ឡើងវិញ​នូវ​ការហាមឃាត់​ការធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​លុះត្រាតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​សម្បទាន​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​រដ្ឋធានី​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា ដែល​ដកស្រង់​សម្តី​មន្ត្រីការទូត​ជាន់ខ្ពស់​ម្នាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុស្ស៊ី​និង​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​និយាយថា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី​ឆូ ស៊ុន​ហ៊ុយ បាន​ស្តីបន្ទោស​ក្រុមមន្ត្រី​កំពូល​របស់​អាមេរិក​ចំពោះ​បរាជ័យ​កិច្ចប្រជុំ​កំពូល​កាលពី​ខែ​មុន​នៅ​ទីក្រុង​ហាណូយ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។​

TASS បាន​ដកស្រង់​សម្តី​លោកស្រី​ឆូ​នៅ​រដ្ឋធានី​របស់​កូរ៉េខាងជើង​ថា “​យើង​មិន​មានបំណង​បន្ទន់​ទៅតាម​ការទាមទារ​រប​ស់​សហរដ្ឋអាមេរិក (​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ហាណូយ​) នោះទេ ហើយ​យើង​ក៏​មិន​ចង់​ចូលរួម​នៅក្នុង​ការចរចា​បែបនេះ​ដែរ​”​។​

TASS ដកស្រង់​សម្តី​លោកស្រី​ឆូ​យ៉ាង​ដូច្នេះ​ថា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ច​ន បូល​តុ​ន “​បាន​បង្កើត​បរិយាកាស​អរិភាព​និង​ការមិនទុកចិត្ត ហើយ​ហេតុដូច្នេះ​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការស្ថាបនា​សម្រាប់​ការចរចា​រវាង​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​និង​អាម៉េរិក​”​។​

​យោងតាម TASS ដែល​ដកស្រង់​សម្តី​លោកស្រី​ឆូដ​ដែល​បានឱ្យដឹងថា លោក​គីម​គ្រោង​នឹងធ្វើ​សេចក្តីប្រកាស​ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​អំពី​ជំហរ​របស់លោក​ទាក់ទង​នឹង​ការចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​និង​ចំណាត់ការ​បន្ទាប់​ទៀត​របស់​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​និយាយថា លោកស្រី​ឆូ​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បោះចោល​ឱកាស​មាស​នៅឯ​កិច្ចប្រជុំ​កំពូល​នេះហើយ​បាន​ព្រមាន​ថា​លោក​គីម​អាច​នឹង​ពិចារណា​ឡើងវិញ​នូវ​ការផ្អាក​ការបាញ់​មី​ស៊ី​ល​និង​ការសាកល្បង​នុយក្លេអ៊ែរ​។​

AP បាន​ដកស្រង់​សម្តី​លោកស្រី​ដោយ​និយាយថា “​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ជំហ​ដូច​ពួក​ជើងកាង​របស់​សហ​រដ្ឋ​អាមេរិក​ទីបំផុត​នឹង​ធ្វើឱ្យ​ស្ថានការណ៍​មាន​គ្រោះថ្នាក់​”​។ ប៉ុន្តែ​លោកស្រី​បាន​បន្ថែមថា “​ទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាង​មេដឹកនាំ​កំពូល​ពីររូប​នៅតែ​ល្អ ហើយ​ភាព​ត្រូវរ៉ូវ​គ្នា​គឺ​ពិតជា​អស្ចារ្យ​មិន​នឹកស្មាន​ដល់​”​។​

​សម្តី​របស់លោក​ស្រី​ឆូ​បាន​បន្លឺឡើង​នូវ​វោហា​សាស្ត្រ​ធម្មតា​របស់​កូរ៉េខាងជើង​នៅ​ចំណុច​តានតឹង​ក្នុងការ​ដោះស្រាយ​ជាមួយ​វ៉ាស៊ីនតោន​។ អ្នកឯកទេស​អំពី​កូរ៉េខាងជើង​លោក​យ៉ូ​ស្វេ ផូ​ល​ឡាក់ បាន​និយាយថា កូរ៉េខាងជើង​ប្រហែលជា​កំពុង​ដាក់​ឱសានវាទ​។​

​លោក​ផូ​ល​ឡាក់​មកពី​មជ្ឈមណ្ឌល​ជេ​ម​ម៉ា​ទីន​សម្រាប់​ការសិក្សា​អំពី​ការរំសាយ​នុយក្លេអ៊ែរ​បាន​និយាយថា “​ពួកគេ​កំពុង​ដាក់​សញ្ញា​សម្គាល់ ដោយ​និយាយថា​ផ្លូវ​ណា​ដែល​អ្វីៗ​នឹង​ឆ្ពោះទៅរក ប្រសិនបើ​គ្មាន​ការផ្លាស់ប្តូរ​”៕ ដោយ៖ កញ្ញាដាលីស

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង លោកស្រី​ឆូ ស៊ុន​ហ៊ុយ