អ្នកកាសែត​និង​បុគ្គលិក​សារព័ត៌មាន ៦៥​នាក់​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៧

156

​យោងតាម​តួលេខ​ប្រចាំឆ្នាំ ដែល​បានចេញ​ផ្សាយ​ដោយ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) នៅ​ថ្ងៃ​អង្គារ​ទី​១៩​ខែធ្នូ​នេះ បានឱ្យដឹងថា អ្នកកាសែត​និង​បុគ្គលិក​សារព័ត៌មាន​ចំនួន​៦៥​នាក់​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ ។​

​ក្នុងចំណោម​ពួកគេ​នេះ គឺ មាន​អ្នកកាសែត​អាជីព​ចំនួន​៥០​នាក់ ដែល​ចំនួន​អ្នកស្លាប់​នេះ បាន​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោយនេះ ។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​មួយចំនួន​នៃ​ក្រុមអ្នកកាសែត បាន​បញ្ឈប់​ការយក​ព័ត៌មាន​របស់​ពួកគេ​នៅ​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក​។​

​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​និយាយថា ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ គឺ​នៅតែ​ជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាសែត ដោយ​អ្នកកាសែត​ចំនួន​១២​នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ស៊ី​រី និង អ្នកកាសែត​១១​នាក់ ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែលជា​ប្រទេស​ដ៏​គ្រោះថ្នាក់​ផងដែរ​សម្រាប់​អ្នកកាសែត​។ អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​និយាយថា ប្រទេស​ម៉ិ​ក​ស៊ិ​ក មិនមែនជា​ប្រទេស​ដ៏​គ្រោះថ្នាក់​ដោយសារ​សង្គ្រាម​ទេ ដោយ​និយាយថា​អ្នក​ដែល​ធ្វើ​ការយក​ឬ​ផ្សាយ​ព័ត៌មាន​អំពី​អំពើពុករលួយ​ទាក់ទង​នយោបាយ ឬ ក្រុម​ឧក្រិដ្ឋជន គឺ​ក្លាយជា​គោលដៅ​វាយប្រហារ​។​

​ប្រទេស​ហ្វីលីពីន​បាន​ក្លាយជា​ប្រទេស​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅ​អាស៊ី​សម្រាប់​អ្នកកាសែត ដោយ​យ៉ាងតិចណាស់​អ្នកកាសែត​៥​នាក់ ត្រូវបាន​បាញ់​កាលពី​ឆ្នាំមុន គឺ ៤​នាក់​ក្នុងចំណោម​ពួកគេ​នេះ បាន​ស្លាប់​ដោយសារ​មុខរបួស​។​

​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​និយាយថា ទោះយ៉ាងណា​ក្តី ជាទូទៅ ចំនួន​អ្នកកាសែត​អាជីព​
​ដែល​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ពិភពលោក បាន​ធ្លាក់ចុះ​ទាប​បំផុត ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ក្នុងចំណោម​អ្នកកាសែត​ស្លាប់​៦៥​នាក់​នេះ សេចក្តីរាយការណ៍​នេះ បាន​និយាយថា​អ្នកកាសែត​៣៩​នាក់ ត្រូវបាន​សម្លាប់ ខណៈដែល​ចំនួន​អ្នកកាសែត​ផ្សេងទៀត​នៅសល់​ពីនេះ បាន​ស្លាប់​ក្នុងពេល​បំពេញការងារ​ដូចជា​ការវាយប្រហារ​តាម​អាកាស ឬ​ការ​បំផ្ទុះ​គ្រាប់បែក​អន្ត​ឃាត​ជាដើម​។​

​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​នេះ បាន​បន្ថែមថា នៅ​ប្រទេស​ដ៏​គ្រោះថ្នាក់​ផ្សេងទៀតៗ ដូចជា ប្រ​ទេ​ស៊ី​រី អ៊ីរ៉ាក់ យេ​ម៉ែន និង លី​ប៊ី ជាដើម​នោះ អ្នកកាសែត​ច្រើន​នាក់ ត្រូវបាន​សម្លាប់​៕ ដោយ៖ សុខា

​ក្រុម​អ្នក​សែត​ច្រើ​នាក់ តវ៉ា​ប្រឆាំង​អំពើហិង្សា​ក្នុងអំឡុងពេល​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣០​នៃ​ការសម្លាប់​អ្នក​សែត​ម៉ិ​ក​ស៊ិ​ក លោក ម៉ា​នូ​អែល ប៊ូ​ន​ឌា នៅ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ