អ្នកកាសែត​បរទេស​២.៦០០​នាក់​ចុះ​ឈ្មោះ​សុំ​ចូល​យក​ព័ត៌មាន​អំពី​ជំនួប​កំពូល​ត្រាំ​-​គីម​នៅ​ហាណូយ​

306
ចែករម្លែក
  • 24
    Shares

​មានការ​ជ្រួលជ្រើម​ខ្លាំង​ក្នុងចំណោម​អ្នកសារព័ត៌មាន​ជុំវិញ​ជំនួប​កំពូល​លើក​ទី​២​រវាង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​​វៀតណាម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​បុគ្គលិក​សារព័ត៌មាន​មកពី​អង្គភាព​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​និង​ជប៉ុន ដូចជា​NHK, KBS, News1 និង Yonhap​បាន​ផ្តុំគ្នា​នៅក្រៅ​សណ្ឋាគារ​Sofitel Legend Metropole ​និង​ផ្ទះ​ភ្ញៀវ​ជាតិ​នៅ​រដ្ឋធានី​ហាណូយ​ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​មក​។​

​អ្នកយក​ព័ត៌មាន​កូរ៉េខាងត្បូង​ម្នាក់​បាន​និយាយថា​« យើង​ចង់​កត់ត្រា​ព្រឹត្តិការណ៍​បន្ទាប់បន្សំ​ទាំងអស់ ដោយ​គណៈប្រតិភូ​កូរ៉េខាងជើង​សំរាប់​អ្នកអាន​របស់​យើង​»​។​

​ក្រសួងការបរទេ​សវៀ​ត​ណា​ម​បានអោយដឹងថា អ្នកយក​ព័ត៌មាន​បរ​ទេស​ប្រមាណ​២.៦០០​នាក់​បាន​ចុះឈ្មោះ​សំរាប់​យក​ព័ត៌មាន​នៃ​ជំនួប​នេះ​។​ពាក្យសុំ​ច្រើន​បំផុត​គឺ​មក​ពី​អង្គ​​ភាព​សារព័ត៌មាន​អាមេរិក កូរ៉េ​ខាងត្បូង​និង​ជប៉ុន​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម​បាន​រៀបចំ​ផែន​សន្តិសុខ​ចប់សព្វគ្រប់​អស់ហើយ​សំរាប់​សណ្ឋាគារ​ធំៗ​ចំនួន​១០ សំរាប់​សមាជិក​គណៈប្រតិភូ​មកពី​ប្រទេស​ទាំង​ពីរ​ស្នាក់នៅ​។​​តែ​ទោះជា​យ៉ាងណា អាជ្ញាធរ​មិន​ទាន់​ទម្លាយ​ប្រាប់ថា​តើ​សណ្ឋាគារ​ណាមួយ​នឹង​ប្រើ​សំរាប់​ជំនួប​រវាង​ត្រាំ​និង​គីម​។​

​ជំនួប​កំពូល​ត្រាំ​-​គីម​លើក​ទី​២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​២៧-២៨​កុម្ភៈ​នៅក្នុង​ក្រុង​ហាណូយ ។​ប៉ូលិស​ត្រូវបាន​កេណ្ឌ​ប្រមូល​មក​ល្បាត​ការពារ​សន្តិសុខ​ទីតាំង​សំខាន់ៗ​ក្នុង​ក្រុង​រួមមាន​​សណ្ឋាគារ អាកាសយានដ្ឋាន ផ្លូវថ្នល់​និង​ស្ថានីយ​រថភ្លើង​៕

​អ្នកយក​ព័ត៌មាន​អន្តរជាតិ​នៅ​ក្រៅ​ផ្ទះ​ភ្ញៀវ​ជាតិ​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​២១​កុម្ភៈ ឆ្នាំ​២០១៩