អ្នកកាសែត​ប្រឆាំង​របស់​រុស្ស៊ី លោក បាប​ឆិ​ន​កូ ត្រូវគេ​បាញ់​ស្លាប់​នៅ​ទីក្រុង​កៀវ​

838
ចែករម្លែក
  • 72
    Shares

​ប៉ូលិស​អ៊ុយ​ក្រែ​ន​និយាយថា អ្នកកាសែត​រុស្ស៊ី​លោក អាកា​ឌី បាប​ឆិ​ន​កូ (Arkady Babchenko) បាន​ស្លាប់ បន្ទាប់ពី​គេ​លប​បាញ់​នៅ​ជិត​ផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង​កៀវ​។​

​លោក បាប​ឆិ​ន​កូ អាយុ ៤១ ឆ្នាំ​ត្រូវបាន​ប្រពន្ធ​គាត់​ប្រទះឃើញ​ហូរឈាម​ដាប​នៅមុខ​ទ្វារ​ចូលទៅ​ផ្ទះ​របស់គាត់ ហើយ​ស្លាប់​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​បន្ទាប់ពី​សរសេរ​អំពី​យន្តហោះ​យោធា​រុស្ស៊ី​ធ្លាក់​ក្នុង​ឆ្នាំ ២០១៦ លោក​បាប​ឆិ​ន​កូ​និយាយថា គាត់​បានទទួល​ការ​គំរាម​សម្លាប់ ហើយ​បាន​ចាក​ចេញពី​ប្រទេស​កំណើត​របស់គាត់​។​

​ដំបូង​គាត់​បាន​រើ​ទីលំនៅ​ទៅ​ក្រុង​ប្រាក និង​ក្រោយមក​ទៅ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​។ គាត់​គឺជា​អ្នក​រិះគន់​ឥត​សំចៃមាត់​ទៅលើ​រដ្ឋាភិបាល​ក្រឹម​ឡាំង​។​

​ដោយ​ធ្លាប់ជា​អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ក្នុង​សង្គ្រាម គាត់​បានធ្វើការ​នៅ​ទីក្រុង​កៀវ ជា​ពិធីករ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ATR TV របស់​អ៊ុយ​ក្រែ​ន​។​

​តើ​គេ​ដឹង​អ្វីខ្លះ​អំពី​ការសម្លាប់​នេះ​?

​ថ្លែង​ទៅកាន់​ប៊ី​ប៊ី​ស៊ី អ្នកនាំពាក្យ​ប៉ូលិស​អ៊ុយ​ក្រែ​ន​លោក យ៉ា​រ៉ូ​ស្លា​វ ត្រា​កា​ឡូ បានបញ្ជាក់​ពី​ការស្លាប់​របស់លោក​បាប​ឆិ​ន​កូ​។​

​តាម​សេចក្តីរាយការណ៍​នានា អ្នកកាសែត​រូបនេះ​ត្រូវគេ​បាញ់​ជាច្រើន​គ្រាប់​ពីក្រោយ​ខ្នង​។​

​មេ​ប៉ូលិស​ក្រុង​កៀវ​លោក អង់​ឌ្រី គ្រី​ស​ឆិ​ន​កូ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ពួកគេ​សង្ស័យថា​លោក​បាប​ឆិ​ន​កូ​ត្រូវគេ​សម្លាប់​ដោយសារតែ “​សកម្មភាព​វិជ្ជាជីវៈ​” របស់គាត់​។​

​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ឥឡូវនេះ​កំពុងតែ​ដំណើរការ​៕​ ដោយ៖ កញ្ញាដាលីស

លោក​បាប​ឆិ​ន​កូ​ត្រូវគេ​បាញ់​ស្លាប់​នៅមុខ​ផ្ទះ​របស់គាត់​កាលពី​ថ្ងៃ​អង្គារ