អ្នកកាសែត​រុស្ស៊ី​ដែល​គេ​បាញ់​ស្លាប់ បង្ហាញមុខ​ទាំង​រស់នៅ​សន្និសីទកាសែត

890
ចែករម្លែក
  • 89
    Shares

​សហការី​ដ៏​ស្រឡាំងកាំង​បាន​ទះដៃ​អបអរ​យ៉ាង​ភ្ញាក់ផ្អើល ខណៈដែល​អ្នកកាសែត​រុស្ស៊ី​លោក អាកា​ឌី បាប​ឆិ​ន​កូ (Arkady Babchenko) បាន​ដើរចូល​ទៅក្នុង​សន្និសីទកាសែត​ទាំង​រស់កាល​ពីថ្ងៃ​ពុធ​ទី​៣០​ឧសភា គឺ​មិន​ដល់​មួយថ្ងៃ​ផង បន្ទាប់ពី​ប៉ូលិស​នៅក្នុង​រដ្ឋធានី​អ៊ុយ​ក្រែ​ន​និយាយថា លោក​ត្រូវបាន​គេ​លប​ធ្វើឃាត​។​

​អាជ្ញាធរ​បាន​និយាយថា​ការស្លាប់​របស់គាត់​ត្រូវបាន​គេ​ប្រឌិត​ឡើង​ដើម្បី​បំផ្លាញ​ផែនការប្រមាញ់​ជីវិត​របស់គាត់​ពី​សំណាក់​ទីភ្នាក់ងារ​សន្តិសុខ​រប​ស់​ទីក្រុង​មូ​ស្គូ ហើយ​មនុស្ស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណីនេះ​។ រុស្ស៊ី​បាន​ថ្កោលទោស​ការសម្លាប់​ក្លែងក្លាយ​នេះ​គឺថា​ជាការ​ប៉ុនប៉ង​ដ៏​ចម្លែក​ក្នុងការ​បង្ខូចកេរ្តិ៍​ឈ្មោះ​ពី​សំណាក់​ប្រទេសជិតខាង​និង​សត្រូវ​របស់ខ្លួន​។​

​សូម្បី​ប្រពន្ធ​របស់លោក​បាប​ឆិ​ន​កូ​ក៏​មិន​បានដឹង​អំពី​ការបោកប្រាស់​នេះដែរ ហើយ​អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង អាយុ ៤១ ឆ្នាំ ដែល​បាន​ភៀសខ្លួន​ទៅ​អ៊ុយ​ក្រែ​ន​កាលពី ១៥ ខែ​មុន​រូបនេះ បាន​សុំទោស​នាង “​សម្រាប់​រឿងរ៉ាវ​ដ៏​តក់ស្លុត ដែល​នាង​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ​”​។​

​ទាំង​លោក​បាប​ឆិ​ន​កូ និង ប្រធាន​ទីភ្នាក់ងារ​សន្តិ​សុខ​អ៊ុយ​ក្រែ​ន​លោក វ៉ា​ស៊ី​ល ហ្គ្រី​ត​សាក់ (Vasyl Gritsak) មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ប្រតិ​ប​តិ្ត​ការបោកប្រាស់​នេះ ឬ ពី​របៀប​ដែល​គេ​បានធ្វើឱ្យ​ភរិយា​គាត់​ជឿថា គាត់​បាន​ស្លាប់​នោះទេ​។​

​មេ​ប៉ូលិស​ក្រុង​កៀវ លោក អង់​ឌ្រី គ្រី​ស​ឆិ​ន​កូ (Andriy Krishchenko) បានប្រកាស​អំពី​ការស្លាប់​របស់លោក​បាប​ឆិ​ន​កូ​កាលពី​ថ្ងៃ​អង្គារ ទី​២៩ ឧសភា ដោយ​និយាយថា​ប្រពន្ធ​របស់​អ្នកសារព័ត៌មាន​រូបនេះ​បាន​ប្រទះឃើញ គាត់​ហូរឈាម​នៅ​អគារ​ផ្ទះល្វែង​របស់​ពួកគេ​នៅ​ក្រុង​កៀវ ប៉ុន្តែ​គាត់​បាន​ស្លាប់​នៅតាម​ផ្លូវ​ទៅកាន់​មន្ទីរពេទ្យ​។ អ្នកតំណាងរាស្ត្រ លោក អាន​តុ​ន ជើ​រ៉ា​ស់​ឆិ​ន​កូ ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយថា ជន​វាយប្រហារ​បាន​រង់ចាំ​នៅលើ​ជណ្តើរ​មួយ​នៅក្នុង​អគារ ហើយ​បាញ់​លោក​បាប​ឆិ​ន​កូ​ជាច្រើន​គ្រាប់​ចំ​ខ្នង នៅពេល​គាត់​កំពុង​ចេញទៅ​ទិញ​នំ​បុ័ង​។​

​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ការបាញ់​នេះ​ត្រូវបាន​រាយការណ៍ លោក​បាប​ឆិ​ន​កូ​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា គាត់​ចាត់ទុក​ថ្ងៃនោះ​ថា​ជា “​ថ្ងៃកំណើត​ទី​២” ពីព្រោះ​វា​ជា​ខួប​ទី​៤​នៃ​កា​រខក​ជើងហោះហើរ​លើ​ឧ​ទ្ធ​ម្ភា​ចក្រ​យោធា​អ៊ុយ​ក្រែ​ន​មួយគ្រឿង ដែល​គេ​បាញ់​ធ្លាក់​ក្នុង​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី នៅ​ភាគ​ខាងកើត​ប្រទេស​។

​នៅពេល​ចាប់ផ្តើម​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ លោក​ហ្គ្រី​ត​សាក់ បានប្រកាសថា ករណី​ឃាតកម្ម​លើ​អ្នកកាសែត​រូបនេះ​ត្រូវបាន​ដោះស្រាយ ហើយ​បាន​ហៅ​វា​ជា ថ្ងៃ​ខួបកំណើត​ទី ៣ របស់លោក​បាប​ឆិ​ន​កូ​។​

​លោក​បាប​ឆិ​ន​កូ​ដែល​ពាក់​អាវខ្មៅ បាន​ដើរចូល​បន្ទប់ ខណៈដែល​អ្នកកាសែត​ដទៃទៀត​បាន​ស្រែក​ហ៊ោ​ទាំង​ភ្ញាក់ផ្អើល និង​ទះដៃ​យ៉ាង​កងរំពង​។​

​លោក​បាប​ឆិ​ន​កូ​និយាយ​ទាំង​ទឹកមុខ​ស្ងួត​ថា “​ខ្ញុំ​នៅមាន​ជីវិត​នៅឡើយ​” ។ បន្ទាប់មក​គាត់​បាន​សុំទោស​ចំពោះ​ការបោកប្រាស់​មួយ​នេះ​។​

​គាត់​បាន​បន្ថែមថា “​ខ្ញុំ​ដឹង​អំពី​អារម្មណ៍​ឈឺចាប់​មួយ​នេះ នៅពេល​អ្នក​បញ្ចុះ​សាកសព​មិត្ត​រួមការ​ងារ​” ។​

​សន្និសីទ​សារព័ត៌មាន​នេះ​បាន​បង្កើត​នូវ​អារម្មណ៍​រំជើបរំជួល​យ៉ាងខ្លាំង​។​

​អ្នកកាសែត​ឯករាជ្យ ឈ្មោះ សឺ​អ៊ី នូ​ញ​និ​ន​កូ បាន​និយាយថា “​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ​ក្រោយមក​អារម្មណ៍​នៃ​ភាព​រីករាយ​បាន​ផ្ទុះឡើង​”​។​

​គេ​ក៏​មិនដឹង​ប្រាកដ​នោះដែរ​ថា​ហេតុអ្វី​បានជា​អាជ្ញាធរ​ធ្វើ​ដល់​ថ្នាក់​នេះ​ដើម្បីឱ្យ​មើលទៅ​ដូចជា​លោក​បាប​ឆិ​ន​កូ​បាន​ស្លាប់​ទៅហើយ​។

​លោក​ហ្គ្រី​ត​សាក់​និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​បានកំណត់​អត្តសញ្ញាណ​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ ដែល​ស៊ីលុយ ៤០.០០០ ដុល្លារ​ពី​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី ដើម្បី​រៀបចំ​ការបោកប្រាស់​អំពី​ការស្លាប់​របស់លោក​បាប​ឆិ​ន​កូ​។ ជន​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​ឥឡូវ​ត្រូវបាន​ឃុំខ្លួន​ហើយ​៕ ដោយ៖ កញ្ញាដាលីស

លោក​បាប​ឆិ​ន​កូ​បង្ហាញមុខ​ទាំង​រស់នៅ​សន្និសីទកាសែត
#