អ្នកកាសែត​ស្រីលង្កា​ជាប់​នៅ​កណ្តាល​នៃ​ការតស៊ូ​អំណាច​នាយករដ្ឋមន្ត្រី​

2559
ចែករម្លែក

ពួកអ្នកកាសែតស្រីលង្កាបានក្លាយជាជាប់នៅកណ្តាលជម្លោះដណ្តើមអំណាចដ៏ជូរចត់រវាងនាយករដ្ឋមន្រ្តីប្រជែងគ្នារបស់ប្រទេស ជាហេតុនាំអោយអង្គការកាសែតអន្តរជាតិមួយកាលពីថ្ងៃពុធទី៣១តុលាបានអំពាវនាវអោយអាជ្ញាធរធានាសុវត្ថិភាពរបស់ពួកគេ។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន(RSF)បាននិយាយថា អ្នកគាំទ្ររបស់អតីតប្រធានាធិបតី ម៉ាហ៊ិនដា រ៉ាចាប៉ាកសា(Mahinda Rajapaksa)បានសំរុកចូលក្នុងអង្គភាពសារព័ត៌មានជាច្រើនបន្ទាប់ពីលោកត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីដ៏ចម្រូងចម្រាសកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីដែលត្រូវប្រធានាធិបតីបណ្តេញចេញពីតំណែង លោករ៉ានីល វិកក្រេមមេស៊ីងហេ(Ranil Wickremesinghe)មិនព្រមប្រគល់អំណាច ដោយសំអាងថាការបណ្តេញរូបលោកខុសនឹងរដ្ឋធម្មនុញ្ញ។

RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា« អំពើហិង្សាដែលមនុស្សរបស់លោកម៉ាហ៊ិនដា រ៉ាចាប៉ាកសា ចូលកាន់កាប់សារព័ត៌មានរដ្ឋជាការមិនអាចទទួលយកបានទាំងស្រុង។យើងអំពាវនាវអោយគ្រប់ភាគីប្រព្រឹត្តអោយមានការទទួលខុសត្រូវដោយធានាសុវត្ថិភាពអ្នកកាសែតនិងគោរពភាពឯករាជ្យនៃការនិពន្ធអត្ថបទរបស់គេដើម្បីអោយព័ត៌មានអព្យាក្រិតមិនលម្អៀងចូលទៅដល់សារធារណជន»។

RSFបាននិយាយថា នៅពេលតែប៉ុន្មាននាទីក្រោយលោក រ៉ាចាប៉ាកសា ស្បថចូលកាន់តំណែង សកម្មជនគណបក្សSLPPរបស់លោកបានចូលលុកលុយបន្ទប់ផ្សាយព័ត៌មាននៃសារព័ត៌មានរដ្ឋនានា។ពួកគេចូលកាន់កាប់ស្ថានីយទូរទស្សន៍រដ្ឋពីរ ស្ថានីយវិទ្យុនិងក្រុមសារព័ត៌មានLake Houseនិងបានបញ្ជាអោយអ្នកចេញផ្សាយប្តូរអត្ថបទសំរាប់លេខចេញផ្សាយបន្ទាប់។

ពិនិត្យទិដ្ឋភាពជារួម សារព័ត៌មានរដ្ឋឥឡូវក្លាយជាឧបករណ៍គាំទ្រលោករ៉ាចាប៉ាកសា ខណៈសារព័ត៌មានឯកជននៅចុះផ្សាយគាំទ្រលោកវិកក្រេមមេស៊ីងហេ។

RSFបាននិយាយថា វិបត្តិរដ្ឋធម្មនុញ្ញនេះរំលឹកដល់ពេលដ៏ខ្មៅងងឹតក្នុងអំឡុងពេលលោករ៉ាចាប៉ាកសាកាន់តំណែងប្រធានាធិបតីឆ្នាំ២០០៥-២០១៥។ក្នុងអំឡុងការកាន់អំណាចរបស់លោក អ្នកកាសែតនិងបុគ្គលិកសារព័ត៌មាន១៧នាក់ត្រូវបានសម្លាប់។

នៅឆ្នាំ២០១៥ លោកវិកក្រេមមេស៊ីងហេបានជួយអោយប្រធានាធិបតីបច្ចុប្បន្នលោកស៊ីរីសេណាឈ្នះលោករ៉ាចាប៉ាកសា តែអ្នកទាំង២បានឃ្លាតចាកឆ្ងាយពីគ្នាដោយសារគោលនយោបាយម្ខាងគាំទ្រឥណ្ឌា ម្ខាងគាំទ្រចិន និងការប៉ះទង្គិចបុគ្គល។

ប្រភពព័ត៌មានបាននិយាយថា ប្រធានសភាត្រូវសុំជួបប្រធានាធិបតីនៅថ្ងៃពុធដើម្បីព្យាយាមពន្យល់លោកប្រធានាធិបតីអោយបញ្ចប់ការព្យួរសភាដើម្បីពួកសមាជិកសភាអាចបោះឆ្នោតថាតើនាយករដ្ឋមន្រ្តីណាមួយដែលពួកគេគាំទ្រ តែទោះជាយ៉ាងណាការកោះប្រជុំសភាពេលនេះទំនងជាលំបាកដោយសារ សភាបានប្រឆាំងនឹងការបណ្តេញនាយករដ្ឋមន្រ្តីចាស់ទើបប្រធានាធិបតីសំរេចព្យួរសភាតែម្តង។តាមពិតសមាជិកសភាគាំទ្រនាយករដ្ឋមន្រ្តីដែលត្រូវបណ្តេញចេញពីតំណែងមានចំនួនច្រើនជាងសមាជិកសភាមកពីក្រុមប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីថ្មីបូករួមគ្នា។

​ប្រធានាធិបតី​ស្រីលង្កា​លោកក៏ កំពុងស្ថិត​នៅក្រោម​ការ​គាបសង្កត់​កាន់តែខ្លាំង​ឡើង ដើម្បីឱ្យ​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ​និង​បើក​ការប្រជុំ​សភា​​ឡើង​ង​វិញ​បន្ទាប់ពី​លោក​ក្នុងការ​ដាក់ជំនួស​នាយ​ក​រដ្ឋមន្ត្រី​ថ្មី​ដែល​បាន​បង្កឱ្យមាន​ចលាចល​នយោបាយ​។​

សូមបញ្ជាក់ថា ​ប្រទេស​ស្រីលង្កា​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅពេលដែល លោកម៉ាយធ្រីប៉ាឡា ស៊ីរីសេណា​ដកតំណែង​នាយករដ្ឋមន្ត្រី ពី​លោករ៉ានីល វិកក្រេមមេស៊ីងហេ ហើយ​បានឱ្យ​លោករ៉ាចាប៉ាកសា អតីត​ប្រធានាធិបតី​ស្បថ​ចូលកាន់​តំណែង​ជំនួស​។

​លោក វិកក្រេមមេស៊ីងហេ បាន​និយាយថា ការបណ្តេញ​លោក​ចេញពី​តំណែង​នេះ គឺ​ខុសច្បាប់​និង​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​និង​អះអាងថា​លោក​នៅតែ​ជា​​នាយករដ្ឋមន្ត្រី​ដែលនាំឱ្យ​មានការ​ប្រឈមមុខ​គ្នា​រវាង​គណបក្ស​រប​ស់លោក​និង​សហជីព​ការងារ​ដែល​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី​។

​វិបត្តិ​នេះ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​សមរភូមិ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​នៅ​អាស៊ី​ខាងត្បូង​នេះ​រវាង​ឥណ្ឌា​ដែលជា​សម្ពន្ធមិត្ត​ជា​យូរអង្វែង​របស់​ស្រីលង្កា​និង​ចិន​​ដែលជា​ប្រទេសមួយ ដែល​កំពុងតែ​ដើរតួនាទី​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​នេះ​៕ដោយ៖វាសនា

ពួកអ្នកគាំទ្រនាយករដ្ឋមន្រ្តីត្រូវបណ្តេញចេញពីតំណែង នាំគ្នាចេញមកតាមដងផ្លូវនៃក្រុងកូឡុំបូកាលពីថ្ងៃ៣០តុលាដោយស្រែកថ្កោលទោសការបណ្តេញរូបលោកនិង ទាមទារអោយប្រធានាធិបតីកោះប្រជុំសភាឡើងវិញ

លោកម៉ាហ៊ិនដា រ៉ាចាប៉ាក ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីកាលពីថ្ងៃ២៩តុលា

លោករ៉ានីល វិកក្រេមមេស៊ីងហេ មិនព្រមចេញពីតំណែង