អ្នកកាសែត ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ នឹង​ទទួល​មេធាវី​ការពារ​ក្តី​!

179
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន ជួបប្រជុំ​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ដោយ​លោក​មេធាវី គី តិច ដើម្បី​រៀបចំ​ផែនការ​ដំណើការ​ការពារ​ក្តី ជូន​អ្នកសារព័ត៌មាន ដែល​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ពិតប្រាកដ គឺជា​អ្នកសារព័ត៌មាន ដែល​ធ្វើការ​ក្រោម​អង្គភាព​ព័ត៌មាន ដែល​បាន​ចុះបញ្ជី នៅ​ក្រសួង​ព័ត៌មាន និង​ទទួលស្គាល់ ដោយ​ច្បាប់​ត្រឹមត្រូវ​។ ចំណែក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែលមាន​ត្រឹមតែ​ទូរស័ព្ទ​មួយ​ ហើយ​តាំងខ្លួន​ថាជា​អ្នកសារព័ត៌មាន គឺ​អ្នកនោះ មិនមែនជា​អ្នកសារព័ត៌មាន​ទេ​។​
​ ​
​លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា អ្នកសារព័ត៌មាន ដែល​ធ្វើការ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ពេល​ផ្សព្វផ្សាយ​ទៅ ត្រូវគេ​ប្តឹង នឹងត្រូវ​បានទទួល​សិទ្ធិ​ការពារ​ក្តី​ពី​មេធាវី​សម្តេច​តេ​ជោ​។ ដោយឡែក​សម្រាប់​អ្នកលេង Facebook បើសិនជា​ធ្វើ​អត្ថាធិប្បាយប៉ះពាល់​អ្នកដទៃ​ ហើយត្រូវគេ​ប្តឹង​នោះ នឹងមិន​ត្រូវ​ទទួលបាន​សិទ្ធិ​នេះឡើយ ដោយសារ​ពួកគេ​មិនមែនជា​អ្នកសារព័ត៌មាន​ទេ​។​

​លោក គី តិច បាន​បញ្ជាក់ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចាប់ផ្តើម​បើកទទួល​ការពារសិទ្ធិ​អ្នកព័ត៌មាន​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃនេះ​តទៅ​។ សម្រាប់​អ្នកព័ត៌មាន​ដែល​ធ្វើការ​តាម​ក្រមសីលធម៌​វី​ជ្ជា​ជីវៈ ប៉ុន្តែ​ត្រូវគេ​ប្តឹង បើ​ត្រូវការ​មេធាវី​ស្ម័គ្រចិត្តសម្តេច​តេ​ជោឲ្យ​ជួយ​ការពារ​ក្តី តែ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ក្រសួង​ព័ត៌មាន ជាមុនសិន​។​

​សូមជម្រាបថា ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​សម្រេច​ផ្តល់​មេធាវី​ស្ម័គ្រចិត្ត របស់​សម្តេច ឲ្យ​ជួយ​ការពារ​ក្តីសម្រាប់​អ្នកសារព័ត៌មាន ដែល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយពេល​ផ្សាយ​ទៅ ត្រូវគេ​ប្តឹង​។

​ការសម្រេច​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ស្នើសុំ​ពីលោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ ប៉ុន្តែ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់សម្តេចដែល​ដឹកនាំ​ដោយ​លោក​មេធាវី គី តិច ការពារ​ក្តី​អ្នកសារព័ត៌មាន​ដោយ​ពិនិត្យ​លើអង្គហេតុ និង​អង្គច្បាប់​។ ពោលគឺ​ក្រុម​មេធាវី​សម្តេច នឹងមិន​ទទួលយក​ការស្នើសុំ​ការពារ​ក្តីពី​អ្នកសារព័ត៌មាន​ណា ដែល​ផ្សាយ​ព័ត៌មានមិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ផ្សាយព័ត៌មាន​បំភ្លៃ​ការពិត ជាដើម​។

​សម្តេច​តេ​ជោ ក៏បានផ្តល់​នូវ​យ័ន្ត​ការពារ​មួយ​ដល់​អ្នកសារព័ត៌មាន គឺ «​ធ្វើជា​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ និង​កុំ​បំភ្លៃ​ការពិត​»​។​

​ការប្រឹងប្រែង​របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមទាំង​លោក​មេធាវី គី តិច ដើម្បី​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនេះ នឹង​ផ្តល់​ផលប្រយោជន៍សម្រាប់​អ្នកសារព័ត៌មាន រាប់ពាន់នាក់ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​ជាងនេះទៅទៀត បើសិនជា​អ្នកសារព័ត៌មាន ដែល​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ឆ្លងកាត់​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​មែន​នោះ គឺ​ស្ទើរតែ​មិនមាន​ក្តីក្តាំ​ឡើង​តុលាការ​ឡើយ​។ អ្នកសារព័ត៌មាន​ម្នាក់ៗ ត្រូវតែ​គោរព​នូវ​គោលការណ៍​មូលដ្ឋាន​របស់ខ្លួន គឺ​ការពិត ឥត​លម្អៀង និង​មាន​តុល្យភាព​។

​ជាមួយគ្នានេះ បើសិន​អ្នកសារព័ត៌មាន​នឹក​ដល់​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​ខ្លួន ដែលសម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ឱ្យ​កាលពី​ថ្ងៃទី​១៤​មករា ឆ្នាំ​២០២០ គឺ “​ធ្វើជា​អ្នក​សារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ និង​កុំ​បំភ្លៃ​ការពិត​» នោះ​ក៏​កាន់តែ​មិនមាន​បញ្ហា​អ្វី​សោះ ក្នុង​កិច្ចការងារ​ប្រកប​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន​។​

​ក្នុងសង្គម​កម្ពុជា រាប់​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មកដល់​សព្វថ្ងៃ ស្ថាប័ន​សារព័ត៌មាន​ដែល​វិជ្ជា ជីវៈ​ក្រមសីលធម៌​ត្រឹមត្រូវ ស្ទើរតែ​មិនមាន​អ្នកសារព័ត៌មាន​ណា​ម្នាក់ ត្រូវបាន​គេ​ប្តឹង​ឡើង តុលាការ​នោះទេ​។ បើ​មាន​ក៏​តិចតួច ហើយ​សុទ្ធតែជា​សំណុំរឿងរ​ស៊ើប បែប​នយោបាយ​។​

​ជាមួយគ្នានេះ ប្រទេស​កម្ពុជា​យើង ក៏មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​កំពុង​នៅ​ជា ធរមាន អនុវត្ត ហើយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ឲ្យ​ធ្វើ​វិសោធនកម្ម កែប្រែ​មាត្រា​មួយចំនួន ដើម្បី​ឲ្យ​ស្របតាម​ស្ថានភាព​សង្គម​កម្ពុជា បច្ចុប្បន្ន​។ ដូច្នេះ​បើ​គ្រាន់តែ យើង​អនុវត្ត​នូវ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដូចដែល​ក្រសួង​ស្ថាប័ន​នានា ធ្លាប់​បានធ្វើ​កន្លងមក នោះ​អ្នកសារព័ត៌មាន​យើង នឹងមិន​ត្រូវគេ​ប្តឹង​ឡើង​តុលាការ​នោះទេ​។ ពោលគឺ​បើសិនជា ស្ថាប័ន​អង្គភាព​សារព័ត៌មាន​ណាមួយចុះផ្សាយ​ដោយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ឬ​ខុស ពី​ការពិត លើ​ភាគី​ណាមួយនោះ ​បុគ្គល ឬ​ភាគី​នោះមាន​សិទ្ធិ​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាននោះ ចុះផ្សាយ​កែតម្រូវ ឬ​ស្រាយ​បំភ្លឺ​លើ​អត្ថបទ​មុន ដូច​អ្វីដែល​អង្គភាព​សារព័ត៌មាន កាសែត​នានា បានធ្វើ​កន្លងមក​។​

​ជារួម ការដាក់​ឲ្យ​ដំណើរការ​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ ដើម្បី​ការពារ​ក្តី​ដល់​អ្នក​សារព័ត៌មាន នាពេលនេះ គឺជា​កាដូ​ឆ្នាំ​ថ្មី​មួយទៀត សម្រាប់​អ្នកសារព័ត៌មាន​។​ប៉ុន្តែ​អ្នកសារព័ត៌មានខ្លួនឯង ក៏​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន​ជាប់​ជាប្រចាំ​។​

​ក្នុងនោះ ក្រសួង​ព័ត៌មាន ក៏​គួរតែ​ពិនិត្យ​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន និង​អ្នកសារព័ត៌មាន អន​ឡាញ​មួយចំនួន ដែល​បាន​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ដោយសារតែ​ក្រសួង​ព័ត៌មាន បានអនុញ្ញាត​ច្បាប់ ចុះបញ្ជី និង​ចេញ​កាត​ឲ្យ​ត្រឹមត្រូវ​កន្លងមក​។ ក្រសួងគួរតែមាន​វគ្គប​ណ្តុះបណ្តាល​ដល់​អ្នកសារព័ត៌មាន​ថ្មី​​ទាំងនោះ ហើយ​បើ​ឃើញ​មិន​ស្រួល ផ្សាយ​ខុស​ក្រមសីលធម៌ វិជ្ជាជីវៈ ក្រសួង​គួរ​ហៅ​អ្នកសារព័ត៌មាន​នោះ និង​អង្គភាព​សារព័ត៌មាន​នោះ មកជួប ណែនាំ អប់រំ និង​បណ្តុះបណ្តាល ហើយ​បើ​នៅតែ​មិន​ស្តាប់ គួរតែ​ព្រមាន​ម្តង​ជា​ពីរដង និង​នៅ តែ​បំពាន​ទៀត ក៏​គួរតែ​ដក​អាជ្ញាប័ណ្ណ ឈប់​ឲ្យ​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន ដែល​គ្មាន​វិជ្ជាជីវៈ​នោះ ប្រកបរ​បរជា​អ្នកសារព័ត៌មាន​តទៅទៀត​។ យើង​ធ្វើ​ដូច្នេះ ដើម្បី​កុំ​ឲ្យ ខូច​ដល់​ឈ្មោះ​អ្នកសារព័ត៌មាន​ត្រឹមត្រូវ​ដទៃទៀត​។ នៅពេលនេះ​យើង​លែង​ត្រូវការ​បរិមាណហើយ តែ​យើង​គួរតែ​សម្រិតសម្រាំង​លើ​គុណភាព​វិញ​ម្តង​៕ ដោយៈ​ម៉េង​ឆៃ/Ha